ក្រុមហ៊ុន​ផែស្ងួត សូរ ងួន នៅ​ក្រុង​បាវិត ធ្វើ​ឲ្យ​ខូច​ផ្លូវជាតិ​លេខ​១ និង​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

​មន្ត្រី​អាជ្ញាធរ​ក្រុង​បាវិត ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនបាន​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន ក្នុង​ក្រុង​បាវិត បាន​ប្រើប្រាស់​រថយន្ត​ធំៗ​សម្រាប់​ដឹកជញ្ជូន​ទំនិញ និង​រថយន្ត​កុងតឺន័រ​រាប់រយ​គ្រឿង​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវជាតិ​លេខ​១​នៅខាងមុខ​ផែស្ងួត ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ឥឡូវនេះ​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន បានធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​១​ខាងមុខ​ក្រុមហ៊ុន​របស់ខ្លួន​ខូចខាត​យ៉ាងដំណំ មាន​គ្រលុក​ធំៗ​ជ្រៅៗ​ត្រឹម​ជង្គង់​ក៏មានដែរ ដោយបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។

ពលរដ្ឋ​ក្នុង​ក្រុង​បាវិត ដែល​ធ្វើដំណើរ​ឆ្លងកាត់​មុខ​ផែស្ងួត សូរ ងួន បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​មិន​ជួសជុល​ផ្លូវ​ដែល​ខ្លួន​បាន​បំផ្លាញ​នោះទេ បើទោះបីជា​កន្លងមក​អភិបាលក្រុង​បាវិត ឈ្មោះ សេង សិលា ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន ធ្វើការ​ជួសជុល​យ៉ាងណាក៏ដោយ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ខាង​អាជ្ញាធរ​ចេញ​សេចក្ដីណែនាំ​ជាច្រើនលើក​ច្រើនសា​ឲ្យ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​ឡើងវិញ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​។ សូម្បីតែ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ក៏​មិន​ធ្វើ​ដឹង​ធ្វើ​ឮ​រឿង​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន បំផ្លាញ​ផ្លូវជាតិ​លេខ​១​នៅ​ក្រុង​បាវិត ឲ្យ​រង​ការខូចខាត​ជា​បន្តបន្ទាប់​នោះដែរ​។

ផលប៉ះពាល់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អត់ទ្រាំ​តទៅទៀត​លែង​បាន ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ចុះផ្សាយ​នោះ គឺ​ផ្លូវជាតិ​លេខ​១​មុខ​ផែស្ងួត សូរ ងួន ត្រូវ​ខូចខាត​កាន់តែខ្លាំង​ឡើងៗ ហើយ​នៅ​រដូវវស្សា​បែក​ភក់​រអិល​និង​មានទឹក​ដក់​ក្នុង​ក្រឡុក​ធំៗ​បង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​រអិលដួល​រងគ្រោះ​ជា​ញឹកញាប់​។ ចំណែក​នៅ​រដូវប្រាំង​វិញ​មាន​ធូលី​ហុយ​សំពោង​មកលើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជិតខាង​មិនអាច​រកស៊ី​លក់ដូរ​បានឡើយ ជាពិសេស​អ្នកលក់ដូរ​ម្ហូបអាហារ នំចំណី ស្ទើរតែ​បញ្ឈប់​មុខរបរ​របស់ខ្លួន​ទៅហើយ​។ ដូច្នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ករណី​រថយន្ត​ដឹកទំនិញ​និង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត សូរ ងួន ក្នុង​ក្រុង​បាវិត ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​បំផ្លាញ​ផ្លូវថ្នល់​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាវិត​អស់​រយៈពេល​ជា​យូរ​មកហើយ​៕

photo_2016-06-07_12-36-09 photo_2016-06-07_12-36-07