ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចាស់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន

ខេត្ត​បន្ទាយ​ជ័យ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​១.៩៩៣​គ្រាប់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​។ ជនសង្ស័យ​មានឈ្មោះ យួន ចាន់​ឌី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខ​របប​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ដែល​ជា​មុខសញ្ញា​ចាស់​។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​ឃាត់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​យ៉ា​ម៉ា​ចំនួន​១.៩៩៣​គ្រាប់​ )​និង​មធ្យោបាយ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ផលិត​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1G-5910 និង​ទូរស័ព្ទ​២​គ្រឿង​ដែល​ឃាត់​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នៅ​តាម​ដងផ្លូវ​ស្ថិត​ភូមិ​ក្តឹប​ថ្ម​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

លោក​ឧត្ត​សេនីយ៍​ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ករណី​ជួញដូ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ហៅ​យ៉ា​ម៉ា​ចំនួន​១.៩៩៣​គ្រាប់​)​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​គឺជា​មុខសញ្ញា​ចាស់​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​យោង​តាម​ចម្លើយ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាងសំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕