គម្រោង​សាងសង់​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​៤​ខ្សែ​បន្ថែម​ នៅ​ក្បាលថ្នល់​​

គម្រោង​សាងសង់​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​៤​ខ្សែ​បន្ថែម​ នៅ​ក្បាលថ្នល់​​



ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបនា ផ្លូវ​ក្រោម​ដី​ស្តុ​ប​កាណាឌីយ៉ា (BKC) និង​ពិនិត្យ​លទ្ធភាព​ចាប់ផ្តើម សាងសង់​ស្ពាន​អាកាស​ចំនួន​៤​ខ្សែ​បន្ថែម នៅ​ក្បាលថ្នល់ នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ចំ​ពោះ​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​ត្រូវតែ​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​ទោះ​បី​ជា​នៅ​មាន​បញ្ហា ដែល​ជា​ឧបសគ្គ​ស្មុគស្មាញ​មួយចំនួន​ក៏ដោយ ដោយ​ត្រូវ​ចាប់ផ្តើម​កន្លែង​ណា ​ដែល​មិន​មាន​ការ​ប៉ះពាល់​ជា​មុន​សិន។

លោក​បន្ត​ថា ចំណែក​ការសាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ស្តុ​ប​កាណាឌីយ៉ា​វិញ ក្រុមការងារ​បច្ចេកទេស​នឹង​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែម អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ។

មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយសារ​បញ្ហា​កក​ស្ទះ​ចរាចរ នៅតែ​កើតមាន នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​បន្ថែម​ទៀត ដើម្បី​កែ​លម្អ និង​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឲ្យ​កាន់​តែ​មាន​ភាព​រលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មានជ័យ​តែម្តង។​

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ មាន​ចំនួន​៤ គឺ​ទី​១.​សង់​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ឡើង​ភ្ជាប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ទី​២.​ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ ទី​៣.​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះមុនីវង្ស​បត់​ទៅ​នរោ​ត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី​៤.​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត​ពី​ចាក់​អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះមុនីវង្ស​តែម្តង។

មន្ត្រី​ដដែល​បន្ត​ថា ចំពោះ​ស្ពាន​អាកាស​ ដែល​ហោះ​ខាង​លើ​នេះ មាន​បណ្ដោយ​មិន​ស្មើគ្នា​នោះ​ទេ​គឺ​ចាប់ពី​២២០ ​ទៅ​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ ទៅ​៧​ម៉ែត្រ ចំណែក​ផ្លូវ​ក្រោម​ដី​មាន​បណ្តោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់ពី​ស្ថាបនា​រួច ការ​ធ្វើ​ចរាចរ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​មាន​ភាព​ប្រសើរ​ឡើង។

គួរ​រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ខួង​ធ្វើតេស្ត​ស្រទាប់​ដី នៅ​តំបន់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​បាន​មួយ​ជំហាន​ហើយ។ ប៉ុន្តែ​ទាក់ទិន​ទៅ​នឹង​គម្រោង​ស្ថាបនា​នោះ គឺ​ពុំ​មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ណា​ម្នាក់​អាច​បញ្ជាក់​ពី​ការ​ចាប់​ផ្ដើម​ពី​ពេលណា​នោះ​ទេ៕​

គម្រោង​សាងសង់​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​៤​ខ្សែ​បន្ថែម​ នៅ​ក្បាលថ្នល់​​