ប៉ូ​ឡូញ​ជាមួយ​អូតង់​បើក​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មួយ​ក្រោយ​សង្គ្រាមត្រជាក់

ប្រទេស​ប៉ូ​ឡូញ​កាលពី​ថ្ងៃ​ទី​៦ មិថុនា បាន​បើក​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​ដួល​រលំ​នៃ​លទ្ធិ​កុំ​មុ​យ​នី​ស្ត​កាលពី​ឆ្នាំ​១៩៨៩​មក ជាមួយ​ការ​ចូលរួម​របស់​ប្រទេស​ជា​ច្រើន​ជា​សមាជិក​អង្គការ​អូតង់​ក្នុង​បរិយាកាស​តានតឹង​ជាមួយ​រុ​ស្ស៊ី ។

ក្នុង​ពិធី​បើក​ធ្វើ​សមយុទ្ធ​យោធា​នេះ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ប៉ូ​ឡូញ​លោក ANTONI MACIEREWICZ ថ្លែង​ថា គោលដៅ​នៃ​សមយុទ្ធ​គឺ​ត្រួតពិនិត្យ​មើល​សមត្ថភាព​របស់​បណ្តា​ប្រទេស​អូតង់ ការពារ​ចង្កេះ​ខាងកើត​របស់​ខ្លួន ។

សរុប​ទាហាន​៣១.០០០​នាក់​នៃ​ប្រទេស​២៤​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំ​២​ឆ្នាំ​ម្តងនេះ ដែល​មានឈ្មោះ​ថា ANACONDA ដែល​នឹង​ចាប់ផ្តើម​លើ​ទីលាន​ពី​ថ្ងៃ​ទី​៧ មិថុនា ទៅ ហើយនឹង​បញ្ចប់​នា​ថ្ងៃ​ទី​១៧ មិថុនា ។ ក្នុង​ចំណោម​អ្នកចូលរួម​ក្រៅពី​ប្រទេស​១៩​ជា​សមាជិក​អូតង់ មាន​បណ្តា​ប្រទេស​ជា​ដៃគូ ដើម្បី​សន្តិភាព​ក្នុង​នោះ​មាន​អ៊ុយ​ក្រែ​ន​ផង​ដែរ ។ ប្រទេស​ប៉ូ​ឡូញ​មាន​ទាហាន​ចូលរួម​ដល់​ទៅ​១២.០០០​នាក់ អា​មេ​រិ​ក​១៤.០០០​នាក់ និង​អង់គ្លេស​១.០០០​នាក់ ។ រថយន្ត​យោធា និង​រថពាសដែក​៣.០០០​គ្រឿង យន្តហោះ​១០៥​គ្រឿង ព្រមទាំង​នាវាចម្បាំង​១២​គ្រឿង​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំ​នេះ ពុំ​ធ្លាប់​មាននៅ​អឺរ៉ុប​កណ្តាល​ចាប់តាំងពី​បញ្ចប់សង្គ្រាម ត្រជាក់​មក ។

នា​ថ្ងៃ​ទី​៧ មិថុនា សមយុទ្ធ​នៅ​លើ​ទីលាន​ចាប់ផ្តើម​តាម​រយៈ​ការ​លោតឆ័ត្រ​យោង​របស់​ទាហាន​២.០០០​នាក់​នៅ​ជិត​ទីក្រុង TORUN ភាគ​ពាយ័ព្យ​ប្រទេស ។

មាន​វត្តមាន​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​នេះ ឧត្តមសេនីយ៍ MARK MILLEY នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា សម្រាប់​កងទ័ព​អា​េ​ម​រិ​ក​គោលដៅ​នៃ​សមយុទ្ធ​នេះ​គឺ​បង្ហាញ​ថា កងទ័ព​នេះ​ប្រកៀក​ស្មា​គ្នា​ជាមួយ​ប៉ូ​ឡូញ​ជាមួយ​ប្រជាជន និង​កងទ័ព​ប៉ូ​ឡូញ ព្រមទាំង​ជាមួយ​អូតង់​ដើម្បី​ឱ្យ​ប្រទេស​នីមួយ​ៗ​មាន​សេរីភាព និង​ឯករាជ្យ ។ លោក​ក៏​រំលឹក​ផង​ដែរ​ថា កងទ័ព​អា​មេ​រិ​ក​នឹង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត ។

សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​មួយ​ខែ​មុន​កិច្ចប្រជុំ​កំពូល​អូតង់​នា​ថ្ងៃ​ទី​៨ និង​ទី​៩ កក្កដា នៅ​ទីក្រុង​វ៉ា​សូ​វី ដែល​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការ​កែទម្រង់​អូតង់​ក្រោយ​សម័យ​សង្គ្រាមត្រជាក់​មក ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ប៉ូ​ឡូញ PAP ថា រុ​ស្ស៊ី​បាន​បដិសេធ​ការ​អញ្ជើញ​របស់​ប៉ូ​ឡូញ​ឱ្យ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍ ។

ម្យ៉ាងវិញទៀត ក្នុង​សេចក្តី​ប្រកាស​មួយ​អូតង់​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា ប្រទេស​១៧​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក BALTOPS របស់​អូតង់​ក្នុង​សមុទ្រ​បាល់​ទិ​ក ដែល​សំដៅ​បង្ហាញ​ថា អូតង់​ប្តេជ្ញា​ការពារ​តំបន់​បាល់​ទិ​ក ។

ដឹកនាំ​ធ្វើ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក សមយុទ្ធ​នេះ​នឹង​រួម​មានការ​តស៊ូ​ប្រឆាំង​នាវាមុជទឹក​ការពារ​អាកាស ស្ទាក់​បណ្តា​នាវា​សង្ស័យ និង​ការ​ដាក់​ទ័ព​តាម​នាវា ។ សមយុទ្ធ​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ មិថុនា ទៅ ហើយ​បញ្ចប់​រហូត​ដល់​ថ្ងៃ​ទី​២០ មិថុនា ហើយ​ចូលរួម​ដោយ​ទាហាន​៥.៦០០​នាក់​។ សម្ព័ន្ធមិត្ត​១៤​របស់​អូតង់​ចូលរួម​ក្នុង​សមយុទ្ធ​នា​ឆ្នាំ​នេះ​ដែរ ។ នាវាចម្បាំង​៤៩​គ្រឿង យន្តហោះ​៦១​គ្រឿង នាវាមុជទឹក​មួយ​គ្រឿង ព្រមទាំង​កងទ័ពជើងគោក និង​រថក្រោះ​ហែល​ទឹក​ចូលរួម​ក្នុង​សមយុទ្ធ ៕