ឈើ​ជាង ៦ ម៉ឺន​ម៉ែត្រ​គុប​ត្រូវ​ប្រកាស​ដាក់​ដេញ​ថ្លៃ

មណ្ឌលគិរីៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ដេញថ្លៃឈើខុសច្បាប់ជាង ៦ ម៉ឺនម៉ែត្រគុបដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានចាប់រឹបអូសពីក្រុមហ៊ុនដីសម្បទាន និងក្រុមហ៊ុនទិញឈើចំនួន ៧ ក្នុងខេត្តមណ្ឌលគិរីក្នុងតម្លៃមូលដ្ឋានសរុបចាប់ពីជាង ១២ លានដុល្លារអាមេរិកឡើងទៅ។

ឈើ​ជាង ៦ ម៉ឺន​ម៉ែត្រ​គុប​ត្រូវ​ប្រកាស​ដាក់​ដេញ​ថ្លៃ

បន្ទាប់ពីរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការដើម្បីរៀបចំដំណើរការដេញថ្លៃឈើដែលរឹបអូសពីបទល្មើសព្រៃឈើខុសច្បាប់ជាង ៧ ម៉ឺនម៉ែត្រគុបនោះមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃចន្ទម្សិលមិញបានប្រកាសចាប់ផ្តើមលក់ និងទទួលពាក្យពីក្រុមហ៊ុន ឬបុគ្គលឯកជនដែលមានបំណងចង់ចូលរួមដេញថ្លៃទិញឈើទាំងនោះ។

សេចក្តីជូនដំណឹងនោះបានឲ្យដឹងថាការដេញថ្លៃនោះនឹងត្រូវធ្វើឡើងនៅខេត្តមណ្ឌលគិរីមុនគេលើឈើដែលចាប់រឹបអូសពី ៧ ក្រុមហ៊ុនសរុបចំនួន ៦១ ៨០៧,៣៩ ម៉ែត្រគុបហើយតម្លៃសរុបមូលដ្ឋានគឺមានតម្លៃ ១២ ២០៧ ០៨៥ ដុល្លារអាមេរិក។

ក្រុមហ៊ុនចំនួន ៧ នោះរួមមានក្រុមហ៊ុនដាយណាមដាយថាន់ កសិកម្មខ្មែរអង្គរ Master K Son លឹម រ៉ូយ៉ាល់ យូនី ហ្គ្រីន និងក្រុមហ៊ុនប៊ីញភ្វឿក។ ក្នុងនោះក្រុមហ៊ុនដាយណាមមានឈើច្រើនជាងគេគឺរហូតដល់ទៅជាង ២ ម៉ឺនម៉ែត្រគុប។

ការដេញថ្លៃនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី ២៧ ខែមិថុនានេះរហូតដល់ថ្ងៃទី ១ ខែកក្កដាខាងមុខ។

សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក សួង ម៉េងគា ប្រធានអនុគណៈកម្មការដេញថ្លៃលក់ឈើ និងកូនឈើបានសរសេរថា៖ «រូបវ័ន្តបុគ្គល និងនីតិបុគ្គលទាំងអស់លើកលែងតែអ្នកធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងអ្នកជាប់ជំពាក់បំណុលរដ្ឋអាចចូលរួមដេញថ្លៃបាន»។

លោកឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះដោយសារតែការរកស៊ីឈើបានប្រកាសកាលពីខែមុនថាក្រុមហ៊ុនរបស់លោកនឹងមិនចូលរួមការដេញថ្លៃនេះទេដោយសារតែមិនចង់ឲ្យគេបន្តការរិះគន់ថាជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងប្រើប្រាស់ថវិកាដែលបានមកពីលក់ឈើទាំងនេះទៅផ្គត់ផ្គង់ក្នុងវិស័យអប់រំ។

លោកស្រី លក្ខិណា មន្ត្រីនៅរដ្ឋបាលព្រៃឈើដែលចូលរួមរៀបចំដំណើរការដេញថ្លៃនេះបានឲ្យដឹងថាឈើដែលចាប់រឹបអូសបាននឹងត្រូវដាក់ឲ្យដេញថ្លៃនោះទាំងអស់មានជាង ៧ ម៉ឺនម៉ែត្រគុបដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី និងខេត្តក្រចេះ។ ក្នុងនោះខេត្តមណ្ឌលគិរីមានឈើច្រើនជាងគេហើយការដេញថ្លៃដូចគ្នានេះនឹងបន្តធ្វើនៅខេត្តផ្សេងៗទៀតបន្តបន្ទាប់គ្នាតាមដំណាក់កាល។«គេដេញថ្លៃជាដំណាក់កាល។ គេមិនដេញជាសរុបរួមតែម្តងទេព្រោះប្រាក់មូលដ្ឋានហ្នឹងវាច្រើនសម្រាប់អតិថិជន។ អតិថិជនអត់មានលុយទិញ»។

លោកស្រីបន្តថា ភាគីពាក់ព័ន្ធដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយផងបាននិងកំពុងចូលរួមធ្វើការ និងអង្កេតលើការដេញថ្លៃនេះដើម្បីធានាឲ្យបាននូវតម្លាភាព៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍