ជួប​ភ័យ​ជួបខ្លាច បែកធ្លាយ​រឿង​កាល​២​ឆ្នាំ

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា បាន​លួងលោម​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ​កាលពី​អំឡុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នៅ​លើ​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​ទួល​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ស៊ី​ណា ទាង​ឡេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ ជនជាតិ​ខ្មែរ ។

នគរបាល​ស្រុក​ស្អាង​បាន​ដកស្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក មិន​ចាំ​ថ្ងៃខែ ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ទៅ​មើល​ទូរទស្សន៍​នៅ​លើ​ផ្ទះ​ខ្លួន ពេល​ដល់​លើ​ផ្ទះ​ឈ្មោះ ទាង​ឡេ​ន បាន​ចាប់​ស្រាតខោ​ចង្កេះ​កៅស៊ូ​របស់​ជន​រង​គ្រោះ​ដល់​ត្រឹម​ភ្លៅ រួច​យកដៃ​ស្តាំ​ស្ទាប​ប្រដាប់​ភេទ បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​រំលោភ រហូត​បាន​សម្រេច ទើប​ឱ្យ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រំលង​បាន​ប្រហែល​៧​ថ្ងៃ វេលា​ម៉ោង​១១​ព្រឹក ជនសង្ស័យ​បាន​ជួប​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ងូតទឹក​ស្រះ​នៅ​ខាងជើង​ភូមិ​ប្រហែល​១០០​ម៉ែត្រ ពេល​នោះ​ជនសង្ស័យ​បាន​លូកដៃ​ស្ទាប​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​ម្ដងទៀត តែ​មិន​បាន​រំលោភ​ទេ ។

ប្រភព​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា តាំងពី​ពេល​នោះ​មក​ក្មេង​ស្រី​រង​គ្រោះ​ចេះ​តែ​ភ័យ​ហើយ​ខ្លាច​ៗ​ពេល​ជួប​ជនសង្ស័យ ធ្វើ​ឲ្យ​ម្តាយ​មានការ​សង្ស័យ​ក៏​សួរ​ដេញដោល រហូត​ដល់​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទើប​ក្មេង​ស្រី​រង​គ្រោះ​និយាយ​ការ​ពិត​ប្រាប់​ម្ដាយ​ទាំងអស់ ទើប​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​កាលពី​ព្រឹក​មិ​ញ ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៦ ប្តឹង​មក​នគរបាល​ពី​សកម្មភាព​របស់​ឈ្មោះ ស៊ី​ណា ទាង​ឡេ​ន រំលោភ​សេព​ស​ន្ថ​វះ​កូនស្រី​របស់​ខ្លួន ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ​បាន​ហៅ​ឈ្មោះ ទាង​ឡេ​ន មក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចំនួន​២​លើក​កាលពី​ឆ្នាំ​២០១៤​ពិតប្រាកដ​មែន ៕