ក្រសួងធនធានទឹកព្យាករណ៍ថា នៅរសៀលថ្ងៃនេះ មានភាគរយភ្លៀងធ្លាក់ខ្ពស់, សូមឲ្យអ្នកចូលរួមទស្សនា បាល់ទាត់ត្រៀមអាវភ្លៀង ជៀសវាងផ្អើលអាច មានគ្រោះថ្នាក់

(ភ្នំពេញ)៖ នៅវេលាម៉ោង៧យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នឹងមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាសីុ AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិចិនតៃបិុ (China Taipei) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលគេរំពឹងថា នឹងមានអ្នកចូលរួម ទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ជាមួយចំនួនមនុស្សរាប់មឺុននាក់​​ ដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នាព្រលប់ថ្ងៃនេះ ខាងក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅរសៀលថ្ងៃនេះ ភាគរយនៃការធ្លាក់ភ្លៀង នឹងកើតឡើងខ្ពស់ ដូច្នេះក្រសួងធនធានទឹក សូមជូនដំណឹងទុកជាមុន ដើម្បីឲ្យអ្នកចូលរួមទស្សនា អាចត្រៀមអាវភ្លៀង ចៀសវាងការផ្អើកឈូរឆរ អាចនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះតែចំនួនមនុស្ស ច្រើនពេក ហើយអាចនាំគ្នារត់នៅពេលមេឃធ្លាក់ភ្លៀង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «បញ្ហាសំខាន់គឺទាញអារម្មណ៍ឲ្យបានដឹងមុន ព្រោះមនុស្សពេញស្តាត បើផ្អើលនឹងភ្លៀងធ្លាក់ដំបូងហើយរត់ឈូរឆរ យើងមិនដឹងថា មានអ្វីខ្លះត្រូវកើតឡើងទេ ម្យ៉ាងវិញទៀត សម្រាប់រាជធានីភ្នំពេញ នឹងមានភាគរយនៃការភ្លៀងខ្ពស់ នៅរសៀលនេះ»។

លោក ចាន់ យុត្ថា បានថ្លែងថា បើគ្មានភ្លៀង គឺជាធម្មតា តែតាមការព្យាករណ៍នោះ បង្ហាញថា នឹងមានភ្លៀងធ្លាក់ ចឹងគួរអ្នកចូលរួមទស្សនាកុំភ្ញាក់ផ្អើល នាំគ្នារត់ដែលអាចបង្កគ្រោះថ្នាក់ពីព្រោះ មនុស្សច្រើនណាស់ ដែលនឹងចូលរួមទស្សនានោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងការព្យាករណ៏អាកាសធាតុនេះដែរ​ គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញពីសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន

-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន

-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹកព្យាករណ៍ថា នៅរសៀលថ្ងៃនេះ មានភាគរយភ្លៀងធ្លាក់ខ្ពស់, សូមឲ្យអ្នកចូលរួមទស្សនា បាល់ទាត់ត្រៀមអាវភ្លៀង ជៀសវាងផ្អើលអាច មានគ្រោះថ្នាក់

ក្រសួងធនធានទឹកព្យាករណ៍ថា នៅរសៀលថ្ងៃនេះ មានភាគរយភ្លៀងធ្លាក់ខ្ពស់, សូមឲ្យអ្នកចូលរួមទស្សនា បាល់ទាត់ត្រៀមអាវភ្លៀង ជៀសវាងផ្អើលអាច មានគ្រោះថ្នាក់