មូលនិធិ​វី​តា​ល់​ ឧបត្ថម្ភ​ដល់​សហគមន៍​បុប្ផា ​បង្រៀន​កុមារ​ក្រីក្រ​ឥតគិតថ្លៃ​

មូលនិធិ​វី​តា​ល់​ ឧបត្ថម្ភ​ដល់​សហគមន៍​បុប្ផា ​បង្រៀន​កុមារ​ក្រីក្រ​ឥតគិតថ្លៃ​



​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​៤ ខែ​​មិថុនា ឆ្នាំ​២០១៦ មូលនិធិ​២៥៛ វី​តា​ល់ ​ផ្តល់​ជំនួយ​ដល់​សាល​សហគមន៍​បុប្ផា ជា​សហគមន៍​បង្រៀន​កុមារ​ក្រីក្រ​ឥតគិតថ្លៃ ដែល​មាន​ទីតាំងនៅ ភូមិ​អង្គ​ទម្លាប់ ឃុំ​សំ​រោងទង ខេត្ត​កំពង់ស្ពឺ។ វី​តា​ល់ ​ក៏បាន​ពាំនាំ​ភាព​សប្បាយ​រីករាយ ក្តី​រំភើប បូករួម​ទាំង​អំណោយ​ដូចជា ​ប្រដាប់ប្រដា​ក្មេង​លេង សម្ភារៈ​សិក្សា ព្រមទាំង​ថវិកា​មួយចំនួន ​ជូន​ដល់​កុមារ​ក្នុង​សហគមន៍​ប្រមាណ​ជាជាង​២០០​នាក់​ផង​ដែរ​។​

លោក ​ជុន​ហៀ​ង ថាវ​សិទ្ធិ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ដឹកនាំ​កម្មវិធី​សប្បុរសធម៌​នេះ បាន​មានប្រសាសន៍ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​អតិថិជន វី​តា​ល់ ប្រាកដជា​បានដឹង​ពី​មូលនិធិ វី​តា​ល់ ដែល​ក្រុមហ៊ុន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការងារ​សង្គម។ វី​តា​ល់ គឺ​សកម្ម​ណាស់​ចំពោះ​ការងារ​មនុស្សធម៌ ព្រោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​។ ការឧបត្ថម្ភ​គឺ​មាន​គ្រប់​រូបភាព​នៃ​អំពើ​មនុ​ស្សធម៌ ដើម្បី​ជា​សក្ខីភាព​នៃ​ការចូលរួម​គាំទ្រ​ វី​តា​ល់​បង្កើន​ឲ្យ​មូលនិធិ ២៥៛​វី​តា​ល់​ កាន់តែ​រីក​ធំ​ផ្អែក​លើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។

លោក​បន្ត​ថា ទាំង​ថ្នាក់ដឹកនាំ និង​អគ្គ​នាយិកា វី​តា​ល់​ តែងតែមាន​ទឹកចិត្ត​សន្តោស​ប្រពៃ​របស់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ វិស័យ​អប់រំ បរិស្ថាន វប្បធម៌​។​ល​។ ហើយ​លើក​នេះ​ក៏​ដូចគ្នា ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​បុប្ផា ព្រមទាំង​អបអរសាទរ​ដល់​ទិវា​កុមារ​អន្តរជាតិ មូលនិធិ​វី​តា​ល់ នឹង​ពាំនាំ​សម្ភារៈ​សិក្សា ប្រដាប់ប្រដា​ក្មេង​លេង ផលិតផល​វី​តា​ល់ ព្រមទាំង​ថវិកា​មួយចំនួន សម្រាប់​ចែក​ជូន​ដល់​កុមារ​ក្រីក្រ ក្នុងភូមិ​អង្គ​ទម្លាប់​នេះ​។ វី​តា​ល់ ក៏​មាន​ជា​ការ​លេង​ហេ្គម​ចំណេះដឹង ការ​បង្រៀន​ពី​ការ​លាង​ដៃ និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​ សម្រាប់​ក្មេងៗ ​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ដ៏​ល្អ​សម្រាប់​ពួកគេ​ក្នុង​ថ្ងៃ​សិទ្ធិ​កុមារ​។

សហគមន៍​បុប្ផា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវតី​ម្នាក់​ ឈ្មោះ បុប្ផា អាយុ​ត្រឹមតែ​២១​ឆ្នាំ​ ដែល​មាន​ឆន្ទៈ និង​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​នៅក្នុង​ភូមិ​។ សហគមន៍​ទទួល​បង្រៀន​បន្ថែម​ឥត​គិត​ថ្លៃ សម្រាប់​កុមារ​សហគមន៍​ ដើម្បី​ពង្រឹង​ចំណេះដឹង​ភាសា​អង់គ្លេស និង​សិល្បៈ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ នៅក្នុង​ភូមិ​អង្គ​ទម្លាប់ ខេត្តកំពង់ស្ពឺ​។

ប្រធាន​សមាគម ខាន់ ចាន់​បុប្ផា ​និយាយ​ថា មូលហេតុ​ដែល​នាង​លះបង់​ទាំង​ពេលវេលា ទឹកចិត្ត ព្រម​ទាំង​ប្រាក់​កាក់​ផ្ទាល់ខ្លួន ​ដើម្បី​បង្កើត​ជា​សហគមន៍ បង្រៀន​ឥតគិតថ្លៃ​នេះ​ឡើង​គឺ​ដោយសារតែ​នា​ង​ចង់​បណ្ដុះបណ្ដាល​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ស្រឡាញ់​ការសិក្សា និង​មិន​ងាយ​បោះបង់​ការសិក្សា​ចោ​ល ដូច​កុមារៗ​នៅ​ជំនាន់​នាង ដែល​មិត្តភក្ដិ​របស់​នាង​សឹងតែ​ទាំងអស់​បាន​បោះបង់​ការសិក្សា​ចោល​ទាំង​ខ្លួន​នៅ​វ័យក្មេង​។ នាង​ថា ស្នាមញញឹម ពោរពេញ​ដោយ​ក្តី​សង្ឃឹម​របស់​កុមារ​គឺជា​កម្លាំងចិត្ត​ដែល​ជំរុញ​ឲ្យ​នាង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​មួយ​នេះ​អស់​ជាច្រើន​ឆ្នាំ​ ដោយ​មិនបាន​ទទួល​កម្រៃ​អ្វីមួយ​រៀ​ល​សោះ​៕

មូលនិធិ​វី​តា​ល់​ ឧបត្ថម្ភ​ដល់​សហគមន៍​បុប្ផា ​បង្រៀន​កុមារ​ក្រីក្រ​ឥតគិតថ្លៃ​

មូលនិធិ​វី​តា​ល់​ ឧបត្ថម្ភ​ដល់​សហគមន៍​បុប្ផា ​បង្រៀន​កុមារ​ក្រីក្រ​ឥតគិតថ្លៃ​