ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ចោរលួច​ម៉ូតូ​ម្នាក់​ រហូតដល់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ចោរលួច​ម៉ូតូ​ម្នាក់​ រហូតដល់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​



ភ្នំពេញ ​៖​ បុរស​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ នាំគ្នា​ចាប់​វាយ​​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ក្នុង​ខណៈ​ពេល​ដែល​បុរស​ម្នាក់​នេះ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​គេ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​ចាប់​បាន​ ​រួច​ព្រួត​គ្នា​វាយ​នោះ។

ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​លេខ​៦០៨ ក្បែរ​រង្វង់​មូល​ទួលគោក ក្នុង​សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក។ ជនសង្ស័យ​ឈ្មោះ​យ៉ុ​ន ម៉ា​រ៉ា​ឌី ហៅ​ទី អាយុ ៣២ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​លេខ​២៨១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក បាន​រង​ការ​វាយដំ​ដោយ​ដុំឥដ្ឋ និង​ដំបង​ឈើ​ជ្រុង​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឈុន លី​ហុង អាយុ​២៥​ឆ្នាំ​មាន​មុខរបរ​ជាជាង​ធ្វើ​សា​ឡុង ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹងកក់​ទី​២។ មន្ត្រី​ប៉ូលិស​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ម៉ាក ហុង ដា​MSX ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-3933 នៅ​ក្នុង​បរិវេណ​ដី​ទំនេរ​មួយ កន្លែង​ក្បែរ​ផ្ទះ ស្ត្រី ជា​សង្សារ ក្នុង​ខណៈ​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់ បាន​ចុះ​ពី​ម៉ូតូ​បក្ខពួក​ខ្លួន​មក​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ នៅ​ពេល​លួច​បាន​សម្រេច និង​បម្រុង​ជិះ​ចេញ​នោះ ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ក្រឡេក​ឃើញ និង​បាន​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ ស្រប​ពេលនោះ​ប្រជាពលរដ្ឋ​ និង​ជនរងគ្រោះ​បាន ដេញ​ចាប់​ជនសង្ស័យ​បាន​នៅ​ចម្ងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ​ពី​កន្លែង ដែល​ជន​រង គ្រោះ​ទុក​ម៉ូតូ​ ហើយ​បាន​នាំគ្នា​ព្រួត​វាយដំ​រហូត​របួសធ្ងន់​ និង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រមាណ​ជាង​១០​ម៉ោង។

ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​កាត់ទោស​ប្រហារជីវិត​ខាង​លើ​នេះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ទួលគោក​ឲ្យ​ដឹង​ថា ជា​មុខសញ្ញា​លួច ទើប​ចេញពី​ពន្ធនាគារ និង​ធ្លាប់​ជាប់​ពន្ធនាគារ​៣​ដង​រួច​មក​ហើយ ក្នុង​សកម្មភាព​ដដែលៗ​នេះ៕