ទើប​ឃើញ​លើក​ទី​១ ! ប្រពន្ធ​ចាប់​ប្តី​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ចាប់ខ្លួន​ប្តី​ចុង​របស់​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​មុខកំពូល​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា ប្តី​ចុង​គម្រក់​ម្នាក់​នេះ​បាន​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​ដែល​មាន​សតិ​មិន​គ្រប់​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ទៀង​ផង ។

នគរបាល​ស្រុក​មុខកំពូល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ នួន សឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កុយ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​ត្បូង​ពេជ្រ​ស្ថិត​ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្កណ្ដាល ជា​ឪពុកចុង​ក្មេង​ស្រី​រង​គ្រោះ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ មាន​សតិ​មិន​ប្រក្រតី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា កន្លង​ទៅ​មិន​ចាំ​ថ្ងៃខែ ខ្លួន​ពិតជា​បាន​ស្ទាបអង្អែល​លេង​ប្រដាប់​ភេទ​កូន​ស្រី​ចុង​​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ច្រើន​លើក​ច្រើន​សារ​មែន ក្នុង​ពេល​ដែល​ប្រពន្ធ​ខ្លួន​ចេញ​ទៅ​ធ្វើការ​រោងចក្រ ។ លុះដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១ និង​៣០​នាទី ពេល​គ្មាន​អ្នក​នៅផ្ទះ មេឃ​កំពុង​ភ្លៀង ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លៀកខោ​អត់​ពាក់អាវ ទៅ​មុជទឹក​ភ្លៀង និង​លេង​នៅ​មុខ​ផ្ទះ ពេល​នោះ​ខ្លួន​​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូនស្រី​ចុង​របស់​ខ្លួន​ឲ្យ​ឡើង​មក​លើ​ផ្ទះ រួច​បាន​ចាប់​ស្រាតខោ​ចេញ បន្ទាប់​មក​បាន​យកដៃ​ស្ទាបអង្អែល​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ ​ហើយ​ក៏​លើកដាក់​ឲ្យ​អង្គុយ​លើ​តុ ផ្អែក​និង​ជញ្ជាំង​ផ្ទះ​រំលោភ​រហូត​បាន​សម្រេចតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ពុំ​បាន​និយាយ​ប្រាប់​ម្ដាយ​របស់​ខ្លួន​ឲ្យ​ដឹង​ទេ ។ ក្រោយមក​ទៀត​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​មានការ​សង្ស័យ​លើ​កូនស្រី​ដែល​មាន​អាកា​រៈ​ប្លែក​ខុស​ពី​ធម្មតា ក៏​បាន​សួរ​ដេញដោល ទើប​ដឹង​ថា ត្រូវ​ឪពុកចុង​ចាប់រំលោភ ក៏​បាន​មក​ប្ដឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​ឪពុកចុង​នេះ​តែ​ម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕