ចៅហ្វាយស្រុក​ប្រាប់​ពី​មូលហេតុ អ្នក​ភូមិ​ផ្អើល​នាំ​គ្នា​ជីក​កកាយ​រក​មាស

ចៅហ្វាយស្រុក​ប្រាប់​ពី​មូលហេតុ អ្នក​ភូមិ​ផ្អើល​នាំ​គ្នា​ជីក​កកាយ​រក​មាស



ខេត្ដតាកែវ ៖ ក្រោយពីប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ផ្ទោល បាន​នាំ​គ្នា​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ជីក​មាស​នៅ​តាម​វាលស្រែ​  លោក ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរ​បូ​រី មាន​ប្រសាសន៍​ឱ្យ​ដឹងនៅថ្ងៃរសៀលថ្ងៃទី៦ មិថុនា ម្សិលមិញនេះ​ថា ចំណុច​ដែល​មាន​ប្រជាពលរដ្ឋ​ផ្អើល​នាំ​គ្នា​ទៅ​ជីក​កកាយ​រក​មាស ឬ​វត្ថុ​មាន​តម្លៃ​នោះ ស្ថិត​នៅ​ក្នុងភូមិ​អង្គរ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូ​រី ។ លោក​និយាយ​ថា ទីនោះ​ជា​វាលស្រែ កាលពីមុន​មក​កន្លែង​នេះ​ជា​ទួល​អង្គ​បុរាណ​មួយ ប៉ុន្ដែ​ក្រោយមក​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ធ្វើ​នៅ​ក្បែរ​នោះ​ក៏​មាន​ជួល ត្រាក់ទ័រ មក​ឈូស​ឆាយ​ឱ្យ​ដី​រាបស្មើ ក្លាយជា​ដីស្រែ​អស់​ទៅ​ហើយ ។

លោក​អភិបាលស្រុក​អង្គរ​បូ​រី បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ២០១៦ សកម្មភាព​របស់​ប្រជាពលរដ្ឋ មាន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់ ដែល​លើកគ្នា​ភ្លូកទឹកភ្លូកដី បោះបង់​ចោលការ​ងារ​ផ្សេង​ៗ​អស់ហើយ​នាំ​គ្នា​ទៅ​ជីក​កកាយ​រក​កំណប់ ជា​វត្ថុ​មាន​តម្លៃ​បាន​ស្ងាត់​ទៅ​វិញ​ហើយ បន្ទាប់​ពី​ការ​ផ្អើល​មួយ​ឈុ​ល​ទៅ​ជីក​កកាយ​រក តែ​រក​មិន​បាន ។

លោក អភិបាលស្រុក​បាន​ពន្យល់​ទៀត​ថា បន្ទាប់​ពី​ម្ចាស់​ស្រែ​បាន​ឈូស​ឆាយដី​ទួល​អង្គ​នេះ​រួច​មក​កាលពី​ថ្ងៃ​ទី​២ មិថុនា នៅ​វេលា​រសៀល ក្មេង​ៗ​បាន​ទៅ​ឃ្វាលគោ​នៅ​ទីនោះ បាន​រត់​ប្រលែង​គ្នា​លេង ក៏​រើស​បានកូន​ក្រឡ​តូច​មួយ ជា​មាស​ នៅ​កៀន​ភ្លឺស្រែ រួច​ក្មេង​ៗ​បាន​ស្រែក​ហោ​សប្បាយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក ភូមិ ល្បី​ថា​ក្មេង​ឃ្វាលគោ​ម្នាក់រើស​បាន​មាស​ជិត​២​ខាំ ។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ ក៏​បាន​និយាយ​គ្នា​ពី​មួយ​ទៅ​មួយថា «​ទី​នេះ​មាន​កំណប់​ពី​បុរាណ​» ក៏​បាន​នាំ​គ្នា​មក​ជីក​កកាយ​ស្វែង​រកតែ​រក​មិនឃើញ​អ្វី​ទេ ។

លោកបន្ត​ហើយ​មួយ​ផ្សេង​ទៀត​អ្នក​ភូមិ​យល់​ថា​ទីកន្លែង​នេះ​កាលពីដើម​ស្រុក​អង្គរ​បូ​រី​នេះ គេ​ហៅ​ថា នគរ​គោក​ធ្លក ជា​ទឹកដី​ទីក្រុង​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា យើង ហើយ​ជាទី​ក្រុង​របស់​ស្តេច​គង់នៅ ទើប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​កំពែង​ជុំវិញ និង​មាន​របស់​មាន​តម្លៃ​រាប់រយ​មុខ​ដូច្នេះ​ហើយ ជា​រឿយ​ៗ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរ​បូ​រី​តែងតែ​រើស ឬ​ជីក​កកាយ​បាន​មាស​និង​វត្ថុ​មាន​តម្លៃ​ប្លែក​ៗ មាន​សម្ភារ​ប្រើប្រាស់​របស់​ស្តេច​កាលពី​សម័យ​មុន​ជាដើម ។

លោក បញ្ជាក់​ថា ការ​ជីក​កកាយ​រក​របស់​អ្នក​ភូមិ​មាន​ក្មេង​ចាស់​ប្រុស​ស្រី តាំងពី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា​មក​ម្ល៉េះ តែ​នៅ​ពេល​រក​មិន​បាន ក៏​ឈប់​អស់​ទៅ ពេល​ខ្លះ​ពេល​រើស​បាន​វត្ថុ​មួយ​ៗ មិន​ដែល​បាន​ទុក​ទេ គឺ​ត្រូវ​បាន​ឈ្មួញ​ទិញ​យក​ទៅ​លក់​បន្ដ​តាម​ទីផ្សារ ។ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​អស់​មាន​អ្វី​សល់​ទៀត​ទេ ។ លុះដល់​ថ្ងៃ​ទី​៥ មិថុនា ទើប​រូប​លោក និង​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ចុះ​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ក្នុងភូមិ កុំឱ្យ​បន្ដ​ជីក​កកាយ​រក​មាស​បន្ត​ទៀត ៕