ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ​ ត្រូវ​បាន​ខាង​ធនាគារ​ជាតិ​កម្ពុជា​ សាខា​ខេត្ត​បន្ទាយមានជ័យ​ចុះ​ដកហូត​

ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ​ ត្រូវ​បាន​ខាង​ធនាគារ​ជាតិ​កម្ពុជា​ សាខា​ខេត្ត​បន្ទាយមានជ័យ​ចុះ​ដកហូត​



បន្ទាយមានជ័យ ​៖ ​បន្ទាប់ពី​មាន​ការ​ចរាចរ ​​​ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ​ ប្រភេទ​១​ម៉ឺន​រៀល​ លើ​អាជីវករ​លក់​ប្រេង​ក្នុង​សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​រួចមក ​លោក​ហេង ទួង នាយក​សាខា​ធនាគារ​ជាតិ​កម្ពុជា​ ខេត្តបន្ទាយមានជ័យ ​បាន​ដឹកនាំ​មន្ត្រី្ត​ជំនាញ​ចុះ​ដកហូត​ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ​នោះ​ មក​រក្សា​ទុក​ និង​បាន​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​ក្រដាសប្រាក់​ពិត​ និង​ក្លែងក្លាយ​ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០១៦​។

លោក​ហេង ទួង ​នាយក​សាខា​ធនាគារ​ជាតិ​កម្ពុជា​ ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា ​មាន​ក្រដាស​ប្រាក់​រៀល ​ប្រភេទ​មួយ​ម៉ឺន​រៀល​ក្លែងក្លាយ​ចាយវាយ​ក្នុង​ខេត្ត​លោក​ក៏​បាន​ដឹកនាំ​​​មន្ត្រី​របស់​លោក​ចុះ​ត្រួត​ពិនិត្យ​ដល់​អាជីវករ​លក់​សាំង​ ឈ្មោះ​ ឡា​ភ្លាម​ឃើញ​ថា​លុយ​ក្រដាស​ប្រាក់​មួយ​ម៉ឺន​រៀល​១​សន្លឹក​ ដែល​ត្រូវ​គេ​បង្កប់​ជាមួយ​លុយ​មួយ​ម៉ឺន​រៀល​សុទ្ធ ​ក្នុង​ខ្ទាស់​១០​ម៉ឺន​ជា​លុយ​ក្លែងក្លាយ ​កូប​ពី​ វា​មាន​សណ្ឋាន​ស្ទើរ​ដូច​លុយ​ពិត។ ជាមួយគ្នា​នោះ​លោក​ក៏​បាន​សុំ​ដកហូត​ក្រដាស​ប្រាក់​មួយ​ម៉ឺន​រៀល​មក​រក្សាទុក​ និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​ការ​សង្ស័យ​លើ​ប្រាក់​រៀល​ ឬ​ក៏​ទទួល​បាន​ សូម​រាយការណ៍​មក​ធនាគារ​ជាតិ​ ដើម្បី​មន្ត្រី​ជំនាញ​យើង​ចុះ​ពិនិត្យ​ និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជក់​ថា​​ កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ អាជីវករ​លក់​សាំង ​នៅ​មុខ​ផ្សារ​អូរ​អំបិល​ ក្នុង​សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ម្នាក់​ឈ្មោះ ចែ ឡា បាន​ ទទួល​ក្រដាស​ប្រាក់​រៀល​ក្លែងក្លាយ ប្រភេទ​១​ម៉ឺន​រៀល​មួយ​សន្លឹក ដែល​ជាប់​នៅ​ក្នុង​ខ្ទាស់​លុយ​ប្រភេទ​ម៉ឺន​រៀល​ដូចគ្នា​ពី​អ្នកទិញ​ប្រេង​ដោយ​ពុំ​ដឹង​ថា ជា​​លុយ​របស់​អ្នក​ណាមួយ​នោះ​ទេ លុះ​រហូតដល់​ល្ងាច យក​លុយ​មក​រាប់​បូក​សរុប​ ក៏​ឃើញ​គួរ​ឲ្យ​សង្ស័យ ទើប​យក​សួរ​គេ ដឹង​ថា​ ​​ជា​លុយ​ក្លែងក្លាយ។

អាជីវករ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​គាត់​ទទួល​បាន​លុយ​ក្លែងក្លាយ ដោយ​ធ្លាប់តែ​ឮសូរ​អ្នកជិតខាង​និយាយ និង​ធ្លាប់​ទទួល​បាន​លុយ​ប្រភេទ​នេះ​កាលពី​ឆ្នាំទៅ ។ ចំពោះ​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាសប្រាក់​១​ម៉ឺន​រៀល​នេះ គាត់​នឹង​រក្សាទុក​មិន​ចាយវាយ​ទេ គ្រាន់​ទុកជា​គំរូ​សម្រាប់​ថ្ងៃក្រោយ។

សូម​បញ្ជាក់​ថា ជា​ញឹកញាប់​ក្រដាសប្រាក់​ក្លែងក្លាយ​ប្រភេទ​១​ម៉ឺន​រៀល តែង​ត្រូវ​បាន​ជនខិលខូច​បន្លំ​ចែកចាយ តាមរយៈ​កន្លែង​អាជីវករ​លក់​តូចតាច តាម​ផ្លូវ នៅ​ក្នុង​សង្កាត់​អូរ​អំបិល និង​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ដែល​ការ​ចែកចាយ​នេះ មិន​មាន​លក្ខណៈ​ធំដុំ​ជាច្រើន​សន្លឹក​ឡើយ គឺ​តែង​បន្លំ​ជាមួយ​ក្រដាសប្រាក់​សុទ្ធ​ប្រភេទ​ម៉ឺន​ដូចគ្នា ឬ​យក​ទិញ​នំ ដើម្បី​ឲ្យ​អ្នកលក់​នំ អាប់​ជា​លុយ​សុទ្ធ​ឲ្យ។ ការចែក​ចាយ​លុយ​នេះ គឺ​មាន​ស្ទើរ​រាល់​ឆ្នាំ ហើយ​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ឡើយ។

ជាមួយ​នឹង​ការ​ចរាចរ​ក្រដាសប្រាក់​ក្លែងក្លាយ​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដែល​ផលិត និង​ចរាចរ​ក្រដាសប្រាក់​ក្លែងក្លាយ​នេះ​៕
ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ​ ត្រូវ​បាន​ខាង​ធនាគារ​ជាតិ​កម្ពុជា​ សាខា​ខេត្ត​បន្ទាយមានជ័យ​ចុះ​ដកហូត​