អគ្គិសនី​កម្ពុជា​ ត​ភ្ជាប់​បណ្ដាញ​តម្លៃ​៦១០​រៀល​ ដល់​បន្ទប់​កម្មករ​បាន​ជាង​២៣​ម៉ឺន​បន្ទប់​ហើយ

អគ្គិសនី​កម្ពុជា​ ត​ភ្ជាប់​បណ្ដាញ​តម្លៃ​៦១០​រៀល​ ដល់​បន្ទប់​កម្មករ​បាន​ជាង​២៣​ម៉ឺន​បន្ទប់​ហើយ



ភ្នំពេញ ​៖ ដើម្បី​ជួយ​កម្មករ​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​តម្លៃ​៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ក៏​ដូចជា​ជួយ​កាត់បន្ថយ​នូវ​ការ​ចំណាយ​របស់​ពួកគេ​នោះ ​គិត​ត្រឹម​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​ អគ្គិសនី​កម្ពុជា​បាន​ត​ភ្ជាប់​បណ្ដាញ ដល់​បន្ទប់​ជួល​របស់​កម្មករ-ការិនី​បាន​ចំនួន​២៣៤,៤២០ ម៉ឺន​បន្ទប់​ហើ​យ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែមិថុនា បាន​ឲ្យ​ដឹង​ថា នៅក្នុង​យុទ្ធនាការ​ចុះ​ភ្ជាប់​ចរន្ត​៦១០ រៀល ជូន​អ្នកផ្ទះ​ជួល ឬ​បន្ទប់​ជួល ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២​៩ ខែមករា ឆ្នាំ​២០១៥ មកទល់​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នោះ​ បាន​ត​ភ្ជាប់​ចំនួន​២៣៤,៤ ២០ បន្ទប់ ​ហើយ​ក្នុង​នោះ​នៅ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​មាន​ចំនួន​៤៩៣៨​បន្ទប់។ ការ​ភ្ជាប់​ចរន្តអគ្គិសនី ៦១០ រៀល នេះ​គឺជា​អត្រា​តម្លៃ​មួយ ដែល​អនុគ្រោះ​ ជូន​ដល់​អ្នកប្រើប្រាស់ ក្រោម ៥០ គីឡូវ៉ាត់​ម៉ោង ក្នុង​មួយ​ខែ​។
​ ​
សេចក្តី​ជូន​ដំណឹង​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិសនី​កម្ពុជា​សូម​កោតសរសើរ​ និង​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់ផ្ទះ​ជួល និង​បន្ទប់​ជួល អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ផ្តល់​កិច្ចសហការ​ការ​គាំទ្រ ​ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ជូន​ដល់​កម្មករ-ការិនី​។ អគ្គិសនី​កម្ពុជា ក៏បាន​ប្ដេជ្ញា​បន្តការងារ​យ៉ាង​សស្រាក់សស្រាំ​រហូតដល់​យុទ្ធនាការ ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​។​

សូម​បញ្ជាក់​ថា យុទ្ធនាការ​ត​បណ្ដាញ​អគ្គិសនី និង​ដំឡើង​កុងទ័រ​ទៅដល់​កន្លែង​ស្នាក់​នៅ​របស់​អ្នក ជួល​បន្ទប់ ឬ​ជួល​ផ្ទះ ជាពិសេស​កម្មករ-ការិនី ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រើប្រាស់​អគ្គិសនី​ក្នុង​តម្លៃ ៦១០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង សម្រាប់​អ្នក​ដែល​ប្រើ​អស់​ក្រោម ៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ ដែល​ជា​តម្លៃ​អនុ​គ្រោះ​របស់​រាជរដ្ឋាភិបាល បាន​ចាប់ផ្ដើម​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​ការ​ប្រកាស​អំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ​ក្រោយពី​មើល​ឃើញ​ថា កម្មករ-ការិនី នៅ​តាម​ផ្ទះ និង​បន្ទប់​ជួល ត្រូវ​បាន​ចំណាយ​ថ្លៃ​ភ្លើង​ខ្ពស់ ពោល​ចាប់ ពី ១.៥០០​រៀល រហូតដល់ ២.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​មិន​មែន​ជា​តម្លៃ​អនុគ្រោះ​របស់​រាជរដ្ឋាភិបាល ហើយ​តម្លៃ​ភ្លើង​ខ្ពស់​នេះ​ទៀតសោត វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​កម្មករ-ការិនី បាន​ប្រសើរ​នោះ​ឡើយ​។​
​ ​
បើ​តាម ​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ត​បណ្ដាញ​អគ្គិសនី និង​ដំឡើង​កុងទ័រ​ដល់​បន្ទប់​អ្នក​ជួល​បន្ទប់ និង​ជួល​ផ្ទះ​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ការ​ចុះ​បំពេញការងារ​ត​បណ្ដាញ​នេះ មាន​បុគ្គលិក​ចំនួន​២៤០​នាក់ ចែកចេញជា​៣០​ក្រុម ក្នុង​មួយ​ក្រុម​មាន​គ្នា​៨​នាក់​។ ក្រុម​និយោជិត​របស់​អគ្គិសនី​កម្ពុជា ចុះ​ទទួល​ពាក្យ​ស្នើសុំ​បន្ត​ចរន្ត និង​ធ្វើការ​ភ្ជាប់​ចរន្តអគ្គិសនី​នៅ​ទីតាំង​ស្នាក់នៅ​រប​ស់​កម្មករ-ការិនី ដោយ​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ធ្វើការ​ចាប់ពី​ម៉ោង​៤និង​៣០​នាទី​ល្ងាច ដល់​ម៉ោង​៨និង​៣​០​នាទី​យប់​។ សម្រាប់​ថ្ងៃអាទិត្យ ធ្វើ​ចាប់ពី​ម៉ោង​៨​ព្រឹក ​ដល់​ម៉ោង​៥​ល្ងាច៕