បុគ្គលិក​សណ្ឋាគារ​មួយ​នៅ​សៀមរាប​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៅកែ

រហូត​មក​ដល់​ពេល​នេះ រយៈពេល ៦​ខែ​ហើយ ដែល​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​កើត​មាន​ទំនាស់​ការងារ ហើយ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ។

ទំនាស់​ដែល​អូស​បន្លាយ​រយៈពេល​កន្លះ​ឆ្នាំ​មក​នេះ ដោយសារ​តែ​ថៅកែ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បាន​បញ្ឈប់​កម្មករ​ចំនួន ៧៧​នាក់​ពី​ការងារ រឿង​មិន​ឱ្យ​បង្កើត​សហជីព​នៅ​ក្នុង​កន្លែង​ការងារ។

អតីត​បុគ្គលិក​និង​កម្មករ​នៃ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ៦០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ថៅកែ​ម្ដង​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​មិថុនា បន្ទាប់ពី​ពួកគេ​បាន​ស្ងប់ស្ងាត់​ធ្វើ​កូដកម្ម​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។

ក្រុម​កម្មករ​បាន​ឈរ​ពី​ចំហៀង​ផ្នែក​ខាង​មុខ​នៃ​សណ្ឋាគារ ដោយ​ស្រែក​ទាមទារ​ឱ្យ​ថៅកែ​ទទួល​យក​កម្មករ ៦០​នាក់ ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ចាក់​បទ​ស្មូត និង​បទ​ភ្លេង​ក្លងខែក ដែល​គេ​តែង​ប្រើ​នៅ​ក្នុង​ពិធី​បុណ្យ​សព​ផង។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ដែល​ចូលរួម​ក្នុង​កូដកម្ម​នោះ គឺ​លោក ម៉ម រិទ្ធី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​មិថុនា ថា កាល​ពី​អំឡុង​ខែ​មករា គឺ​ម្ចាស់​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៧​នាក់​ពី​ការងារ ដោយសារ​តែ​បុគ្គលិក​ទាំង​នោះ​បង្កើត​សហជីព​នៅ​កន្លែង​ធ្វើ​ការ ហើយ​បុគ្គលិក​ជា​ច្រើន​នាក់​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ថៅកែ។ បន្ទាប់​មក​នៅ​ពេល​ដែល​តុលាការ​ខេត្ត​សៀមរាប ចេញ​ដីកា​រក្សា​ការពារ​ឱ្យ​កម្មករ​ផ្អាក​កូដកម្ម គឺ​ថៅកែ​ក៏​បាន​ឆ្លៀត​ឱកាស​បញ្ឈប់​បុគ្គលិក​ចំនួន ៦០​ទៀត ពី​ការងារ។

លោក ម៉ម រិទ្ធី បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ជួយ​សម្របសម្រួល​ឱ្យ​ថៅកែ​សណ្ឋាគារ​ដោះស្រាយ​ជាមួយ​កម្មករ​ឱ្យ​បាន​សមរម្យ ក៏ប៉ុន្តែ​លទ្ធផល​មិន​ទទួល​បាន​អ្វី​ទេ៖ «ពាក្យ​ថា​បញ្ចប់​រឿង​យើង​ត្រូវ​បញ្ចប់​ទាំង​អស់ ប៉ុន្តែ​យើង​ឃើញ​ថា ពី​មុន​សណ្ឋាគារ​ធ្លាប់​បង្ហាញ​សញ្ញា​នៅ​សាលា​ខេត្ត​ថា នឹង​គុណ​លុយ​ឱ្យ​ទៅ​អ្នក ១៧​នាក់ ដែល​គេ​បញ្ឈប់​ពី​ការងារ​មុន​គេ​នោះ»

​ក្រុម​កម្មករ​ដែល​ប្រមូល​គ្នា​ធ្វើ​កូដកម្ម​ពេល​នេះ បាន​ទាមទារ​ចំនួន ២​ចំណុច។ ទី​១ ឱ្យ​ថៅកែ​ត្រូវ​ទទួល​យក​កម្មករ​ចំនួន ៦០​នាក់ ចូល​ធ្វើ​ការ​វិញ និង​ទី​២ ឱ្យ​ថៅកែ​ត្រូវតែ​បង់​ប្រាក់​រំលឹក​ចាប់​ពី​ថ្ងៃ​បញ្ឈប់​រហូត​មក​ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ​មក​ឱ្យ​កម្មករ​ទាំង ៦០​នាក់។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់​ពី​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​បាន​បន្តិច​មក ក៏​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​មនុស្ស ១​ក្រុម ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ។

​មេធាវី​របស់​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មាន​ប្រសាសន៍​ថា រឿង​បញ្ឈប់​កម្មករ ៦០​នាក់​ពី​ការងារ គឺ​ម្ចាស់​សណ្ឋាគារ​បាន​ជួប​ចរចា​ជាមួយ​កម្មករ​ចំនួន ៣​លើក​មក​ហើយ នៅ​ក្នុង​ខែ​ឧសភា និង​ខែ​មិថុនា ហើយ​សហជីព​មិន​ទទួល​យក​ការ​ដោះស្រាយ​ដោយ​ទូទាត់​សំណង​ជូន​កម្មករ ៦០​នាក់​ទេ គឺ​ចង់​បាន​ទូទាត់​ឱ្យ ៧៧​នាក់ ប៉ុន្តែ​ភាគី​សណ្ឋាគារ​មិន​ទទួល​ដោះស្រាយ​ចំពោះ​កម្មករ ១៧​នាក់​នោះ​ទេ ពីព្រោះ​ភាគី​សណ្ឋាគារ​បាន​ប្ដឹង​ជំទាស់​រឿង​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​រួច​ហើយ។

លោក កៅ ស៊ូផា បញ្ជាក់​ថា ចំពោះ​រឿង​កម្មករ ៦០​នាក់ ដែល​បញ្ឈប់​ក្រោយ​ទៀត​សោត​គឺ​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ឱ្យ​ទទួល​យក​ចូល​ធ្វើ​ការ​វិញ តែ​ម្ចាស់​សណ្ឋាគារ​មិន​ទទួល​យក​សេចក្ដី​បង្គាប់​នោះ​ឡើយ៖ «និយាយ​ទៅ​រឿង​ក្រោយ​រឿង ៦០​នាក់ ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បង្គាប់​ឱ្យ​ទូទាត់​លុយ។ អ៊ីចឹង​នៅ​មុន​ពេល​ចូល​ឆ្នាំ​ ម្ចាស់​សណ្ឋាគារ​បាន​យល់ព្រម​ទូទាត់​ដើម្បី​បញ្ចប់​រឿង ប៉ុន្តែ​ខាង​កម្មករ​មិន​ព្រម​ទទួល​យក​ការ​ទូទាត់​ទេ»

​ក្នុង​ពេល​ដែល​ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា គេ​ឃើញ​មន្ត្រី​មន្ទីរ​ការងារ​ខ្លះ បាន​ទៅ​ឃ្លាំមើល​សកម្មភាព​ដែរ ក៏ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប លោក ច័ន្ទ សុខុមចិត្តា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ដោះស្រាយ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា៕