រដ្ឋ​សភា​បញ្ជាក់​ថា​មិន​អាច​ការពារ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៣​រូប

រដ្ឋសភា​បញ្ជាក់​ថា ពុំ​អាច​ការពារ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​​ចំនួន ៣​រូប​បាន​ទេ ដោយ​សំអាង​ថា អ្នក​​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់។

សេចក្ដី​ថ្លែងការណ៍​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ​អោយ​ដឹង​ថា រដ្ឋសភា​បាន​ទទួល​​ញត្តិ​របស់​អ្នក​តំណាងរាស្ត្រ​បក្សសង្រ្គោះជាតិ​ ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។ ញត្តិ​នោះ​ស្នើ​អោយ​ចាត់​វិធានការ​ការពារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ៣​រូប​ គឺ​លោក សម រង្ស៊ី លោក អ៊ុំ សំអាន និង​​លោក កឹម សុខា និង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ។

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា បាន​សម្រេច​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដោយ​សំអាង​ថា លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​បទបរិហាកេរ្តិ៍។ រី​ឯ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ បាន​ប្រព្រឹត្ត​ល្មើស​ចំនួន​៣ គឺ​បទ​ក្លែងបន្លំ​ឯកសារសាធារណ បទ​ប្រើប្រាស់​ឯកសារក្លែង និង​ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ចំណែក​លោក​ កឹម សុខា វិញ​បាន​ប្រព្រឹត្ត​បទ​ល្មើសជាក់ស្ដែង គឺ​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន។

គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋ​សភា​អះអាង​ថា រដ្ឋសភា​ជាង ៤​អាណត្តិ​មក​នេះ​អនុវត្ត​ការងារ​ត្រឹមត្រូវ ពុំ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា ឬ​ក្រោម​ឥទ្ធិពល​របស់​ស្ថាប័ន​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។