ម្នាក់​នេះ​ហើយ​ធ្វើបាប​ក្មេង​អាយុ​៤​ឆ្នាំ

ខេត្តស្ទឹងត្រែង ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​ស្រែក​ទ្រហោយំ​រត់​មក​ផ្ទះ​រៀបរាប់​ប្រាប់​ឪពុក​-​ម្តាយ​ថា​នាង​ឈឺ​ខ្លាំង​ណាស់​ព្រោះ​ត្រូវ​បាន​បុរស​ម្នាក់​បៀតបៀន​ផ្លូវភេទ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិត​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហៃ ហ៊ឹ​ម ហៅ វ​ណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ស្ទឹង​ត្រង់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា​កម្មករ​បម្រើ​ការងារ​នៅ​ទំនប់​សាងសង់​វា​រី​អគ្គិសនី​ស្រុក​សេ​សាន ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន​រយៈពេល​២​ថ្ងៃក្រោយ​បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ​បាន​បៀតបៀន​កេ​រ្កិ៍​ខ្មាស​ក្មេង​ស្រី​អនីតិជន និង​មាន​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ ។

ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ថា បន្ទាប់​ពី​កូនស្រី​របស់​គាត់​បាន​ស្រែក​ទ្រហោយំ​រត់​មក​ផ្ទះ​ថា​ឈឺ​ខ្លាំង​ណាស់ ដោយ​ស្មានថា​កូន​ខ្លាច​សត្វល្អិត​ខាំ ឬ​មុត​អ្វីមួយ​នោះ ទើប​សួរនាំ​ទើប​ដឹង​ថា ជនសង្ស័យ​បាន​ចាប់​សម្រាត​ខោ​ទើប​ពិនិត្យ​ទៅ​ឃើញ​ស្នាម​ដាច់​រលាត់ ពួក​គាត់​ដាក់​ពាក្យ​ប្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​តែ​ម្តង ។

ក្រោយ​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ស្វែងរក​ការ​ពិតកាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៦ ទើប​ដឹង​ថា ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ។

បន្ទាប់​ពី​ការ​សាកសួរ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕