ហួសហេតុ​ពេក​ហើយ ! ប្រើ​ខុស​ជំនាញ ពេល​តវ៉ា​ដេញ​ចោល

ខេត្តកំពត ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​របស់​ក្រុមហ៊ុន​ធី​ឌី​ជី (TDG CO., LTD) ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ​ប្រមាណ​ពី​៥០​ទៅ​៦០​នាក់ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ​បាន​នាំ​គ្នា​ជិះ​រថយន្ត​២​គ្រឿង​មក​កាន់​មន្ទីរ​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដើម្បី​សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ការងារ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ដែល​ថៅកែ​រោងចក្រ​បញ្ជា​ឲ្យ​កម្មករ​ធ្វើការ​ដោយ​មិន​គោរព​តាម​លក្ខខណ្ឌ​ការងារ​ដែល​បាន​ចែង​ក្នុង​ច្បាប់​ការងារ ។

កម្មករ​-​កម្មការិនី​ទាំងនោះ​បាន​លើក​ឡើង​ថា ឧទាហរណ៍​ដូច​ជា​ខាង​​ជាង​ម៉ាស៊ីន ថៅកែ​ប្រើ​ឲ្យ​ទៅ​ធ្វើការ​ផ្សេង ខុស​មុខ​ជំនាញ ពេល​កម្មករ ឬ​អ្នក​ដែល​ត្រូវ​ថៅកែ​ប្រើ​នោះ​សួរ​ទៅ​ថៅកែ ឬ​តវ៉ា ត្រូវ​បាន​ថៅកែ​ប្រើ​ពាក្យ​គំរោះគំរើយ​ដាក់ និង​បញ្ជា​ឲ្យ​សន្តិសុខ​ដេញ​កម្មករ​នោះ​ចោល ទើប​បងប្អូន​កម្មករ​-​កម្មការិនី​មក​ឲ្យ​លោក​ប្រធាន​មន្ទីរ​ការងារ​ជួយ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​រវាង​ថៅកែ​រោងចក្រ និង​កម្មករ ។

ការ​ដោះស្រាយ​ជុំវិញ​ករណី​ខាងលើ ភាគី​ទាំង​សងខាង​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​​ឡើយទេ​ ។