ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​សុំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ បង្កើត​ការងារ​ឲ្យ​ជន​ពិការ​ដែល​ច្រៀង​តាម​ផ្លូវ

នៅថ្ងៃទី០៧ ខែមិថុនា ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាបានស្នើសុំឲ្យស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍ យកជនពិការ ដែលប្រគុំតន្ត្រីតាមទីសាធារណៈធ្វើជាបុគ្គលិក។ ជាការស្នើសុំ ដើម្បីបញ្ឈប់សកម្មភាពជនពិការច្រៀងនៅតាមទីសាធារណៈ។ កន្លងមកសកម្មភាពច្រៀងនៅតាមទីសាធារណៈគឺជាសកម្មភាពចម្រូងចម្រាស់ មួយរវាងសាលារាជធានីភ្នំពេញ និងក្រុមជនពិការ។

ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​សុំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ បង្កើត​ការងារ​ឲ្យ​ជន​ពិការ​ដែល​ច្រៀង​តាម​ផ្លូវ

ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងកិច្ចប្រជុំជាមួយនឹងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៍ ទទួលយកជនពិការធ្វើការងារដូចជាធ្វើជាអ្នកសម្តែងសិល្បៈ ឬអ្នកចម្រៀងជាដើម។ ចំណែកជនពិការភ្នែកអាចធ្វើការងារនៅតាមស្ថានីយវិទ្យុបាន តាមរយៈការផ្តល់គំនិតក្នុងការសរសេរអត្ថបទផ្សេងៗ។ សំណើនេះត្រូវបានតំណាងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទទួលយកទៅពិចារណា។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានកត់សម្គាល់ថាប្រសិនបើវិស័យឯកជនអនុវត្តតាមគោលការណ៍ខាងលើនេះ អាចនឹងជួយកាត់បន្ថយការប្រគុំតន្ត្រីនៅតាមផ្លូវសាធារណៈបានមួយកម្រិត។ សម្រាប់ជំហានដំបូងលោក ឯម ច័ន្ទមករា បញ្ជាក់ថា ក្រុមប្រឹក្សាសកម្មភាពជនពិការរបស់លោកក៏ទទួលយកជនពិការ ដែលប្រគុំតន្ត្រីនៅតាមផ្លូវសាធារណៈមកធ្វើការងារជាមន្ត្រីនៅក្នុងក្រុមប្រឹក្សានេះមុនគេផងដែរ។

លោក ងិន សៅរ័ត្ន នាយកអង្គការជនពិការកម្ពុជាបានបញ្ជាក់ថា ប្រសិនបើស្ថាប័នរដ្ឋ និងឯកជនទទួលយកជនពិការ ដែលច្រៀងនៅតាមផ្លូវសាធារណៈទាំងអស់ ឲ្យពួកគាត់មានការងារធ្វើ ឬធ្វើជាអ្នកចម្រៀង នោះការច្រៀងនៅតាមផ្លូវនឹងលែងមានទៀតហើយ។ បើតាមលោក នាយកអង្គការជនពិការកម្ពុជារូបនេះ បានបញ្ជាក់ថាការបង្កើតតន្ត្រីយក្សរៀងរាល់៦ខែម្តង ឲ្យជនពិការប្រកួតប្រជែងគ្នា ឬសម្តែងសិល្បៈ ដើម្បីរៃអង្គាសថវិកា គឺជាជម្រើសមួយផងដែរ។

សូមបញ្ជាក់ថាកន្លងមកសាលារាជធានីភំ្នពេញធ្លាប់បានព្រមានលុបបំបាត់សកម្មភាពច្រៀងនៅតាមផ្លូវសាធារណៈ ដោយលើកហេតុផលថាសកម្មភាពទាំងនោះ បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រោយពីការប្រកាសនេះ សន្តិសុខក្រុងបានចាត់វិធានការប្រមូលសម្ភារៈរបស់ក្រុមតន្ត្រីជនពិការមួយចំនួន ដែលបន្តសកម្មភាពរបស់ខ្លួន។

បើតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ បានឲ្យដឹងថា មានជនពិការប្រមាណ ៣០១ពាន់ នាក់ក្នុងប្រទេសកម្ពុជា ដែលភាគច្រើនពួកគាត់ធ្លាក់ខ្លួនពិការ ដោយសារតែសំណល់គ្រឿងផ្ទុះពីសង្រ្គាម៕

ប្រភពៈ RFI