ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​មាន​កញ្ចប់​ទេសចរណ៍​ តាម​បែប​ព្យាបាល​ជំងឺ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ Phuc An Khang

ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​មាន​កញ្ចប់​ទេសចរណ៍​ តាម​បែប​ព្យាបាល​ជំងឺ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ Phuc An Khang



ភ្នំពេញ ​៖ ក្រសួងទេសចរណ៍​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ អាស៊ី​អិ​ច​ប្រេ​ស និង​មន្ត្រី​ពេទ្យ​អន្តរជាតិ Phuc An Khang នៅ​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី​៧ ​ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOCC) ដើម្បី​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង២ ពិសេស​បង្ហាញ​ពី​ទេសចរណ៍​បែប​ព្យាបាល​ជំងឺ នៅ​ប្រទេស​វៀតណាម តាមរយៈ​មន្ទីរពេទ្យ​អន្តរជាតិ Phuc An Khang។

លោក ប្រាក់ ច័ន្ទ​តារា អគ្គលេខាធិការ​នៃ​គណៈកម្មការ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​អគ្គនាយករង​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នោះ​ថា “​ដោយមាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​២ ក្រសួងទេសចរណ៍​កម្ពុជា និង​វិស័យ​ឯកជន​នៃ​ប្រទេស​វៀតណាម​បាន​ផ្ដើម​គំនិត​បង្កើត​ឲ្យ​មាន​ទេសចរណ៍​បែប​ព្យាបាល​ជំងឺ ដើម្បី​សម្រួល​ឲ្យ​អ្នក​ទេសចរ​បរទេស ពិសេស​កម្ពុជា​អាច​ធ្វើ​ដំណើរ​កម្សាន្ត និង​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​នៃ​មន្ទីរពេទ្យ អន្តរជាតិ Phuc An Phang នៅ​ទីក្រុង​ហូជីមិញ​ផង​ដែរ​”​។​

លោក​អគ្គនាយករង​បន្ត​ថា វិស័យ​ទេសចរណ៍​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ សុខុមាលភាព និង​ការ​ចង​សម្ពន្ធមេត្រីភាព ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ នៅ​ឆ្នាំ​២០១៥​កន្លង ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ​ជាង​៥​លាន​នាក់ ក្នុង​នោះ ​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ជិត​១​លាន​នាក់​ និង​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេស​ចំនួន​ប្រមាណ​ជា​១​លាន​២​សែន​នាក់ ក្នុង​នោះ​ប្រជាជន​កម្ពុជា​ធ្វើ​ទេសចរ​​ទៅ​វៀតណាម និង​ព្យាបាល​ជំងឺ​វិញ​មាន​ប្រមាណ​៤៥​ម៉ឺន​នាក់​។

លោក​វេជ្ជបណ្ឌិត MAI TIEN HUNG អគ្គនាយក​មន្ទីរ​ពេទ្យ​អន្តរជាតិ Phuc An Phang មាន​ប្រសាសន៍​ថា ផ្អែកលើ​លំហូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង២​មាន​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​មន្ទីរពេទ្យ​របស់​លោក និង​ក្រុមហ៊ុន​ទេសចរណ៍​មួយ​របស់​ប្រទេស​វៀតណាម សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា​បង្កើត​ជា​គំនិត​នេះ​ឡើង ដើម្បី​ផ្លាស់ប្ដូរ​ទេសចរ​គ្នា​ផង និង​ដើម្បី​បម្រើ​សេវាកម្ម​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នក​ទេសចរ​​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​។​

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​អន្តរជាតិ Phuc An Phang មាន​វេជ្ជបណ្ឌិត ​ដែល​មាន​ឯកទេស​ពិតប្រាកដ មាន​បទពិសោធន៍​ព្យាបាល​ជំងឺ​ជាច្រើន​ឆ្នាំ មាន​ឧបករណ៍​ទំនើប សម្រាប់​ពិនិត្យ​ និង​ព្យាបាល​ជំងឺ ដែល​នាំចូល​ពី​ប្រទេស​អាមេរិក ព្យាបាល​ជំងឺ​វះកាត់​ដោយ​មិនបាច់​វះកាត់ ព្យាបាល​ជំងឺ​ស្ត្រី រោគ​ស្ត្រី​គ្រប់​ប្រភេទ ព្យាបាល​ជំងឺមហារីក ដុំ​សាច់​ក្នុង​ស្បូន ព្យាបាល​ជំងឺ​ថ្លើម​ប្រភេទ​C​ធានា​ឲ្យ​ជា​ ទើប​យក​លុយ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​២៤​លើ​២៤​ម៉ោង ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ តម្លៃថោក​សមរម្យ អាច​អ្នកក្រ​មានលទ្ធភាព ចូល​ទៅ​ព្យាបាល នៅ​ទី​នោះ​បាន៕

ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​មាន​កញ្ចប់​ទេសចរណ៍​ តាម​បែប​ព្យាបាល​ជំងឺ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ Phuc An Khang