សក្ដានុពល​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង​របស់​សហគមន៍​នៅ​ខេត្ត​ពោធិ៍សាត់

តំណាង​សហគមន៍ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ រំពឹង​ថា ក្នុង​ពិធី​បុណ្យ​ធំៗ ពិសេស​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​តិច ១​ម៉ឺន​នាក់​ចូល​កម្សាន្ត និង​លេង​ទឹក​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង។ អ្នក​ភូមិ​នៃ​ឃុំ​ឈើតុំ ស្រុក​ក្រគរ បាន​ចងក្រង​គ្នា​ជា​សហគមន៍​គ្រប់គ្រង​តំបន់​ទេសចរណ៍​នេះ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​ជំនាញ។

តើ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ហើយ​អ្នក​ចូល​កម្សាន្ត​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា?

តំណាង និង​សមាជិក​នៃ​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ចូល​កម្សាន្ត និង​លេង​ទឹក​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ៧០០​នាក់​ទៅ ១​ពាន់​នាក់ នៅ​រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ។ ចំណែក​ថ្ងៃ​ធម្មតា​វិញ គឺ​មាន​ចន្លោះ​ពី ៥០​នាក់​ទៅ ៦០​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​បាន​ឈាន​ដល់ ៨​ពាន់​នាក់​ទៅ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង លោក យឹម ចន្ធី មាន​ប្រសាសន៍​ថា តំបន់​ទេសចរណ៍​នេះ​មាន​លក្ខណៈ​ពិសេស​បី គឺ​ទី​១ មាន​ទឹក​ថ្លា​ត្រជាក់។ ទី​២ មាន​ទេសភាព​ស្រស់​ថ្លា និង​ទី​៣ មាន​ទឹក​ជ្រោះ​ធ្លាក់​ចំនួន ៩​ដំណាក់។ លោក​ថា ភ្ញៀវ​ត្រូវ​ចំណាយ​ថ្លៃ​ចូល​កម្សាន្ត ឬ​លេង​ទឹក​ក្នុង​ម្នាក់ ១​ពាន់​រៀល ផ្ញើ​ម៉ូតូ ២​ពាន់​រៀល។ ចំណែក​គ្រែ​អង្គុយ និង​ម្ហូប​អាហារ ត្រូវ​ចំណាយ​តាម​ជាក់ស្ដែង៖ «សម្រាប់​ចូល​ទៅ​បន្ទប់​ទឹក​អត់​គិត​លុយ​អី​ទាំងអស់។ នៅ​ច្រក​ល្អៀង​នេះ​ដែល​គេ​ចូល​ចិត្ត​ជាង​គេ គឺ​ទឹក​ត្រជាក់ និង​អនាម័យ​របស់​យើង​ស្អាត។ ភ្ញៀវ​យក​ទៅ​ហូប​ក្នុង​ទឹក ហើយ​ជួល​អ្នក​រើស​សំរាម​ឲ្យ​ស្អាត។ កម្លាំង​អនាម័យ​ពេល​បុណ្យ​ទាន​មិន​តិច​ជាង ៦​នាក់​ទេ»

គណៈកម្មការ​ដែល​មាន​ប្រធាន និង​សមាជិក​សរុប​ចំនួន ២២​រូប បាន​ជ្រើសរើស​ចេញ​ពី​ភូមិ​ចំនួន​១២ នៃ​ឃុំ​ឈើតុំ ដែល​ឋិត​នៅ​ជុំវិញ​តំបន់​ទេសចរណ៍​នោះ។ ប្រធាន និង​សមាជិក ត្រូវ​បំពេញ​ការងារ​ចំនួន ១៦​ថ្ងៃ​ក្នុង​មួយ​ខែ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ អនាម័យ និង​សុវត្ថិភាព​របស់​ភ្ញៀវ ដោយ​ម្នាក់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ចំណែក​ប្រាក់​ចំណូល​ដែល​នៅ​សល់ ត្រូវ​បែង​ចែក​ទៅ​ឲ្យ​មន្ទីរ​ជំនាញ ព្រម​ទាំង​ចំណាយ​មួយ​ផ្នែក​ទៀត​ទៅ​លើ​បង្គន់​អនាម័យ និង​អភិវឌ្ឍ​កន្លែង​កម្សាន្ត ឬ​កន្លែង​លេង​ទឹក​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង លោក យឹម ចន្ធី មាន​ជំនឿ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ បណ្ដាញ​អគ្គិសនី និង​ផ្លូវ​ដែល​កំពុង​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៥ នៃ​ទី​រួម​ស្រុក​ក្រគរ ចូល​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ អាច​នឹង​ដំណើរ​ការ។ លោក​ថា ពេល​មាន​ផ្លូវ​ស្រួល ភ្ញៀវ​ទេសចរ​នឹង​ចូល​កម្សាន្ត​កាន់​តែ​ច្រើន ហើយ​ស្រប​ពេល​គ្នា​នោះ សហគមន៍​នឹង​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​ចូល​តាម​ផ្ទះ​ជួល​ស្នាក់នៅ​របស់​ភ្ញៀវ និង​អាច​ត​ភ្ជាប់​ទៅ​បំភ្លឺ​នៅ​តាម​ដំណាក់​នីមួយៗ​នៃ​ទឹក​ជ្រោះ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​លេង​ទឹក ឬ​សម្រាក​នៅ​ពេល​យប់​តែ​ម្ដង ដោយ​មិន​ចាំបាច់​តក់ក្រហល់​ចេញ​ទៅ​ផ្ទះ​វិញ៖ «បើ​និយាយ​នៅ​រដូវ​ភ្ជុំ​វិញ យើង​ប្រយ័ត្ន​ជា​ទីបំផុត ដោយសារ​យើង​ទិញ​ខ្សែ​ពួរ​មក​ចង​គ្រប់​តំបន់​ដែល​មាន​ទឹក​ជ្រៅ»

តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង ដែល​អ្នក​ស្រុក​និយម​ហៅ​តៗ​គ្នា​ថា ទឹក​ធ្លាក់​តំបន់​យ៉ោក​នោះ បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​២០០២ ហើយ​បច្ចុប្បន្ន​ក្លាយ​ជា​កន្លែង​កម្សាន្ត និង​លេង​ទឹក​យ៉ាង​ពេញ​និយម​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ ប៉ុន្តែ​គេ​កម្រ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទៅ​កម្សាន្ត ឬ​លេង​ទឹក​នៅ​តំបន់​នោះ​ណាស់។

កំពុង​អង្គុយ​លើ​គ្រែ​ក្បែរ​មាត់​ទឹក​នៃ​ដំណាក់​ទឹក​ឈូ​ដែល​ជា​ដំណាក់​ទឹក​ធ្លាក់​ស្អាត​មួយ​ក្នុង​ចំណោម​ដំណាក់​ទាំង​៩ របស់​តំបន់​ទេសចរណ៍​ច្រក​ល្អៀង គឺ​លោកស្រី ទូច ស្រីញ៉ឹប មាន​ប្រសាសន៍​ថា រូប​គាត់ និង​អ្នក​ភូមិ​ផ្សារ​សាលា​លេខ​ប្រាំ ខេត្ត​កំពង់ឆ្នាំង ចំនួន ១០​នាក់​ផ្សេង​ទៀត ពេញ​ចិត្ត​តំបន់​ទេសចរណ៍​នេះ ហើយ​តែង​តែ​នាំ​គ្នា​មក​លេង​ជា​ប្រចាំ។ លោកស្រី​ថា ដំណើរ​កម្សាន្ត​មក​ច្រក​ល្អៀង គឺ​ជា​ជម្រើស​ល្អ​របស់​ភ្ញៀវ។

យ៉ាង​ណា រាល់​ដំណើរ​កម្សាន្ត ឬ​លេង​ទឹក​នៅ​ទីនេះ លោកស្រី និង​សាច់ញាតិ កម្រ​ទិញ​ម្ហូប​អាហារ​នៅ​រមណីយដ្ឋាន​ណាស់ គឺ​ធ្វើ​ហើយ​ស្រេចៗ​ខ្លួន​ឯង​មក​ពី​ផ្ទះ ព្រោះ​ម្ហូប​គេ​ធ្វើ​អាច​មិន​ត្រូវ​ចិត្ត៖ «មក​ឥឡូវ​នេះ​មាន​ផ្លូវ​ស្រួល តែ​កាល​មក​មុន​នោះ ផ្លូវ​តូច​ហើយ​សុទ្ធ​តែ​ព្រៃ។ លោក ជិន ជេដ្ឋា៖ មក​ប៉ុន្មាន​នាក់? មក​ជាង ១០​នាក់។ បញ្ហា​សំរាម​ចង់​ឲ្យ​តែ​មាន​អនាម័យ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​សម្អាត​បរិស្ថាន​ឲ្យ​ល្អ​ក្នុង​តំបន់​ទេសចរណ៍​នីមួយៗ ស្រួល​ភ្ញៀវ​គេ​មក​ទេសចរណ៍​អី​ឃើញ​ថា ស្រុក​ខ្មែរ​យើង​តំបន់​ស្អាត​បាត​អ៊ីចឹង»

ចំណែក​អាជីវករ​លក់​បាយ​ម្ហូប និង​ជា​ម្ចាស់​គ្រែ​ចំនួន​១០ នៅ​ដំណាក់​មនោរម្យ​នៃ​រមណីយដ្ឋាន​ច្រក​ល្អៀង គឺ​លោកស្រី កាំង គីមឡាង មាន​ប្រសាសន៍​ថា ដ្បិត​អ្នក​មក​កម្សាន្ត ឬ​លេង​ទឹក​ភាគ​ច្រើន​រៀបចំ​បាយ​ទឹក​ដាក់​ឡាន ឬ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ដើម្បី​ហូប​ចុក ប៉ុន្តែ​គាត់​នៅ​តែ​លក់​ដាច់ ជាពិសេស​នៅ​ថ្ងៃ​បុណ្យ​ធំៗ។ ចំពោះ​ភ្ញៀវ​ដែល​ចង់​កុម្ម៉ង់​ម្ហូប​ហូប​ជា​ក្រុម ត្រូវ​ប្រាប់​មុន​មួយ​ថ្ងៃ​ទើប​អាច​ធ្វើ​ទាន់៖ «ព្រលឹម​ឡើង​យើង​ចេញ​ពី​ផ្ទះ​មក​ដល់​នេះ​ហើយ បើ​មក​ដល់​បាន​កុម្ម៉ង់ គឺ​បន្លែបន្លុក​អី​នៅ​នេះ​អត់​មាន​ស្រាប់ៗ​ទេ ទាល់​តែ​រត់​ទៅ​ផ្សារ​ឆ្ងាយ​ពី​នេះ​ទៅ​ផ្សារ​ចម្ងាយ ១៧​គីឡូម៉ែត្រ។ យើង​ទៅ​មក​ហួស​ម៉ោង​បាយ​គេ។ តែ​ម្ហូប​កុម្ម៉ង់​ខ្ញុំ​មាន និង​ភេសជ្ជៈ​អី​មាន​ទាំងអស់»

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ ដំឡើង​ផ្ទាំង​ប៉ាណូ​ធំ​មួយ​ក្នុង​រមណីយដ្ឋាន​បង្ហាញ​ពី​មុខ​ម្ហូប និង​ភេសជ្ជៈ​ដែល​មាន​ភ្ជាប់​នឹង​តម្លៃ​ស្រេច ប៉ុន្តែ​អាជីវករ​នៅ​តែ​លក់​តាម​ស្ថានភាព ឬ​ទីផ្សារ​ជាក់ស្ដែង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ លោក សំ ឃីម ថ្លែង​ថា ការ​រៀបចំ​តំបន់​ទេសចរណ៍​មួយ​នេះ គឺ​ឋិត​នៅ​ក្នុង​អន្តរកាល ឬ​បណ្ដោះអាសន្ន​នៅ​ឡើយ ដែល​មិន​អាច​ឲ្យ​មន្ទីរ​ជំនាញ​របស់​លោក​ដក​ខ្លួន​ចេញ​ពី​សហគមន៍​បាន ខណៈ​បណ្ដាញ​អគ្គិសនី និង​ការ​ស្ថាបនា​ផ្លូវ​ប្រវែង ៤១​គីឡូម៉ែត្រ​ចូល​ទៅ​តំបន់​នោះ កំពុង​ដំណើរ​ការ។ លោក​ថា អាជ្ញាធរ​ខេត្ត​ទើប​បង្កើត​គណៈកម្មការ​ចម្រុះ​ថ្មី​មួយ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​មាន​សមាសភាព​ពី​ខាង​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍ​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង​នេះ៖ «យើង​មិន​ចេះ​តែ​យក​មនុស្ស​ប៉ុន្មាន ឡាន​ប៉ុន្មាន​ទេ? ប៉ុន្តែ​ឥឡូវ​នេះ វា​ឋិត​នៅ​អន្តរកាល តែ​យើង​បាន​ពង្រាង​ហើយ ត្រៀម​ហើយ​សុំ​គោលការណ៍​ថ្នាក់​ខេត្ត ហើយ​ផ្ញើ​ទៅ​ក្រសួង យើង​បាន​ពង្រាង​ហើយ​ថា ម្នាក់​យក​ប៉ុន្មាន? ឡាន​តូច​ប៉ុន្មាន? ឡាន​ធំ​ប៉ុន្មាន? តែ​សំខាន់​លើ​ថ្នាក់​ជាតិ​កំណត់​ទេ»

លោក សំ ឃីម បញ្ជាក់​ថា នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ មាន​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ចំនួន​បី​កន្លែង គឺ​នៅ​ស្រុក​វាលវែង ចំនួន​ពីរ​កន្លែង និង​មួយ​កន្លែង​ទៀត​នៅ​ស្រុក​ក្រគរ។ តំបន់​ទេសចរណ៍​ទាំង​នេះ កំពុង​អភិវឌ្ឍ​នៅ​ឡើយ ហើយ​មាន​តែ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង​ប៉ុណ្ណោះ​ដែល​មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ជាង​គេ។ តំបន់​ទេសចរណ៍​មួយ​នេះ មាន​កំណើន​ភ្ញៀវ​យ៉ាង​ឆាប់​រហ័ស គឺ​នៅ​ឆ្នាំ​២០១៤ មាន​ជាង ៤​ម៉ឺន​នាក់ (៤៣.៧០០​នាក់) និង​នៅ​ឆ្នាំ​២០១៥ មាន​ជិត ៩​ម៉ឺន​នាក់ (៨៦.២០០​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។