ឡើង​ដាក់​ស្លាក​ប៉ាណូ​ដ៏​ខ្ពស់ ចរន្ត​ភ្លើង​ស្រាត​ឆក់ ​ធ្លាក់​ទើរ​លើ​ដែក​ទម្រ

ឡើង​ដាក់​ស្លាក​ប៉ាណូ​ដ៏​ខ្ពស់ ចរន្ត​ភ្លើង​ស្រាត​ឆក់ ​ធ្លាក់​ទើរ​លើ​ដែក​ទម្រ



ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​ក្រុមហ៊ុន​ម៉ា​ល់​ធី ណេ​សិន​ណ​ល អេ​ត​វើ​ថា​យ​សុ​ន គ្រុប​រង​របួសធ្ងន់​ដោយសារ​ចរន្តអគ្គិសនី​ឆក់ ខណៈ​ដំឡើង​ស្លាក​ប៉ាណូ ហើយ​គ្រោង​ដែក​ប៉ះ​ជាមួយ​ខ្សែភ្លើង​ស្រាត​តង់ស្យុង​ខ្ពស់​សន្ធឹង​នៅ​តាម​បណ្តោយ​ផ្លូវ ។

តាម​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា នា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ មិថុនា គ្រោះថ្នាក់​នោះ​កើតឡើង​នៅ​មុខ​ស្ថានីយ​ប្រេង TOTAL ឃ្លាំង លើ​ស្ថិត​ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ ជន​រង​គ្រោះ​ឈ្មោះ​យី សា​វ័​ន្ត​អាយុ​២៤​ឆ្នាំ ជា​ជាង​ផ្សារ​ដែក​បាន​ឡើង​លើ​បង្គោល​ប៉ាណូ​របស់​ក្រុមហ៊ុន និង​លើក​ដែក​ទៅ​ប៉ះ​ខ្សែភ្លើង​ស្រាត​បណ្តាល​ឲ្យ​ឆក់ តែ​សំណាងល្អ​មិន​ធ្លាក់​ដល់​ដី​ទេ ដោយ​ដួល​ទើរ​លើ​ដែក​ទម្រ​របស់​ប៉ាណូ ។

បុរស​ឈ្មោះ​អុ​ិ​ន ចាន់​ណា អាយុ​២៣ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ជា​បុគ្គលិក​ក្រុមហ៊ុន​ជាមួយ​គ្នា​រៀបរាប់​ថា ជន​រង​គ្រោះជា​បុគ្គលិក​ទើប​ចូល​ថ្មី ធ្វើការ​ក្នុង​ក្រុមហ៊ុន​បាន​តែ​រយៈពេល​៥​ខែ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​កើតហេតុ​យី សា​វ័​ន្ត បាន​ឡើង​ទៅ​លើ​ប៉ាណូ ដើម្បី​រៀបចំ​តាំង​ស្លាក​យីហោ​ថ្មី​របស់​ក្រុមហ៊ុន​ISI (​ក្រុមហ៊ុន​ផលិត​ស័ង្កសី​) ប៉ុន្តែ​ពេល​លើក​ដែក​ដើម្បី​ផ្សារ​ក៏​មាន​ខ្យល់ ហើយ​បោកបក់​កន្ទុយ​ដែក​នោះ រួម​ជាមួយ​ផ្ទាំង​ក្រណាត់​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​អគ្គិ​ស នី​ឆក់​តែ​ម្តង ។ ចាត់ទុកជា​សំណាង​ដែល​មិន​ធ្លាក់​ដល់​ដី​ក្នុង​កម្ពស់​ជាង​៦​ម៉ែត្រ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​រិះគន់​ក្រុមហ៊ុន​ហាក់​ធ្វេសប្រហែស​ក្នុង​ការ​បង្រៀន​បុគ្គលិក​សម្រាប់​បំពេញការងារ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បែប​នេះ ព្រោះ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​បុគ្គលិក​ឡើង​ធ្វើការ ម្តង​ៗ​ពុំ​ឃើញ​ពាក់​ខ្សែក្រវាត់​ការពារ​ទាល់តែ​សោះ ។ ចាត់​ទុក​ថា​សំណាង​ហើយ​បាន​ដែក​ទម្រ​ជាប់​នឹង​សសរ​ស្លាក​ប៉ាណូ​ទប់ កុំ​អី​ធ្លាក់​មក​ដី​ស្លាប់​មិន​ខាន ។

ជន​រង​គ្រោះ​ត្រូវ​គេ​យោង​ចុះ​ពីលើ​ប៉ាណូ រួច​នាំ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​កំពង់សោមភ្លាម ៕