កង​យន្តហោះ​រុ​ស្ស៊ី​កម្ទេច​ទីតាំង​ប្រេងកាត​4​កន្លែង​របស់​ក្រុម​រដ្ឋ​អិុ​ស្លា​ម​នៅ​ស៊ី​រី

មជ្ឈមណ្ឌល​រុ​ស្ស៊ី​ដើម្បី​បង្រួបបង្រួម​បណ្តា​ភាគី​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា កង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​កម្ទេច​ទីតាំង​បូម​ប្រេងកាត​ខុសច្បាប់​៤​កន្លែង​ក្នុង​ខេត្ត​រ៉ា​កា និង​ខេត្ត​ហូ​ម ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អិុស្លា​ម ។

ចំណែក​ពួក​ភេរវ​ករ​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​បាន​បាញ់​ផ្លោង​ដាក់​មូលដ្ឋាន​ជា​ច្រើន​នៅ​ខេត្ត​អា​ឡែ​ប អីុ​ដ​លី​ប LATTAQUIE និង​ហា​ម៉ា ។ នៅ​ខេត្ត​អា​ឡែ​ប​ពួក​ភេរវ​ករ​បាន​ធ្វើការ​វាយប្រហារ​ដោយ​កាំជ្រួច​ហ្វូង និង​កាំភ្លើងត្បាល់ ។

មជ្ឈមណ្ឌល​រុ​ស្ស៊ី​ដើម្បី​ការ​បង្រួបបង្រួម​បណ្តា​ភាគី​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​ធ្វើ​ប្រតិបត្តិការ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ខេត្ត LATTAQUIE ។ មជ្ឈមណ្ឌល​នេះ​រួម​មាន​នាយទាហាន​រុ​ស្ស៊ី​៦១​នាក់ ហើយ​មាន​បេសកកម្ម​ជំរុញ​ឱ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​ប្រមុខ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ស៊ី​រី តាមដាន​ត្រួតពិនិត្យ​ការ​គោរព​បទ​ឈប់​បាញ់​គ្នា ហើយ​ធានា​ដល់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​វិល​ស៊ី​រី ។

បទ​ឈប់​បាញ់​គ្នា​ដែល​មាន​ជា​ធរមាន​នៅ​ស៊ី​រី​ចាប់តាំងពី​ថ្ងៃ​ទី​២៧ កុម្ភៈ មក ក្រោយ​ការ​ព្រមព្រៀង​គ្នា​រវាង​រុ​ស្ស៊ី និង​សហរដ្ឋ​អាមេ​រិ​ក ។

ម្យ៉ាងទៀត កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៦ មិថុនា បាន​រុល​ឆ្ពោះទៅ​កាន់​ទីក្រុង​គន្លឹះ​មួយ​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អិុ​ស្លា​ម ដែល​ការ​វាយលុក​លើ​ទីក្រុង​នេះ គ៏​ធ្វើ​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ផង​ដែរ ។

កងទ័ព​ស៊ី​រី​រំកិល​ទៅ​ជិត​ទីក្រុង TABQA ជា​កន្លែង​ដែល​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​ទាហាន​១៦០​នាក់ ក្រោយ​វាយ​យក​មូលដ្ឋាន​ពួក​គេ​កាលពី​ឆ្នាំ​២០១៤ ៕