ពេល​នេះ​ទើបខ្ញុំ​​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​នាង

កាលជាសិស្សវិទ្យាល័យ ខ្ញុំជាមនុស្សម្នាក់មិនសូវចេះរញ៉េរញ៉ៃរឿងស្នេហាអីទេ គិតតែពីរៀន ពូកែរៀន តែរៀនមិនពូកែ បើនិយាយពីលេខវិញ មិនដែលបានរាយឡើយ បើមិនលេខ ២៧ គឺ ៣០ជាង។ ចូលដល់ថ្នាក់ទី១០ ខ្ញុំចាប់ផ្ដើមមានចិត្តស្រលាញ់ លើមិត្តរួមថ្នាក់ម្នាក់។ ចង់ដឹងនាងឈ្មោះអីអត់? នាងឈ្មោះ ស.ម។

អ្ហើយ…និយាយរឿងស្នេហា ខ្ញុំអត់សូវចេះនិយាយទេ ដល់ពេលជួបមុខគេ ខ្ញុំបានត្រឹមតែញញឹមប៉ុណ្ណោះ! ពេលខ្ញុំអត់បានមករៀន ខ្ញុំធ្វើជាខ្ចីសៀវភៅគេទៅចម្លង។ ហើយពេលគេអត់មកវិញ គេក៏ខ្ចីពីខ្ញុំទៅចម្លងវិញ។ ពេលគេចម្លងរួច អ្នកទាំងអស់គ្នាដឹងថា នាងនិយាយថាម៉េចអត់?

នាងថាសៀវភៅខ្ញុំ អត់របៀប អក្សរអាក្រក់។ ហេសហេ ខ្ញុំតបឌឺថា ខ្ញុំសរសេរទុកមើលខ្លួនឯងតើ! ឮអីចឹងនាងសើចទាំងអៀន ចំណែកខ្ញុំសើចដែរ។ ហ៊ឺម…ចង់ត្រឡប់ទៅពេលនោះវិញដល់ហើយ អត់គិតអីច្រើន គិតតែពីរៀន គិតតែសប្បាយជាពិសេសនោះលេងបាល់ទាត់ បាល់ទះតែម្ដង។ ខ្ញុំសុំបើកវង់ក្រចកបន្តិច កាលមានស្នេហាហ្នឹង សូម្បីតែដើរ ក៏ស្រមៃឃើញគេដែរ។ ម្ង៉ៃៗចង់តែទៅរៀន ព្រោះបានឃើញគេ បើអត់ការងារធ្វើ ជិះម៉ូតូទៅមើលដំបូលផ្ទះគេលេង។

ពេល​នេះ​ទើបខ្ញុំ​​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​នាង

ខ្ញុំស្រលាញ់គេរហូតដល់ថ្នាក់ទី១២ គេក៏ប្រាប់ថា ស្រលាញ់ខ្ញុំវិញដែរ ប៉ុន្តែយើងមិនដែលនិយាយគ្នាឱ្យបានស្និទ្ធស្នាលសោះ ព្រោះអៀនរៀងខ្លួន។ គេដើរជាមួយពួកម៉ាកគេ ខ្ញុំដើរជាមួយពួកម៉ាកខ្ញុំឆ្កុយទៅ។ មានរឿងមួយខ្ញុំមិនដែល ចោលទេឱ្យតែមានពិធីបុណ្យសង្សារ ណូអែលអី ខ្ញុំតែងជូនកាដូគេ។ កាដូរបស់ខ្ញុំចុងក្រោយ គឺកូនរូបថតមួយសន្លឹករបស់ខ្ញុំ នៅថ្ងៃប្រឡងបាក់ឌុបចុងក្រោយ ហើយក៏ជាថ្ងៃដែលយើងមិនដែលបានជួបមុខគ្នាដែរ។

ខ្ញុំសម្រេចចិត្តសុំពុក មករៀននៅអង្គការមួយនៅភ្នំពេញ។ ជីវិតខ្ញុំបានជួបការលំបាកច្រើន។ ខ្ញុំចូលធ្វើការជាអ្នករត់តុ តាំងពីឆ្នាំទី ១ ព្រោះពុកម៉ែមិនសូវមានលុយកាក់អីទេ ហើយរៀនពេលយប់។ កាលនោះខ្លួនមានសាច់ឈាមរបស់ខ្ញុំ បានប្រែក្លាយជារាងកាយស្គមស្គាំង មុខបាក់ដូចអ្នកជក់ម៉ាអ៊ីចឹង។

ថ្ងៃមួយខ្ញុំបានឃើញនាង ជិះម៉ូតូជាមួយបុរសម្នាក់ ទៅមើលកុន ហើយបើតាមខ្ញុំចាំគឺរោងកុនលុច្ស។ ចំណែកខ្ញុំ មិនដែលស្គាល់អីទេ រោងកុន ហេមប៊ឺហ្គឺ ស្គាល់តែផ្ទះជួលគ្នាមួយហ្វូង និងបាយថង ជ្រក់ត្រសក់ ជ្រក់មមាញ។ ខ្ញុំឃើញពួកគេស្និទ្ធស្នាលគ្នាណាស់។ ត្បិតខ្ញុំបែកគេយូរ តែខ្ញុំនៅតែស្រលាញ់គេ ចង់ឃើញមុខគេ។ ខ្ញុំចាប់ផ្ដើម ខូចចិត្តហើយប្រាប់ខ្លួនឯងថា យើងត្រូវជាអីហ្នឹងគេ ឈឺចាប់បានប្រយោជន៍អី។ អ្នកទាំងអស់គ្នា ប្រហែលជាឆ្ងល់ហើយថា បើបែកគ្នា មិចមិនខលទៅលេងនាង? កាលនោះទូរសព្ទ N ចុចពិលក៏គ្មានដែរ សូម្បីដាក់ CV ការងារគឺដាក់លេខមិត្តភ័ក្ដិ បានអីខលទៅគេ ចំណែកហ្វេសប៊ុកក៏អត់ទាន់មានដែរ។ ក្រោយមក គេបានរៀបការចោលខ្ញុំទៅ។ ខ្ញុំអត់ចាំថាឆ្នាំណាទេ ប៉ុន្តែដឹងថាពេលនោះ ហ្វេសប៊ុកកំពុងល្បីបណ្ដើរៗហើយ ខ្ញុំចេះលេង និងចេះប្រើកុំព្យូទ័រ ម៉ែលបន្តិចបន្តួច។

ក្រោយមកទៀត ខ្ញុំបានជួបនារីខេត្តកណ្ដាលម្នាក់ ពេលគេទៅលេងបងប្អូននៅក្បែរផ្ទះខ្ញុំនៅកំពង់ចាម។ កាលនោះដូចជាខែភ្លឺ ហើយក៏ជិតដល់ចូលឆ្នាំដែរ។ ពួកយើងបានកាន់ដៃគ្នា លេងកណ្ដុរស៊ីខ្លាញ់។

ហើយស្អែកឡើង យើងបាននាំគ្នាមួយក្រុម ជិះម៉ូតូទៅលេងទឹកឆា ញ៉ាំអីជុំគ្នា។ ពួកយើងសប្បាយណាស់ ហើយពីពេលនោះមក យើងចាប់ផ្ដើមមានចិត្តលើគ្នា និងបានសុំលេខទូរសព្ទ។ ខ្ញុំខលទៅលេងគេរាល់យប់។ គ្នាខ្ញុំមួយក្រុមក៏បានទៅលេង បងប្អូននៅភូមិគេវិញដែរ កាលនោះដូចជាអុំទូក ហើយជាពេលមួយយើងទាំងពីរដើរលេងសប្បាយជាមួយគ្នាជាថ្មី។ ខ្ញុំស្រលាញ់នាងខ្លាំងជាងនារីទី១ទៅទៀត រីឯគេប្រាប់ថា ក៏ស្រលាញ់ខ្ញុំខ្លាំងណាស់ដែរ។

បើទោះជីវភាពរបស់ខ្ញុំមិនមាន ក៏នាងពេញចិត្តស្រលាញ់ខ្ញុំ។ យើងដាក់ចិត្តស្វែងយល់ពីគ្នា ហើយយើងទាំងពីរក៏ធ្លាប់និយាយរឿងរៀបការ។ ខ្ញុំរៀនចប់មានការងារធ្វើជាអ្នកប្រែសម្រួលនៅទស្សនាវដ្ដីមួយ ប្រាក់ខែស៊ីមិនគ្រប់ ចំណែកគេកំពុងរៀនដេរម៉ូដនៅហាងធំមួយនៅជិតផ្សារដើមគរ។

ពេលចេញពីធ្វើការម៉ោង ៥ ល្ងាច ខ្ញុំបានជិះម៉ូតូដឹកគេទៅផ្ទះនៅព្រែកព្នៅសឹងតែរាល់ថ្ងៃ ប៉ុន្តែថ្ងៃមួយខ្ញុំមានអារម្មណ៍ថា អស់ចិត្តស្រលាញ់គាត់។ សុំបញ្ជាក់បន្តិចថា យើងស្រលាញ់គ្នាចិត្តនឹងចិត្ត ហើយខ្ញុំក៏គ្មានអ្នកផ្សេងដែរ។ ខ្ញុំខលទៅប្រាប់គេថា «យើងបែកគ្នាទៅ» សំឡេងយំខ្សាវៗក៏មានឡើង។ ហេតុអីខ្ញុំធ្វើឱ្យមនុស្សល្អម្នាក់យំដោយសារខ្ញុំ? នាងនិយាយថា «ប្រាប់ហេតុផលមក?» «ហ៊ឺម… ស្រលាញ់បងគ្មានអនាគតទេ”។

នាងបានរៀបរាប់រឿងរ៉ាវដែលយើងបានសាងជាច្រើន ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួន។ តាមពិតទៅនាងជាមនុស្សស្រីដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏មិនសង្ឃឹមថា អនាគតអាចរកបាននារីល្អដូចនាងដែរ។ វាជាការសម្រេចចិត្តដ៏ឈឺចាប់មួយរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែធ្វើ ដើម្បីអនាគតរបស់នាង។

នាងមានអ្នកចូលស្ដីដណ្ដឹងច្រើនណាស់ ហេតុតែស្រលាញ់ខ្ញុំ នាងសុខចិត្តរងចាំខ្ញុំ តែទីបំផុតខ្ញុំជាមនុស្សចោលម្សៀត។ អ្នកទាំងអស់គ្នាប្រហែលជាបន្ទោសខ្ញុំហើយ ហេតុអីផ្ដល់ក្ដីសង្ឃឹមឱ្យនាងហើយ បែរជាជាន់ពន្លិចទៅវិញ។ ខ្ញុំដឹងថាខ្លួនឯងខុស ប៉ុន្តែខ្ញុំត្រូវតែធ្វើវា។

ទូរសព្ទរបស់នាង ខ្ញុំខលលែងចូលរហូត។ ខ្ញុំឧស្សាហ៍ទៅលួចមើលកន្លែងនាងរៀន តែដូចមិនដែលឃើញនាងសោះ។ ខ្ញុំមិនដែល មានអារម្មណ៍ឈឺចាប់បែបនេះទេ ពីមុនមក។ ពីមុនខ្ញុំក្រ តែពេលនេះខ្ញុំជីវភាពធូរធារហើយអាចជួយគ្រួសារបាន ក្រោយពីបានការងារល្អ ប្រាក់ខែសមរម្យនៅអង្គការមួយ។ ខ្ញុំនៅតែនឹកឃើញនាង ស្ដាយនាង ប៉ុន្តែអ្វីៗវាហួសអស់ហើយ ហើយខ្ញុំក៏សប្បាយចិត្តដែរពេលឮថា នាងបានរៀបការជាមួយបុរសធូធារ និងមានបុត្រម្នាក់ទៅហើយនោះ៕

ប្រភព៖ sabay

  • ពេល​នេះ​ទើបខ្ញុំ​​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​នាង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ចំនេះដឹង
Tags: