នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ចុះ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ចុះ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​



ភ្នំពេញ ៖ លោក​អនុសេនីយ៍ឯក ​ទេព បូរ៉ា ​ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​លោក​មេភូមិ ​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ឲ្យ​​រួសរាន់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចំពោះ​អ្នក​ ដែល​ពុំ​ទាន់​បាន​មក​ធ្វើ​។​

លោក​មេ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ដែល​មិនទាន់​បាន​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ភាគ​ច្រើន​អ្នក​ទើប​គ្រប់​អាយុ​ត្រូវធ្វើ​ ដោយសារ​អាណាព្យាបាល​មិន​ដឹក​កូនចៅ​មក​ធ្វើ​ បើ​ទោះ​បី​ជា​នគរបាល​បាន​ធ្វើ​លិ​ខិត​អញ្ជើញ​ជូន​ដល់​ផ្ទះ​ក៏ដោយ​។ ដូច្នេះ​នគរបាល​ ត្រូវតែ​ចុះ​ផ្សព្វផ្សាយ ​ដោយ​ថែមទាំង​ដាក់​មេក្រូ​ស្រែក​ប្រកាស​តាម​ខ្នង​ផ្ទះ​ជា​រៀង​រាល់ថ្ងៃ​ ដើម្បី​ឲ្យ​ពួកគាត់​រួសរាន់​មក​ធ្វើ​អត្តសញ្ញាប័ណ្ណ​បាន​គ្រប់​ៗ​គ្នា​ ព្រោះ​អត្តសញ្ញាណប័ណ្ណ​មាន​សារសំខាន់​ណាស់​ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។​

លោក​អនុសេនីយ៍ឯក ទេព បូរ៉ា​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ផ្សព្វ​ផ្សាយ​នេះ ​ពុំ​មែន​តែ​តម្រូវ​ចំពោះ​អ្នក​ទើ​ប​គ្រប់​អាយុ​ប៉ុណ្ណោះ​ទេ​គឺ​ធ្វើ​ឡើង​ទាំង​អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព ​រួម​ទាំង​អ្នក​ដែល​មាន​ហើយ ​ប៉ុន្តែ​ត្រូវ​បាត់​ក៏​ត្រូវ​រួសរាន់​មក​ធ្វើ​ផង​ដែរ​។​

លោក​មេ​ប៉ុស្តិ៍​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២​ សូម​រួសរាន់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​គ្រប់ៗ​គ្នា​ ហើយ​ទីតាំង​ធ្វើ​ស្ថិត​នៅ​ក្នុង​វត្ត​ច្បារអំពៅ​តែម្តង​៕
​​