រវល់​ជាប់គុក​នៅ​ថៃ​គ្មាន​ប្រាក់​បង់​ធនាគារ ចោទ​ថា​អ្នក​ធានា​លួច​លក់​ដី

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្កាត់​ជួប​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​អម​ដោយ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​ទាមទារ​រក​យុត្តិធម៌​ចោទ​ថា​មាន​គេ​លួច​លក់​ដី និង​ផ្ទះ​ទៅ​ឲ្យ​អ្នក​ដទៃ ព្រោះតែ​គាត់​មិន​បាន​បង់ប្រាក់​តាម​ការ​កំណត់​ឲ្យ​ធនាគារ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​ខាងលើ​ឈ្មោះ ធុ​ច សុ​ផាត អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត​។ ជួប​ជាមួយ​លោក​អភិបាលខេត្ត​ក្រុង ស្ត្រី​ខាងលើ​រៀបរាប់​ថា​កាលពី​អំឡុង​ដើមឆ្នាំ​2013​គ្រួសារ​គាត់​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ហត្ថា​កសិករ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នូវ​ទឹកប្រាក់​ចំនួន ២៥០០​ដុល្លា​។ ស្ត្រី​ខាងលើ​បន្ត​ប្រាប់​អាជ្ញាធរ​ថា ដោយសារ​ឆ្នាំ​នោះ​មាន​បញ្ហា​គ្រោះ​ទឹកជំនន់​គាត់ និង​ប្តី​ជួប​ការ​ខ្វះខាត​ក៏​បាន​នាំ​គ្នា​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ ប៉ុន្តែ​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​កូន​បង់​ខាង​ធនាគារ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែ​ទី​០១​គឺ​ខែកុម្ភៈ​ដល់​ខែ​០៩ ឆ្នាំ​២០១៣​។

ស្ត្រី​ខាងលើ​បន្ត​ថា ដោយសារ​ក្នុង​ខែតុលា​ឆ្នាំ​ដដែល​ប្តី​គាត់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក​ហើយ​គាត់​ក៏​នៅ​ឯ​ប្រទេស​ថៃ គ្មាន​ប្រាក់​ផ្ញើ​ឲ្យ​កូន​បង់​ធនាគារ​ស្រាប់តែ​អ្នក​ធានា​គាត់​យក​ប្រាក់​ដែល​មាន​ប្តី​ឈ្មោះ សាន ឧត្តម អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ អន វ​ណ្ណា អាយុ​៥០​ឆ្នាំ លួច​លក់​ដី និង​ផ្តិត​មេដៃ​ជំនួស​គាត់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​ដែល​មានកូន​ក្នុង​បន្ទុក​រហូត​៦​នាក់ ជួប​នៅ​ការ​ខ្វះខាត​គ្មាន​ទីជម្រក​សុំ​ដី​គេ​រស់នៅ​យ៉ាង​វេទនា​។ ស្ត្រី​ខាងលើ​បាន​លើកដៃ​សំពះ​អាជ្ញាធរ​សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌​ហើយ​ថា​ករណី​ហ្នឹង​គាត់​ក៏​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​រួច​ទៅ​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៤ ប៉ុន្តែ​មិន​ទាន់​បាន​ទទួលលទ្ធផល​នៅឡើយ​ទេ​។ មិនតែប៉ុណ្ណោះ​គាត់​ថា​ដី​របស់​គាត់​ទំហំ​៣.៧​ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ ផ្ទះថ្ម​ក្រោម​ឈើ​លើ​មួយ​ខ្នង​ត្រូវ​បាន​គេ​លក់​ត​គ្នា​ពី​មួយ​ទៅ​មួយទៀត​ដោយ​គ្រួសារ​របស់​គាត់​មិន​បានដឹង​ឡើយ​។

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​ឈ្មោះ សាន ឧត្តម មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ប្រាប់​ថា ដំបូង​គ្រួសារ​ស្ត្រី​ខាងលើ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ហត្ថា​កសិករ សាខា​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​គ្រួសារ​របស់​គាត់​ជា​អ្នក​ធានា​។ បុរស​រូប​នេះ​បន្ត​ថា​គ្រួសារ​ខ្ចីប្រាក់​ធនាគារ​នេះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ប្រាក់​ទៀងទាត់​ដល់​ធនាគារ​ទេ មាន​ខែ​ខ្លះ​គ្មាន​ប្រាក់​បង់ ខាង​ធនាគារ​គេ​មក​ជួប​គាត់​ដោយ​សួរ​គាត់​ថា តើ​ក្នុង​នាម​ជា​អ្នក​ធានា​សុខចិត្ត​លក់​ផ្ទះ​ឬ​ដី​ខ្លួនឯង​បង់​ជំនួស​គេ​ឬ​ក៏​លក់​ដី និង​ផ្ទះ​គេ​(​អ្នក​ខ្ចីប្រាក់​)​បង់​ធនាគារ ? ជា​ការ​ឆ្លើយ​តប​ជាមួយ​ខាង​បុគ្គលិក​ធនាគារ​គាត់​ប្រាប់​ថា​ការ​ធានា​គេ​គ្រួសារ​គាត់​មិន​បាន​១០០​រៀល​អ្វី​ទេ បន្ទាប់​មក​ខាង​ធនាគារ​គេ​ក៏​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​សុំ​បិទ​ប្រកា​ស់លក់​ផ្ទះ និង​ដី​របស់​ស្ត្រី​ខាងលើ​ជា​បន្តបន្ទាប់​២​ទៅ​៣​ដង​។

បុរស​ដដែល​បន្ត​ថា គ្រួសារ​គាត់​មិន​បាន​លួច​លក់​ដី​និង​ផ្ទះ​ស្ត្រី​ខាងលើ​ទេ ហើយ​ថា​ផ្ទះ និង​ដី​របស់​ស្ត្រី​ខាងលើ​ខាង​ធនាគារ​ហត្ថ​កសិករ​គេ​ដាក់​លក់​ឡៃ​ឡុ​ង​ទៅ​ឲ្យ​គ្រួសារ​មួយ​ឈ្មោះ សៅ សំណាង ភេទ​ប្រុស ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត បន្ទាប់​មក​គ្រួសារ​អាជីវករ​លក់​មាស​នោះ​លក់​បន្ត​ទៅ​ឲ្យ​គ្រួសា​មួយទៀត​ដែល​មាន​ប្តី​ឈ្មោះ ម៉ា​ន់ ម៉ឺន អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ ជូ អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ក្នុង​តម្លៃ ៧.០០០​ដុល្លា​។ យ៉ាងណា​ក៏​ដោយ​ករណី​ខាងលើ​ពេល​ជួប​សម្ភាស​ជាមួយ​គ្រួសារ​ទិញ​ផ្ទះ និង​ដី​ចុង​ក្រោយ​នេះ​ប្រាប់​ថា​ភាគី​ពាក់ព័ន្ធ​រួម​មាន​អ្នក​ធានា និង​អ្នកទិញ​ទី​១ ព្រមទាំង​គាត់​ត្រូវ​បាន​តុលាការ​កោះហៅ​ជា​បន្តបន្ទាប់​ចំនួន​2​ដង​រួច​ហើយ​។

គ្រួសារ​ដដែល​នេះ​(​ម៉ា​ន់ ម៉ឺន និង សុខ ជូ​)​បន្ត​ថា​បាន​ពិគ្រោះគ្នា​ថាបើ​ស្ត្រី​ម្ចាស់​ដី​ព្រម​សង​ប្រាក់ ២១៥០​ដុល្លា មាន​ន័យ​ថា​ប្រាក់​ជំពាក់​ធនាគារ ១៨៥០​ដុល្លា និង​ប្រាក់​ឈ្មោះ សៅ សំណាង​ជា​អាជីវករ​លក់​មាសបង់​ធនាគារ​ជំនួស​២​ខែ​ស្មើនឹង ៣០០​ដុល្លា ។ សរុប​ទៅ​ឲ្យ​អ្នកទិញ​ទី​១​វិញ​គាត់​(​គ្រួសារ​ទិញ​ទី​២) សុខចិត្ត​ប្រគល់​ដី​និង​ផ្ទះ​ទៅ​ឲ្យ​គ្រួសារ​ម្ចាស់​ដើម​វិញ មិន​គិត​ពី​ការ​ខាង​បង់​ឡើយ​។ ករណី​ខាងលើ​ត្រូវ​បាន​លោក ហេង បូ​ផា​ន់ នាយក​សាខា​ធនាគារ​ហត្ថា​កសិករ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​លោក​ទើប​មក​កាន់​ការងារ​២​ឆ្នាំ​ប៉ុណ្ណោះ មិន​បានដឹង​រឿងរ៉ាវ​ហ្នឹង​ទេ​ត្រូវ​ទាក់ទង​អ្នកគ្រប់គ្រង​ចាស់​សិន​។

លោកនាយក​សាខា​រូប​នេះ​បន្ត​ថា​ជា​គោល​ការ​បើ​កូនបំណុល​មិន​បាន​បំពេញ​កត​ព្វ​កិច្ច​សង​ប្រាក់​១​ខែ​ឬ​២​ខែ​ខាង​ធនាគារ​មិន​យក​ទ្រព្យសម្បត្តិ​ទៅ​លក់​ឡៃ​ឡុ​ង​របស់​គេ​ទេ ប៉ុន្តែ​មិនដឹង​ថា​គ្រួសារ​ខាងលើ​ធ្វើ​ឯកសារ​លាយលក្ខណ៍អក្សរ​ជាមួយ​អ្នក​ធានា​យ៉ាងណា​នោះ​ដែរ ទើប​កើតរឿង​បែប​នេះ​ឡើង​។ បញ្ហា​ខាងលើ​ត្រូវ​បាន​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ប្រាប់​ស្ត្រី​រង​គ្រោះ​ថាបើ​វា​ស្ថិត​លើ​ដៃ​តុលាការ​ហើយ​អាជ្ញារ​ធរ​ពិបាក​បន្តិច​ប៉ុន្តែ​លោក​ថា​និង​រិះរក​វិធី​ដើម្បី​ជួយ​ដល់​គ្រួសារ​នេះ​ដើម្បី​ឲ្យ​ទទួល​បាន​ភាព​យុត្តិធម៌​៕