ចាប់​បាន​ហើយ ! ខ្មាន់កាំភ្លើង​បាញ់​គេ​នៅ​ផ្លូវ​រថភ្លើង

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​បាញ់​៣​គ្រាប់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ។

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ម្នាក់​នោះ​ឈ្មោះ ឆាង វ​ណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ប៉ូលិស​ក្រសួងមហាផ្ទៃ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០៤​មិថុនា បុរស​ម្នាក់​ឈ្មោះ​ សុខ ចិន អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដេប៉ូ​ឈើ ស្នាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​បាញ់​៣​គ្រាប់​បណ្តាល​ឲ្យ​រង​របួស​លើ​ជង្គង់​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ ៕