ពលរដ្ឋ ក្រុងបាវិត រិះគន់អាជ្ញាធរ គ្មានវិធានការ លើផែស្ងួត សូរ ងួន ដែលធ្វើឲ្យ ខូចខាត ផ្លូវជាតិលេខ១

បាវិត៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាវិត ក៏ដូចជាអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ១ បានរិះគន់ចំៗ ដល់ក្រុមហ៊ុនផែស្ងួត សូរ ងួន ដែលបង្កឲ្យ មានការខូចខាតផ្លូវជាតិលេខ១ និងមានជង្ហុកធំៗ ហើយមានដក់ទឹក ស្ទើរតែចិញ្ចឹមត្រីបាន ហើយតែងតែបង្ក គ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរទាំងពេលថ្ងៃ និងយប់ជារឿយៗ មានខ្លះរបួសធ្ងន់ស្រាល ឈានដល់បាត់បង់ជីវិត ជាច្រើននាក់ទៀតផង។

មិនត្រឹមតែរថយន្តកុងតឺន័រ រាប់រយគ្រឿង បានបត់ចេញចូលក្នុងផែ បណ្តាលឲ្យខូចខាតផ្លូវជាតិប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ហាក់ធ្វើមិន ដឹងមិនឮ មិនព្រមធ្វើការជួសជុលផ្លូវ ដែលខូចខាត នៅខាងមុខផ្លូវចូលផែស្ងួតនោះទេ គឺគ្រាន់តែចាក់ខ្សាច់ភ្នំប៉ុណ្ណោះ នៅពេលភ្លៀងម្តងៗ បែកល្បាប់ភក់ពេញផ្លូវជាតិ ធ្វើឲ្យអ្នកដំណើរជិះម៉ូតូដួល បើពេលរាំងភ្លៀង ដីហុយមកលើផ្ទះប្រជាពលរដ្ឋ ជិតខាង មិនអាចរកស៊ីលក់ដូរបាននោះទេ។ 

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាវិត បានឲ្យដឹងថា ជាច្រើនឆ្នាំមកនេះ នៅមុខផែស្ងួតសូរ ងួន គឺមានការខូចខាតផ្លូវ ខ្លាំងណាស់ ហើយមិនដែលឃើញមាន អាជ្ញាធរពាក់ព័ន្ធណា មានចាត់វិធានការ ឬទប់ស្កាត់ដល់ ក្រុមហ៊ុនផែស្ងួតមួយនេះ មកជួសជុលនោះទេ។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់សូមឲ្យអាជ្ញាធរ ជួយជំរុញឲ្យខាងក្រុមហ៊ុន ជួយជួសជុលផ្លូវជាតិ ឡើងវិញផង ព្រោះចូលដល់រដូវវស្សាហើយ និងមានទឹកដក់ដូចស្រះអីចឹង វាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរផងដែរ។

បើតាមលោក សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍តាមទូរស័ព្ទ ឲ្យដឹងថា កន្លងមកសាលាក្រុងបាវិត បានចេញ លិខិតឲ្យក្រុមហ៊ុនផែស្ងួត សូរ ងួន ធ្វើការជួសជុលផ្លូវខាងមុខក្រុមហ៊ុន តែបើទោះបីជាអាជ្ញាធរ ណែនាំជាច្រើនលើក ច្រើនសាក៏ដោយ ប៉ុន្តែខាងក្រុមហ៊ុន មិនបានគោរពតាមការស្នើសុំ របស់អាជ្ញាធរដែនដីនោះទេ។

បើតាមឲ្យដឹង ពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា កន្លងមកមន្ទីរខេត្ត បានធ្វើការជួសជុលផ្លូវជាតិ មុខផែស្ងួត ជាញឹកញាប់ណាស់ តែមិនអាចទ្រាំទ្រ នឹងទម្ងន់រថយន្តកុងតឺន័រ និងរថយន្តដឹកហ្គាស់ រាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដែលមានទម្ងន់ធ្ងន់ៗ បត់ចេញចូលបាននោះទេ ប៉ុន្តែក្រុមហ៊ុនផែស្ងួត មិនបានអើពើ ធ្វើការជុសជុលផ្លូវម្តងណាឡើយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពលរដ្ឋ ក្រុងបាវិត រិះគន់អាជ្ញាធរ គ្មានវិធានការ លើផែស្ងួត សូរ ងួន ដែលធ្វើឲ្យ ខូចខាត ផ្លូវជាតិលេខ១

ពលរដ្ឋ ក្រុងបាវិត រិះគន់អាជ្ញាធរ គ្មានវិធានការ លើផែស្ងួត សូរ ងួន ដែលធ្វើឲ្យ ខូចខាត ផ្លូវជាតិលេខ១

ពលរដ្ឋ ក្រុងបាវិត រិះគន់អាជ្ញាធរ គ្មានវិធានការ លើផែស្ងួត សូរ ងួន ដែលធ្វើឲ្យ ខូចខាត ផ្លូវជាតិលេខ១