ស៊ន សៀវ​ម៉ី បង្ហោះ​រូប​ស្រស់ស្រាយ​ពី​ប្រទេស​កូរ៉េ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​១៨ ឧសភា ម្ល៉េះ ដែល​កីឡាការិនី​ល្បីឈ្មោះ ស៊ន សៀវ​ម៉ី និង​មនុស្ស​២​នាក់​ទៀត គឺ​គ្រូបង្វឹក​របស់​នាង និង​កីឡាការិនី​តេ​ក្វា​ន់​ដូ​ម្នាក់​ទៀត​បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​គម្រោង​ហ្វឹកហាត់​។ បើ​ទោះបីជា​មាន​ដំណឹង​ថា ស៊ន សៀវ​ម៉ី ភិតភ័យ​រឿង​ទៅ​ហ្វឹកហាត់​ក្នុង​រយៈពេល​ខ្លី​មុន​ចេញ​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក​នោះ​ក៏​ដោយ ក៏​នាង​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ជំនឿ​ចិត្ត និង​ភាព​ស្រស់ស្រាយ​ពី​ប្រទេស​កូរ៉េ ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​ទំនុកចិត្ត​សម្រាប់​ការ​ហ្វឹកហាត់​របស់​នាង​ផង​ដែរ ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស៊ន សៀវ​ម៉ី នាង​បាន​បង្ហោះ​ថា នាង​ពិតជា​មាន​អារម្មណ៍​ស្រស់ស្រាយ និង​មោទនភាព​យ៉ាង​ខ្លាំង​ពេល​បាន​មក​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​លើក​នេះ​។ ជាមួយនឹង​ស្នាមញញឹម​ដែល​ផ្ទុយ​ពី​ក្ដី​បារម្ភ​របស់​នាង​មុន​ពេល​ចាកចេញ កីឡាការិនី​រូប​នេះ​ក៏​បាន​សម្ញែង​សកម្មភាព​លម្ហែកាយ​ក្រោយ​ពេល​ហ្វឹកហាត់ ដែល​មាន​ន័យ​ថា គម្រោង​ត្រៀមខ្លួន​របស់​នាង​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក គឺ​មិនមែន​ចេញ​ប្រកួត​ដោយ​ភាព​ស្ទាក់ស្ទើរ​នោះ​ទេ​។ រូបថត​ជា​ច្រើន​សន្លឹក​មិន​ត្រឹមតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​អារម្មណ៍​ស្រឡះ​មុខ​ក្នុង​គម្រោង​ហ្វឹកហាត់​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​ស្ដែង​ឱ្យ​ឃើញ​នូវ​សម្រស់​ផូរផង់​របស់​នាង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ។ គេ​មិន​ទាន់​ច្បាស់​ថា លទ្ធផល​ដែល​ស៊ន សៀវ​ម៉ី ដណ្ដើម​បាន​ពី​ការ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក នឹង​មាន​កម្រិត​ណា​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ចំនួន​៥​រូប​ដែល​មានឈ្មោះ​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក នៅ​ខែកញ្ញា ឆ្នាំ​២០១៦​នោះ គឺ​នាង​ជា​បេ​ក្ខ​នារី​ដែល​មហាជន​ខ្មែរ​ជឿជាក់​ជាងគេ ។

ទោះបី​យ៉ាងណា គេ​ឃើញ​កីឡាការិនី​រូប​នេះ មិន​ហ៊ាន​សង្ឃឹម​ច្រើន​ទេ ដោយ​គ្រាន់តែ​អះអាង​ថា នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​ប៉ុណ្ណោះ ។ ជា​ពិសេស​នៅ​ពេល​ដែល​នាង​បាន​សារភាព​ថា ខ្លួន​ខ្សោយកម្លាំង និង​មិន​ទាន់​ចេះ​ប្រមូល​កម្លាំង​ឱ្យ​បាន​ល្អ​នៅឡើយ ដែល​ក្រៅពី​ការ​ហ្វឹកហាត់ នាង​ក៏​ត្រូវធ្វើ​ចិត្ត​ឱ្យ​សប្បាយ​ៗ និង​ចេះ​ធ្វើ​សមាធិ​ផង ដើម្បី​ប្រមូល​កម្លាំង​ត្រៀម​ចូល​សង្វៀន ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា ស៊ន សៀវ​ម៉ី គួរតែ​មាន​រយៈពេល​៦​ខែ​ក្នុង​ការ​ហ្វឹកហាត់​ទើប​ល្អ​គ្រប់គ្រាន់ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។ នោះ​គឺ​ដោយសារ​តែ​នាង​មិន​គ្រាន់តែ​ហ្វឹកហាត់​ពី​បច្ចេកទេស​សម្រាប់​ការ​ប្រកួត​មួយ​មុខ​នោះ​ទេ ពោល​គឺ​ត្រូវ​ចំណាយពេល​រៀន​ធ្វើ​សមាធិ​ដើម្បី​ឱ្យ​ចេះ​ប្រមូល​កម្លាំង​ឱ្យ​សម​នឹង​បច្ចេកទេស​ដែល​ទទួល​បាន​នោះ​ទៀត​។ លោក​ថា សៀ​ម៉ី កម្លាំង​ល្អ​បច្ចេកទេស​ក៏​មិន​អន់ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុចខ្សោយ​របស់​នាង គឺ​នាង​មិន​ទាន់​ចេះ​ពី​របៀប​ប្រមូល​កម្លាំង​ដែល​អាច​បណ្ដាល​មក​ពី​មិន​ទាន់​ចេះ​ប្រើ​សមាធិ​នៅ​ក្នុង​ពេល​ប្រកួត​នោះ​តែ​ប៉ុណ្ណោះ ។ លោក​ថា នេះ​ជា​បញ្ហា​ដែល​បាន​កើតឡើង​មក​លើ​កីឡាករ​សឹងតែ​គ្រប់​គ្នា​មិន​ដែល​ខាន ជា​ពិសេស​ចំពោះ​កីឡាករ​ឬ​អត្ត​ព​លិ​ក​រូប​ណា​ដែល​អរ​ពេក ភ័យ​ពេក​នៅ​មុន​ពេល​ប្រកួត និង​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​នៅ​មុន​ពេល​ហ្វឹកហាត់​នោះ​តែ​ម្ដង ។ លោក​ថា សៀវ​ម៉ី បើ​មាន​ពេល​គ្រប់គ្រាន់ ហើយ​មាន​គ្រូ​ជំនាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ជួយ​បង្ហាត់​ពី​របៀប​គ្រប់គ្រង​អារម្មណ៍ និង​ចេះ​ប្រមូល​កម្លាំង​នោះ លោក​ថា នាង​គឺជា​ក្ដី​សង្ឃឹម​សំខាន់​មួយ​សម្រាប់​កម្ពុជា ។

យ៉ាងណា​ក៏​ដោយ ផ្អែក​តាម​រូបភាព​ស្រស់ស្រាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក គេ​ប៉ាន់​ស្មានថា ការ​ហ្វឹកហាត់​របស់​នាង​នៅ​ក្នុង​ប្រទេស​កូរ៉េ ទទួល​បាន​លទ្ធផល​វិជ្ជមាន ដោយសារ​កន្លង​មក សៀវ​ម៉ី កម្រ​នឹង​ផុស​រូបភាព​លម្ហែកាយ​មុន​ពេល​ត្រៀម​ប្រកួត​ណាស់ ដ្បិត​នាង​ត្រូវ​គេ​ដឹង​ថា ជា​កីឡាការិនី​ម្នាក់​ដែល​មានការ​ប្រយ័ត្ន​ខ្លាំង​តែ​រឿង​ហ្វឹកហាត់ និង​កម្រ​សប្បាយចិត្ត​នៅ​ពេល​ការ​ប្រកួត​កម្រិត​ធំ​ៗ​ឈាន​មក​ដល់​ម្ដង​ៗ ។

ការ​ហ្វឹកហាត់​របស់​នាង នឹង​ត្រូវធ្វើ​ឡើង​រយៈពេល​២​ខែ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ។ នាង​ជា​សមាជិក​របស់​កីឡា​អូ​ឡាំ​ពិ​ក​ទី​១ ដែល​បាន​ចូល​ប្រកួត​ដោយ​ពេញ​សិទ្ធិ បន្ទាប់​ពី​ដណ្ដើម​បាន​កៅអី​ប្រចាំ​ទ្វីបអាស៊ី ចាប់តាំងពី​កម្ពុជា​មាន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​ក្នុង​នាម​ជា​សមាជិក​របស់​អូ​ឡាំ​ពិ​ក​ពិភពលោក កាលពី​ឆ្នាំ​១៩៥៤ ។  ស៊ន សៀវ​ម៉ី គឺជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា​សម្រាប់​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល ប៉ុន្តែ​គេ​មិនដឹង​ថា ជំនឿ​ចិត្ត​ដែល​នាង​បង្ហាញ​ឡើង ពិតជា​នាំ​ជោគជ័យ​ឱ្យ​កម្ពុជា​តាម​ការ​ស្រេកឃ្លាន ឬ​យ៉ាងណា ៕