ឌុ​ច ភ្ញាក់ផ្អើល​ដែល​លោក នួន ជា ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៅ​មន្ទីរ​ស​-២១ និពន្ធដោយ : ខន ចំប៉ា       June-07-2016, 8:01 pm         248

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឌុ​ច ភ្ញាក់ផ្អើល​ដែល​លោក នួន ជា ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៅ​មន្ទីរ​ស​-២១​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង នៅ​ថ្ងៃទី​៧ ខែមិថុនា​នេះ បានផ្តល់​សក្ខីកម្ម ក្នុង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន នៅក្នុង​ប្រធានបទ​ទី​បួន​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ និង ការ​បោសសម្អាត​ផ្ទៃក្នុង ជាពិសេស​គឺពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ​ស​-២១ ។​

នៅ​ចំពោះ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កំពូល នៅថ្ងៃនេះ ឌុ​ច ត្រូវបាន​ព្រះរាជអាជ្ញារង​អន្តរជាតិ សាលី សាក់ ស្នើ​ឲ្យ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ជន​ជាប់ចោទ នួន ជា កាលពី​បួន​ឆ្នាំមុន ដែលថា​លោក​មិនដែល​ទទួលខុស​ត្រូវចំ​ពោះ​ដំណើរការ​នៅ​មន្ទីរ ស​-២១ នោះឡើយ អ្វីដែល​ឌុ​ច​បាន​ចោទប្រកាន់​មក​លោក​គឺជា​រឿង មិន​ពិតប្រាកដ និង​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​លោក នួន ជា​។ នួន ជា អះអាងថា​លោក​មិនដែល​បញ្ជា មិនដែល​បានទទួល​ឯកសារ​ពី​ឌុ​ចឡើយ ហើយ​លោក​ក៏​មិន​ដែលជា​មេដឹកនាំ​របស់​ឌុ​ច​ដែរ​។​

ជាការ​ឆ្លើយតប ឌុ​ច មានការ​ភ្ញាក់ផ្អើល​ដែល​ជនជាប់ចោទ លោក នួន​។ លោក ឌុ​ច បាន​ថ្លែង​យ៉ាងនេះ​ថា​៖«​ការបដិសេធ​របស់​ពូ នួន (​នួន ជា​) ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​។ ខ្ញុំ​មិន​ស្មានថា​ដល់​អីចឹង​សោះ​»​។ បើតាម លោក កាំ​ង ហ្កេ​ក​អ៊ា​វ មន្ទីរ​ស​-២១ ក៏ដូចជា​មន្ទីរ​នគរ​បាល​ទាំងអស់​នៅក្នុង​បក្សកុម្មុយនិស្ត​កម្ពុជា គឺ​ស្ថិតនៅក្រោម​ការដឹកនាំ និង​ការបញ្ជា​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​។

លោក បាន​រំ​ឮ​កថា លោក​ត្រូវបាន​គេ​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​មន្ទីរ​សន្តិសុខ​ភូមិភាគ​ពិសេស​ដែល​ស្ថិតនៅក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សាម​ជិ​ក​មជ្ឈិម​ម្នាក់ គឺ​វន វេត ដែលជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​មហាសន្និបាត​លើក​ទី​៤​របស់​បក្ស នា​ឆ្នាំ​១៩៧១ ។ «​គោលនយោបាយ​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​កម្ពុជា ថា​ខ្មាំង​ត្រូវតែ​កម្ទេច​» គឺជា​គោលនយោបាយ​បក្ស​ដែល​បានលើកឡើង​នៅក្នុង​មហាសន្និបាត​នោះ​។ នេះ​បើតាម​សាក្សី កាំ​ង ហ្កេ​ក​អ៊ា​វ​ដដែល ដែល​បន្ថែមថា​៖«​នៅក្នុង​បក្សកុម្មុយនិស្ត​កម្ពុជា នរណា​មិន​គោរព​បក្ស នរណា​ធ្វើ​ការងារ​ដោយ​គ្មាន​លេខា និង​អនុ​លេខា​បក្ស​សម្រេច​?  ដូច្នេះ​ការបដិសេធ​របស់​ពូ នួន គឺ​គ្មាន​ន័យ​ឡើយ​»​។ 

ទាក់ទង​នឹង​ការចូលរួម​ទូទៅ​របស់ នួន ជា ត្រូវបាន​ឌុ​ច​បញ្ជាក់ថា រចនាសម្ព័ន្ធ​ចាត់​តាំងរបស់​មជ្ឈិមបក្ស គឺ នួន ជា មាន​តួនាទី​ជា​អនុ​លេខាធិការ​មជ្ឈិមបក្ស​ផង និង​ជា​សមាជិក កា​រិ​យា  ល័យ​មជ្ឈិមបក្ស ឬ​ការិយាល័យ​៨៧០ ។ ការិយាល័យ ៨៧០​នេះ រួមមាន ប៉ុល ពត​, នួន ជា​, អៀង សារី​, សុន សេន​, វន វ៉េ​ត និង​ខៀវ សំផន​។ ឌុ​ច បន្ថែមថា បើទោះបីជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧ លោក​មិនបាន​ជួប​ដោយផ្ទាល់​ជាមួយ នួន ជា ក៏ដោយ តែ​តាមរយៈ សុន សេន មានការ​លើកឡើង​ពី​តួនាទី​របស់​គណៈ​មជ្ឈិម​ការិយាល័យ ៨៧០ និង​បញ្ជាក់ថា​មុន​នឹងធ្វើ​អ្វីមួយ សុន សេន ត្រូវ​ស្នើសុំ​យោបល់​ពី ប៉ុល ពត និង នួន ជា លេខា និង​អនុ​លេខា​បក្សកុម្មុយនិស្ត​ជាមុនសិន​។

ឌុ​ច​បាន​បញ្ជាក់ប្រាប់​អង្គជំនុំជម្រះ​ទៀតថា យោងតាម​ឯកសារ​បក្ស គេ​បាន​និយាយ​ពីរ​បប​ប្រធាន​ពីរ ដែល​ត្រូវ​ដឹង​ទាំងអស់គ្នា ប្រសិនបើ​មួយ​មិន​នៅ មួយទៀត​អាច​ចាត់ការ​បាន​។ សាក្សី​បាន​បញ្ជាក់ថា​ក្រោយពី​ថ្ងៃទី​១៥ សីហា ឆ្នាំ ១៩៧៧ នៅពេល​សុន សេន ទទួលបញ្ជា​ឱ្យទៅ​សមរភូមិ លោក​បានធ្វើ​ការងារ​ផ្ទាល់​ជាមួយ នួន ជា​។ ឌុ​ច​បាន​ថ្លែង ថា លោក នួន ជា បាន​ហៅ​លោក​ទៅ​ជួប​និង​បាន​ប្រាប់​លោក​ថា សុន សេន ត្រូវបាន​បញ្ជូន​ទៅកាន់​សមរភូមិ​ហើយ គឺ​ឌុ​ច​ត្រូវ​ធ្វើការ​ជាមួយ​គាត់​។ តាម​ឌុ​ច មន្ទីរ​ស​-២១ ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ទីរ​នគរបាល​មជ្ឈិម​ព្រោះ​មន្ទីរ​នេះ​ទទួលបាន​ការណែនាំ បញ្ជា​គណៈអចិន្ត្រៃយ៍​មជ្ឈិម​បក្ស ឬ​ការិយាល័យ​នយោបាយ​មជ្ឈិម​/​មន្ទីរ ៨៧០​។

​ទាក់ទង​នឹង​ការផ្តល់​សក្ខីកម្ម​របស់ ឌុ​ច ត្រូវបាន​លោក នេត្រ ភក្ត្រា បញ្ជាក់ថា​អង្គជំនុំជម្រះ​សាលាដំបូង​បាន​ត្រៀម​រយៈពេល​៩​ថ្ងៃ ដើម្បី​សាកសួរ​សាក្សី​រូបនេះ​។ នេះ​គឺជា​លើក​ទី​២ ហើយ ដែល ឌុ​ច ត្រូវបាន​បង្ហាញខ្លួន ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន​។ នៅ​អំឡុង​ខែ មីនា និង ខែមេសា ឆ្នាំ ២០១២ គឺជា​ការបង្ហាញ​ខ្លួន​លើក​ទី​១ ក្នុងនាម​ជា​សាក្សី​របស់​ឌុ​ច ក្នុង​សំណុំរឿង ០០២/០១ ។ កាំ​ង ហ្កេ​ក​អ៊ា​វ គឺជា​ជនជាប់ចោទ​ទី​១ ដែល​ត្រូវបាន​វិនិច្ឆ័យ​សេចក្តី​នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​។ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល  នៃ អ​.​វ​.​ត​.​ក បានសម្រេច​តម្កល់​ពិរុទ្ធភាព​របស់គាត់ សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ ១៩៤៩ ហើយ​បានសម្រេច​បង្កើន​ការផ្តន្ទាទោស​ឌុ​ច ដោយ​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។

ចាប់តាំងពី​ដំណើរការ​សវនាការ​លើ​សំណុំរឿង ០០២/០២ នៅ​ខែ តុលា ឆ្នាំ ២០១៤​មក អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន ៨៥ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣៩ រូប និង​អ្នកជំនាញ​ចំនួន ៣ រូប សម្រាប់​សវនាការ​ចំនួន ១៨៩ ថ្ងៃ​។ បន្ទាប់ពី​អង្គជំនុំជម្រះ​សាលាដំបូង​បញ្ចប់​សវនាការ​ស្តីពី​មន្ទីរ​សន្តិសុខ និង​ការ​បោសសម្អាត​ផ្ទៃក្នុង​រួចហើយ ប្រធានបទ​បន្ទាប់ (​ប្រធានបទ​ទី​ប្រាំ​) នៃ​សវនាការ  គឺពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពី​ការរៀប​ការ​ដោយ​បង្ខំ​នៅក្រោម​របប​ខ្មែរក្រហម​។ បន្ទាប់ពី​ចប់​ប្រធានបទ​ក្រោយនេះ​អ​.​វ​.​ត​.​ក នឹងធ្វើ​សវនាការ​ស្តីពី​ជម្លោះ​ប្រដាប់អាវុធ រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម និង​ក្រោយ​បំផុត នឹង​ងាក​មក​ផ្តោតលើ​តួនាទី​របស់ នួន ជា និង ខៀវ សំផន​។ អង្គជំនុំជម្រះ​រំពឹងថា សវនាការ​ពិភាក្សា​ដេញដោល​លើ​ភ័ស្តុតាង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ហើយ​សាលក្រម​នឹង​ប្រកាស​នៅក្នុង​ឆ្នាំ ២០១៧ ៕