អាមេរិក ដាក់​សម្ពាធ​ឲ្យ​ចិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អ្នកជំនួញ​បរទេស​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-07-2016, 2:55 pm         2990

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក ដាក់​សម្ពាធ​ឲ្យ​ចិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អ្នកជំនួញ​បរទេស​​បរិយាកាស​ពាណិជ្ជកម្ម​មិន​អំណោយផល ដែល​រួមមាន ការកើនឡើង​នៃ​ការ​រឹតត្បិត​ផ្សេងៗ  និង​ការប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ បានធ្វើ​ឲ្យ​អ្នករកស៊ី​បរទេស​នៅក្នុង​ប្រទេស​ចិន ទាស់ចិត្ត​យ៉ាងខ្លាំង​។ ជាមួយនឹង​បញ្ហា​នេះ អាមេរិក បានដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ចិន បន្ធូរបន្ថយ​ការ​រឹតត្បិត​ទាំងនោះ ដើម្បី​សម្រួល​ដល់​បរិយាកាសរ​ក​ស៊ី​ឡើងវិញ​។    

សូមស្ដាប់ព័ត៌មានលម្អិត៖

​ជាថ្មី​ម្ដងទៀត មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចិន កាត់បន្ថយ​របាំង​រឹតត្បិត​លើ​អ្នកវិនិយោគ​បរទេស ដែល​មករក​ស៊ី​លើ​ទឹកដី​ចិន​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក Jacob Lew អះអាងថា ការកើនឡើង​នៃ​បទបញ្ញត្តិ​ផ្សេងៗ កំពុង​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​លើ​បរិយាកាស​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​ចិន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ របស់​ពិភពលោក​។​

​ថ្លែង​ទៅកាន់​អ្នកជំនួញ និង​មន្ត្រី មកពី​អាមេរិក និង​ចិន រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​រូបនេះ និយាយថា ការព្រួយបារម្ភ​លើ​បរិយាកាស​ពាណិជ្ជកម្ម មានការ​កើនឡើង​ខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​អ្នកវិនិយោគ​បរទេស ប្រឈមមុខ​នឹង បទបញ្ញត្តិ​ច្រើន និង​មាន​លក្ខណៈ​ស្មុគស្មាញ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​លេច​ជា​សំណួរ​ថា ពាណិជ្ជករ​បរទេស​ទាំង​នោះ ត្រូវបាន​ស្វាគមន៍​ឬទេ នៅក្នុង​ប្រទេស​ចិន​។

​ជាមួយគ្នានេះ នៅក្នុង​ថ្ងៃទី​ពីរ នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន ក្នុង​រដ្ឋធានី​ប៉េកាំង លោក Jacob Lew ក៏​បញ្ជាក់​ពី​ការទទួលខុសត្រូវ របស់​រដ្ឋាភិបាល​ទាំងពីរ​ប្រទេស ក្នុងការ​សម្រួល​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ផងដែរ​។ លោក​បន្តថា ច្បាប់ ត្រូវបង្កើត ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រកួតប្រជែង​ត្រឹមត្រូវ ធានា​តម្លាភាព​ក្នុង​ដំណើរការ​បង្កើត​គោលនយោបាយ និង​បទបញ្ញត្តិ​ផ្សេងៗ ការពារ​កម្ម​សិទ្ធ​បញ្ញា ព្រមទាំង​លុបចោល​របាំង​វិនិយោគ ដែលមាន​ការរើសអើង ជាដើម​។

​ចំណែកឯ រដ្ឋមន្ត្រីការបរទេស លោក ច​ន ឃេ​រី ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដែរនោះ បញ្ជាក់ថា សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ កាន់តែ​ខិតចូល​គ្នា ដើម្បី​ភាពរុងរឿង​រួមគ្នា ដូច្នេះ​ប្រទេស​ទាំងពីរ ត្រូវតែ​លះបង់ ដើម្បី​បន្ត​ទំនាក់ទំនង​នេះ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​លោក​អះអាងថា មាន​ផល​អវិជ្ជមាន​ចំពោះ​ក្រុម​អង្គការ​សុខភាព មិន​រក​កម្រៃ និង​ចង់​រកស៊ី នៅ​ប្រទេស​ចិន​។

​យ៉ាងណាក្ដី បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សា​រដ្ឋ​ចិន លោក Yang Jiechi ឆ្លើយ តប​វិញ​ថា ចិន តែងតែ​ស្វាគមន៍​ក្រុមហ៊ុន​បរទេស ដែល​រកស៊ី​នៅ​ចិន​។ ទីប្រឹក្សា​រដ្ឋ រូបនេះ បន្តទៀតថា ចិន កំពុងតែធ្វើការ ដើម្បី​បើកចំហ​ទីផ្សារ​របស់ខ្លួន ដោយ​លោក​បានបញ្ជាក់​ពី ការចរចា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ទ្វេភាគី ដែលជា​ឧទាហរណ៍​ស្រាប់​។ 

​គេ​សង្កេតឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ទំនុកចិត្ត​របស់​ពាណិជ្ជករ​បរទេស រកស៊ី​នៅ​ចិន ហាក់​ធ្លាក់ចុះ ដ្បិត​មានការ​កើនឡើង​ការ​រឹតត្បិត និង​នយោបាយ​គាំពារ​និយម​។ រដ្ឋាភិបាល​ចិន ថែមទាំង​បាន​បើក​ការស៊ើបអង្កេត លើ​ក្រុមហ៊ុន​បរទេស និង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដែល​កំហិត​ការប្រើប្រាស់​បច្ចេកវិទ្យា​ទៀតផង​៕