ក្នុង​ចំណោម​នារី​កំពូល​ខ្លាំង​ទាំង​100​លោកស្រី​ម័​រ​កែ​ល​មាន​ចំណាត់​ថ្នាក់ទីមួយ

យោង​តាម​ការ​ចេញផ្សាយ​មួយ​របស់​ទស្សនាវដ្តី​អា​េ​ម​រិ​ក FORBES មាន​ឯកទេស​ខាង​សេដ្ឋកិច្ច​ចុះ​ថ្ងៃ​ទី​៦ មិថុនា ថា ក្នុង​ចំណោម​កំពូល​នារី​ខ្លាំង​ទាំង​១០០​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ ខណៈ​លោកស្រី PARK GEUN-HYE ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១២ ។

ក្នុង​បញ្ជី​កំពូល​នារី​ខ្លាំង​ទាំង​១០០​រូប ដែល​មាន​ចំណងជើង​ថា «THE WORLD’S MOST POWERFUL WOMEn 2016» លោកស្រី​ម័​រ​កែ​ល រក្សា​ចំណាត់ថ្នាក់​លេខ​មួយ​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា ។ ចំណែក​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បេ​ក្ខ​នារី​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អា​េ​ម​រិ​ក​មាន​ចំណាត់ថ្នាក់​ទី​២ ។ លោកស្រី PARK ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​មាន​ចំណាត់ថ្នាក់​ទី​៤​នោះ ធ្លាក់​ដល់​ចំណាត់ថ្នាក់​ទៅ​១២ ។ ចំណាត់ថ្នាក់​ទី​៣ បាន​ទៅ​លើ​លោកស្រី JANET YELLEN ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ផ្នែក​បម្រុង​សហព័ន្ធ​សហរដ្ឋ​អា​េ​ម​រិ​ក រួច​ចំណាត់ថ្នាក់​ទី​៤ បាន​ទៅ​លើ​លោកស្រី MELINDA GATES ភរិយា​ស្ថាបនិក MICROSOFT លោក BILL GATES ។ ចំណែក​លោកស្រី MARY BARRA អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក GENERAL MOTORS ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥ ។ ចំណាត់ថ្នាក់​ទី​៦ បាន​ទៅ​លើ​លោកស្រី CHRISTINE LAGARDE នាយិកា​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ។

នារី​កូរ៉េ​ខាងត្បូង​ម្នាក់​ទៀត​ចូល​ក្នុង​កំពូល​នារី​ខ្លាំង​ទាំង​១០០​រូប​ដែរ គឺ​លោកស្រី LEE BOO-JIN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​សណ្ឋាគារ SHILLA និង​ជា​កូនស្រី​របស់​ប្រធាន​ក្រុមហ៊ុន SAMSUNG លោក LEE KUN-HEE ។ លោកស្រី​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៩៨ ៕