ទោះមានប្រៀបលើក្រុមតៃប៉ិ ប៉ុន្តែកម្ពុជា មិនចង់ឈ្នះ ដោយការលេងទប់នោះទេ

ក្រុមជម្រើសជាតិកម្ពុជា បានដាក់គោលដៅហើយថា នឹងត្រូវលេងដោយប្រុងប្រយ័ត្ន ជាមួយការរៀបចំឲ្យបានល្អបំផុត ក្នុងការប្រកួតកាត់សេចក្តីជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងពានរង្វាន់ AFC Asian Cup 2019 នៅពហុកីឡដ្ឋានជាតិ នាយប់ម៉ោង៧ ថ្ងៃអង្គារនេះ គឺពួកគេមិនព្យាយាមលេងទប់ ដើម្បីយកឈ្នះក្រុមតៃប៉ិ ដោយការមានប្រៀបតាមរយៈការស្មើគ្នា ២-២ ក្នុងការប្រកួតក្រៅទឹកដី កាលពីថ្ងៃទី២ ខែមិថុនា នោះទេ។
mm4

ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ ម្សិលមិញ លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានលើកឡើងថា៖«ការប្រកួតនៅថ្ងៃស្អែក(ថ្ងៃអង្គារនេះ) វាមានអត្ថន័យយ៉ាងធំធេងបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង ព្រោះបើយើងឈ្នះ គឺក្រុមយើងនឹងទទួលបានបទពិសោធកាន់តែច្រើន ក្នុងការឡើងទៅប្រកួតជាមួយក្រុមខ្លាំងៗ នៅវគ្គបន្ទាប់ទៀត»។

mm3

គ្រូបង្វឹកមកពីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា៖«យើងមានអាទិភាពខ្ពស់ជាងក្រុមឆាយនីសតៃប៉ិ ព្រោះការលេងទប់ត្រឹមស្មើ ០-០ ឬ ១-១ ក៏យើងបានឡើងទៅវគ្គបន្តដែរ មិនចាំបាច់ដល់ឈ្នះនោះទេ ប៉ុន្តែបើយើងគិតតែឲ្យកីឡាករលេងទប់ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើនោះ គឺពួកគេអាចនឹងមានស្មារតីមិនសូវល្អ ហើយការលេងទប់ច្រើនពេកមិនល្អនោះទេ។ ហេតុនេះយើងត្រូវតែលេងដោយប្រុងប្រយ័ត្ន និងទាមទារឲ្យមានការរៀបចំឲ្យបានល្អបំផុត សម្រាប់ការប្រកួតលើកនេះ»។

mm2

ចំណែកលោក Toshiaki Imai គ្រូបង្វឹកក្រុមឆាយនីសតៃប៉ិ បាននិយាយថា៖«ការមិនអាចយកឈ្នះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងទឹកដីកន្លងមកនេះ វានឹងធ្វើឲ្យក្រុមឆាយនីសតៃប៉ិ កាន់តែជួបការលំបាក ក្នុងការប្រកួតលើកនេះ ព្រោះកីឡាករសំខាន់ៗរបស់យើងមួយចំនួនមានរបួស ហើយការប្រកួតនេះ នឹងមានអ្នកគាំទ្រយ៉ាងច្រើន ជួយមកលើកទឹកចិត្តដល់ក្រុមម្ចាស់ផ្ទះ ដែលកាន់តែដាក់សម្ពាធមកលើក្រុមយើង។

mm1

យ៉ាងណាក៏ដោយ ខ្ញុំនៅតែមានការជឿជាក់ថា កូនក្រុមរបស់ខ្ញុំ នឹងប្រឹងប្រែងលេងអស់ពីសមត្ថភាព សម្រាប់ការប្រកួតនៅថ្ងៃស្អែក(ថ្ងៃអង្គារ)»។នៅពេលអ្នកកាសែតបានចោទសួរពីដំណឹង នៃការបាក់ដៃរបស់ខ្សែប្រយុទ្ធប្រធានក្រុម Chen Po-Liang ថាពិតឬយ៉ាងណានោះ លោក Toshiaki Imai មិនបានបទស្រាយនោះទេ ដោយគ្រាន់តែប្រាប់ថា«ជារឿងសម្ងាត់»។

គួរបញ្ជាក់ថា Chen Po-Liang គឺជាកីឡាករស្នូលដ៏សំខាន់របស់ក្រុមឆាយនីសតៃប៉ិ ហើយគេជាអ្នករកបានគ្រាប់បាល់ទី២ឲ្យក្រុមតៃប៉ិ ក្នុងការប្រកួតជើងទី១ នៅលើទឹកដីឆាយនីសតៃប៉ិ កាលពីថ្ងៃទី២ ខែមិថុនា កន្លងមកនេះ។

ប៉ុន្តែ Chen Po-Liang បានបង្កើតនៅរឿងមិនសមរម្យមួយ ដោយគេបានចង្អុលមុខកីឡាករកម្ពុជា ឈិន ឈឿន ដែលមានដួលនៅលើដី ហើយទង្វើរបស់ Chen Po-Liang ធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការខឹងសម្បារយ៉ាងខ្លាំង និងចង់ឃើញមុខកីឡាករម្នាក់នោះ ពេលរូបគេមកកាន់កម្ពុជា តែបែរជាលេចឭដំណឹងមកថា Chen Po-Liang មានរបួសបាក់ដៃ ក្នុងពេលហ្វឹកហាត់ និងគ្មានវត្តមានក្នុងការប្រកួតនេះឡើយ៕