អុច​ធូប​បន់ស្រន់​ឲ្យ​ចៅ​ជា​ពី​ជំងឺ ឆេះ​ផ្ទះ​អស់​១​ខ្នង

អុច​ធូប​បន់ស្រន់​ឲ្យ​ចៅ​ជា​ពី​ជំងឺ ឆេះ​ផ្ទះ​អស់​១​ខ្នង



កំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​គ្មាន​សល់ បន្ទាប់ពី​ជីដូន​ម្នាក់​នៅផ្ទះ​ បាន​អុច​ធូប​បន់ស្រន់ រួច​ចូល​ទៅ​សម្រាន្ត មិនបាន​មើល​ភ្លើង​ធូបឲ្យ​ឆេះ​រលត់​អស់នោះ​ឡើយ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ម្សិលមិញ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និយាយ​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​នេះ​មានឈ្មោះ (​ម៉ៅ សារ៉ាន់​) ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ​មាន​ទីលំនៅ​ស្ថិត​ក្នុង​ភូមិ ឃុំ ស្រុក​កើតហេតុ​ខាងលើ ហើយ ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំហំ ៩ × ១២ ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ត្រូវ​បាន​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​នឹង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ មាន​ស្រូវ​ចំនួន​០៣​តោន , អង្ករ ១៥០​គ​ក្រ មាស​០១​តម្លឹង ,​លុយ​១​លាន​រៀល , ទូរទស្សន៍​ពណ៌​០១​គ្រឿង , អាគុយ​០១​ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់​ផង​ដែរ។

សមត្ថកិច្ច​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ (​ម៉ៅ សារ៉ាន់ )​និង ប្រពន្ធ មិន​នៅផ្ទះ​ទេ គឺ​នាំ​កូន​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត គឺ​នៅតែ​ជីដូន​ចាស់​ម្នាក់ ឈ្មោះ ( ប៉ុល រ៉េ​ន​)​នៅចាំ​ផ្ទះ​ម្នាក់ឯង។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្ទេចខ្ទី​អស់​ទាំង​ស្រុង​ខាង​លើនេះ បន្ទាប់ពី​លោកយាយ​( ប៉ុល រ៉េ​ន​) បាន​អុច​ធូប​បន់ស្រន់​ សូម​ឲ្យ​ចៅ​ដែល​ឈឺ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ប៉ុន្តែ​ក្រោយពី​អុច​ធូប​រួច​ លោកយាយ​បាន​ចូលសម្រាន្ត​លង់លក់ រហូត​ដល់​ភ្លើង​ឆេះ​ពេញ​បន្ទប់​ ទើប​ដឹងខ្លួន រួច​បាន​ស្រែក​ឆោឡោ​អ្នកស្រុក​ជិតខាង​ជួយសង្គ្រោះ​ចេញពី​ក្នុង​ផ្ទះ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ ​និង​ទ្រព្យសម្បត្តិ​ទាំងអស់​ខ្ទេចខ្ទី​គ្មាន​សល់។

អភិបាលស្រុក​រលៀប្អៀរ​លោក​(​សោម​វឿន​)​បាន​ឲ្យដឹង​ផង​ដែរ​ថា ​នៅ​រសៀល​ថ្ងៃទី​០៧​ ខែមិថុនា​២០១៦​កាកបាទក្រហម កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ និង​អនុសាខា​កាកបាទក្រហម​ស្រុក​រលាប្អៀរ ​នាំយក​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​ទៅ​ប្រគល់​ឲ្យ​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់​​ ​បាន​ទាន់​ពេល​វេលា​ ខណៈ​ដែល​គាត់​កំពុង​ជួប​ការ​ខ្វះខាត៕
អុច​ធូប​បន់ស្រន់​ឲ្យ​ចៅ​ជា​ពី​ជំងឺ ឆេះ​ផ្ទះ​អស់​១​ខ្នង