លោក​រដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​សិស្ស​ចាប់​យក​ជំនាញ​វិទ្យាសាស្ត្រ​ពិត​ ស្របតាម​តម្រូវការ​ការងារ​

លោក​រដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​សិស្ស​ចាប់​យក​ជំនាញ​វិទ្យាសាស្ត្រ​ពិត​ ស្របតាម​តម្រូវការ​ការងារ​



ភ្នំពេញ ​៖ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ជំរុញ ​និង​លើក​ទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ជ្រើស​យក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា ស្តេ​ម (STEM) បន្ថែម​ទៀត នៅពេល​ពួកគេ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ដោយសារ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស កំពុង​ខ្វះខាត​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។​

ការជំរុញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន ធ្វើឡើង​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី​៧ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រៀបចំ​ដោយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក​។​

មន្ត្រី​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក លោក ជេ រ៉ា​មេន (Jay Raman) ឲ្យ​ដឹង​នៅ​ក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​២០១៦​ ដែល​ផ្ដោត​លើ​ជំនាញ​ ស្ដេ​ម (STEM) នេះ ថា ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និស្សិត​ដែល​ជ្រើស​យក​ជំនាញ​ផ្នែក​ស្ដេ​ម (STEM) តែ​ង​ទទួល​បាន​អាទិភាព​។​

លោក​បន្ត​ថា «​ប្រាកដ​ណាស់ យើង​ចាត់ទុក​ផ្នែក​ស្តេ​ម (STEM) នេះ ជា​វិស័យ​អាទិភាព​បំផុត​។ សំ​ខា​ន់​បំផុត យើង​ស្វែងរក​សិស្ស​និស្សិត​ដែល​រៀន​ពូកែ គឺ​សិស្ស​និស្សិត​ដែល​ឆ្នើម ហើយ​នឹង​អាច​យក​ចំ​ណេះ​ជំនាញ​ ដែល​ទទួល​បាន​នោះ មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​បើសិនជា​យើង​មើលឃើញ​សិ​ស្ស​និស្សិត​ណា​ដែល​ជ្រើស​យក​ជំនាញ​ផ្នែក​ស្តេ​ម (STEM) ជាពិសេស​សិស្ស​នារី ពួកគេ​ប្រាកដជា​ទទួល​បាន​ការ​យកចិត្តទុកដាក់​ពី​យើង​»​។​

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កំណែ​ទម្រង់​ទាំង​កម្មវិធីសិក្សា ការ​បណ្ដុះបណ្ដាល​ធនធាន​គ្រូ​ក្នុង​ជំនាញ​នេះ និង​ទំនើបកម្ម​សម្ភារៈ​សិក្សា ប៉ុន្តែ​កង្វះខាត​ថវិកា​ជា​បញ្ហា​ប្រឈម​ចម្បង​។​ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​យើង​ឲ្យ​សាលា​ទាំងអស់ ឲ្យ​វា​ខ្លាំង​ទាំងអស់​អត់​ទាន់​បានទេ​។ អ៊ីចឹង​ហើយ​យើង​ផ្ដោត​តាម​សាលា​មួយៗ​។ នៅ​ថ្ងៃទី​២៣ ខាង​មុ​ខ​នេះ យើង​នឹង​សម្ពោធ​សាលា​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ កន្លែង​ហ្នឹង​គឺ​មាន​សម្ភារៈ​ទំនើប ហើយ​យើង​នឹង​បង្កើត​ឲ្យ​គ្រប់​ខេត្ត​-​ក្រុង​ឲ្យ​មាន​សាលា​ហ្នឹង​»​។​

លោក​បណ្ឌិត ​ហង់​ ជួនណា​រ៉ុ​ន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទោះបីជា​ក្រសួង​កំពុង​តម្រង់​ទិស​សិស្ស​តាំង​ពី​កម្រិត​បឋមសិក្សា មក​ផ្ដោត​លើ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ក្ដី ក៏​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​តែ​មាន​សារសំខាន់​ដែរ ដរាបណា​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​សិស្ស​។ ​លោក​ថា «​សិស្ស​រៀន​ជំនាញ​អី​ក៏​បាន​ដែរ ប៉ុន្តែ​ជំនាញ​ហ្នឹង​ត្រូវតែ​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​។ មូលហេតុ​អី​ដែល​យើង​សង្កត់​ធ្ងន់​លើ​ស្តេ​ម (STEM) ដោយសារ​អា​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​ហ្នឹង​វា​ច្រើនពេក ហើយ​ដល់ពេល​ជំនា​ញ​វិទ្យាសាស្ត្រ​ពិត​នោះ​តិច​។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​មាន​អតុល្យភាព​»​។​

គួរ​បញ្ជាក់​ថា ​តាម​តួលេខ​ឆ្នាំ​២០១៤ របស់​ក្រសួង​អប់រំ​បង្ហាញថា ក្នុងចំណោម​និស្សិត​សរុប​ចំនួន ២៥​ម៉ឺន​នាក់ មាន​និស្សិត​ប្រមាណ​៣​ភាគរយ​ប៉ុណ្ណោះ ​ដែល​បាន​បញ្ចប់​ការសិក្សា​មុខជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​៕

លោក​រដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​សិស្ស​ចាប់​យក​ជំនាញ​វិទ្យាសាស្ត្រ​ពិត​ ស្របតាម​តម្រូវការ​ការងារ​