អ៊ុយ​ក្រែ​ន​ចាប់ខ្លួន​ជនជាតិ​បារាំង ប្រុង​​វាយប្រហារ​ថ្ងៃ​ប្រកួត Euro និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-07-2016, 3:20 pm         853

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ៊ុយ​ក្រែ​ន​ចាប់ខ្លួន​ជនជាតិ​បារាំង ប្រុង​​វាយប្រហារ​ថ្ងៃ​ប្រកួត Euroលោក Vasyl Grytsak ប្រធានទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន​នៅសល់តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​ប្រចាំឆ្នាំ​២០១៦ នឹង​មកដល់ ខណៈ បារាំង ជា​ម្ចាស់ផ្ទះ​បាន​ពង្រាយ​កងក​កម្លាំង​ជាច្រើន ដើម្បី​រក្សា​សុវត្ថិភាព នៃ​ដំណើរ​ការប្រកួត​នេះ​។ យ៉ាងណាមិញ នៅឯ​អ៊ុយ​ក្រែ​ន កងសន្តិសុខ​ប្រទេស​នេះ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​សង្ស័យថា មាន​ផែនការ​វាយប្រហារ​ក្នុងអំឡុងពេល នៃ​ការប្រកួត​អន្តរជាតិ​ដ៏​ធំ​នេះ​។​

​កងកម្លាំង​សន្តិសុខ​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​០៦ ខែមិថុនា ប្រកាសថា ខ្លួន​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​រៀបចំ​ការវាយប្រហារ ក្នុងប្រទេស​បារាំង ចំពេល​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ទ្វីបអឺរ៉ុប ឆ្នាំ​២០១៦ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១០ ខែមិថុនា​។ ការចាប់ខ្លួន​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​លើ​ការប្រកួត ដែលមាន​ក្រុម​ជម្រើសជាតិ​ចំនួន​២៤ ក្រុម​ចូលរួម មកពី​ទូទាំង​ទ្វីបអឺរ៉ុប​។

​ប្រធាន​ទីភ្នាក់ងារ​សន្តិ​សុខ​អ៊ុយ​ក្រែ​ន លោក Vasyl Grytsak និយាយថា ជនជាតិ​បារាំង​វ័យ ២៥​ឆ្នាំនេះ និយាយ​រឿង​មិនល្អ​ជាច្រើន​របស់​រដ្ឋាភិបាល​បារាំង ជាពិសេស​លើ​នយោបាយ​ជនអន្តោប្រវេសន៍ ការ​រាតត្បាត​មនោគមន៍​ឥស្លាម​ជ្រុលនិយម​ជាដើម​។ ប្រមុខ​សន្តិសុខ​រូបនេះ​បន្តថា ជននេះ​បំណង​រៀបចំ​ការវាយប្រហារ​លើ​ទីតាំង​ចំនួន ១៥​កន្លែង រួមទាំង​វិហារ​ឥស្លាម និង​ជ្វី​ហ្វ ស្ពាន ផ្លូវ ការិយាល័យ​ប្រមូល​ពន្ធ និង​អាគារ​សាធារណៈ ដែល​ពាក់ព័ន្ធ នឹង​ការរៀបចំ​ការប្រកួត Euro 2016​។​

​យ៉ាងណាក្ដី បើតាម​លោក Vasyl Grytsak ជនជាតិ​បារាំង​នេះ ទំនង​មិនមែនជា​សកម្មជន​ជី​ហាដ​អ្វី​ទេ ប៉ុន្តែ​អាចជា ជន​និយម​ស្ដាំ​ជ្រុល ឬ​ក្រុម​ជាតិនិយម​ជ្រុល​ទៅវិញ​។ ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយ​ថា រូបគេ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២១ ខែឧសភា ខណៈ​ប៉ុនប៉ង​ឆ្លង​ព្រំដែន រវាង​អ៊ុយ​ក្រែ​ន និង​ប៉ូឡូញ​។ ទន្ទឹមនឹងនេះ ប៉ូលិស ក៏បាន​រកឃើញ​ម្សៅ​TNT ចំនួន​១២៥​គីឡូក្រាម រួម​នឹង​ឧបករណ៍​បំផ្ទុះ ព្រមទាំង​គ្រាប់​ជាច្រើន​ផ្សេងទៀត​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អាជ្ញាធរ​អ៊ុយ​ក្រែ​ន សង្ស័យថា ជនជាតិ​បារាំង​រូបនេះ​ព្យាយាម ទៅ​ទិញ​អាវុធ​ពី​សំណាក់​ក្រុម​ជ្រុលនិយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក Vasyl Grytsak ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បុរស​បារាំង​នេះ បាន​ជួល​ជនជាតិ​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដឹកជញ្ជូន​អាវុធ នៅក្នុង​អឺរ៉ុប​ទៀតផង​។ 

​សូម​បញ្ជាក់ដែរថា ការប្រកាស​ការចាប់ខ្លួន​នេះ ធ្វើឡើង​ស្របពេល​ដែល ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ពង្រឹង​ការការពារ លើ​ការគំរាមកំហែង​ការប្រកួត ដែលមាន​រយៈពេល​មួយខែ​នេះ​។ លោក ហូ​ឡង់ សន្យាថា នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ធានា​ការប្រព្រឹត្តិ​ទៅដោយ​រលូន នៃ​ការប្រកួត​ដ៏​ធំ​នេះ​។ ទន្ទឹមនឹង​នេះដែរ បារាំង បាន​ប្រមូល​កងកម្លាំង​៩​ម៉ឺន​នាក់ ដើម្បី​ធានា​សុវត្ថិភាព​អ្នកគាំទ្រ​ដ៏​ច្រើន​៕