កូរ៉េ​ខាងជើង​ហាក់​ជំរុញ​សកម្មភាព​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម

ដោយសារ​រូបភាព​ផ្កាយ​រណប​នានា​អគ្គលេខាធិការ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា ប្រទេស​កូរ៉េ​ខាងជើង​ហាក់ដូចជា​កំពុង​ជំរុញ​សកម្មភាព​រោងចក្រ​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​របស់​ប្រទេស​នេះ ។

លោក​យូគី​យ៉ា អា​ម៉ា​ណូ ប្រមុខ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​គូសបញ្ជាក់​ថា មាន​សញ្ញា​នានា​ដែល​យើង​ទទួល​បាន​នោះ​ជា​សកម្មភាព​ទាក់ទិន​នឹង​រេ​អាក់​ទ័​រ​កម្លាំង​៥​មេ​ហ្គា​វ៉ា​ត់​មួយ ដែល​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម​នៅ​ប្លុក​នុយក្លេអ៊ែរ YONGBYON ។ ការ​សន្និដ្ឋាន​បែប​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​វិភាគ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​ក ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​វី​យែ​ន​លោក​អា​ម៉ា​ណូ បន្ត​ថា ទោះបី​យ៉ាងណា ដោយសារ​យើង​ពុំ​មាន​អ្នក​ជំនាញការ​នៅ​លើ​ទីលាន​ផ្ទាល់ យើង​មាន​តែ​ការ​ពិនិត្យ​លើ​បណ្តា​រូបភាព​ផ្កាយ​រណប​ប៉ុណ្ណោះ ។ យើង​ពុំ​អាច​ធ្វើការ​អះអាង​ឱ្យ​ច្បាស់​ប្រាកដ​ឡើយ ក៏​ប៉ុន្តែ​យើង​មាន​សញ្ញា​នានា​ពី​សកម្មភាព​តាម​រូបភាព​ផ្កាយ​រណប ។ ក្នុង​ចំណោម​សញ្ញា​សកម្មភាព​ដែល​ចាប់​បាន​នៅ YONGBYON មាន​ចលនា​នៃ​បណ្តា​រថយន្ត ចំហាយ ការ​បញ្ចេញ​ទឹក​ក្តៅ និង​ការ​ដឹក​ជញ្ជូន​សម្ភារ ។

កាលពីដើម​ខែមេសា បណ្តា​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ក៏​ធ្វើការ​សន្និដ្ឋាន​មួយ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ ដោយ​ចាប់​បាន​រូបភាព​ផ្កាយ​រណប​ពី​សកម្មភាព​សង្ស័យ​ទាំងឡាយ​ក្នុង​ផ្ទៃ​ប្លុក​នុយក្លេអ៊ែរ ដែល​អាច​ជា​សញ្ញា​ថា​ក្រុង​ព្យុ​ង​យ៉ាង​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម​សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​ថ្មី​ៗ ៕