កូរ៉េខាងត្បូង សារភាពថា​សមត្ថភាព​ខ្លួន​នៅមាន​កំណត់​ក្នុងការ​ការពារ​ការ​គំរាម​ពី​កូរ៉េខាងជើង និពន្ធដោយ : ទេព អ៊ីវិសាល       June-07-2016, 8:39 pm         236

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង សារភាពថា​សមត្ថភាព​ខ្លួន​នៅមាន​កំណត់​ក្នុងការ​ការពារ​ការ​គំរាម​ពី​កូរ៉េខាងជើង«​ក្មេង ការគិត​មិន​ទូលំទូលាយ និង​ធ្វើ​អ្វី​តាម​ការនឹកឃើញ​ដោយ​មិន​គិតពី​លទ្ធផល​»​។ នេះ​ជាការ​ពណ៌នា និង​វាយតម្លៃ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Han Minkoo លើ​ប្រធានាធិបតី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ។ 

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CNN លោក​រដ្ឋមន្ត្រី Han Minkoo បាន​អះអាងថា លោក គីម ជុង​អ៊ុន ទើបតែ​មាន​អាយុ ២៧ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​លោក បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​កូរ៉េខាងជើង​។ លោក សង្កត់ធ្ងន់ថា រួមផ្សំ​ជាមួយ​រយៈពេល​ខ្លី​ក្នុងការ​ត្រៀមលក្ខណៈ លោក គីម ជុង​អ៊ុន ពិតជា​នៅ​ក្មេង និង​ខ្វះ​បទពិសោធន៍​ទៀត​។​

​លោក Han ក៏បាន​លើក​ជាការ​ប្រៀបធៀប​ការដឹកនាំ​រវាង​លោក គីម ជុង​អ៊ុន និង​ឳ​ពុក​លោក គឺ​លោក គីម ជុងអ៊ីល ដូច្នេះ​ថា «​ប្រសិនបើ​អ្នក​ក្រឡេកមើល​ពី​ការដឹកនាំ​ប្រទេស​ឳ​ពុក​របស់គាត់ ក្នុង​រយៈពេល​១៨​ឆ្នាំ លោក គីម ជុងអ៊ីល បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ត្រឹមតែ​១៨​ដង​ប៉ុណ្ណោះ ខណៈ លោក គីម ជុង អ៊ុន ដឹកនាំ​ប្រទេស​ត្រឹមតែ​៤​ឆ្នាំ បាន​បាញ់​សាកល្បង​រហូតដល់​២៥​ដង​ឯណោះ​»​។

​បើទោះបីជា លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនោះ នៅតែ​ចាត់ទុក​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មិនទាន់​ដល់​កម្រិត​បច្ចេកវិទ្យា​ខ្ពស់​យ៉ាងណាក៏ដោយ លោក ទទួលស្គាល់ថា ការបាញ់​សាកល្បង​កន្លងមក របស់​កូរ៉េខាងជើង បានធ្វើ​ដោយ​ល្អឥតខ្ចោះ​។​

​ជាមួយគ្នានេះ លោក Han ដែល​បាន​បម្រើការ​ក្នុង​វិស័យ​ការពារជាតិ​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ​នោះ ក៏បាន​សារភាព​ដែរ​ថា សមត្ថភាព​ស្វ័យការពារ​របស់​កូរ៉េខាងត្បូង​នៅមាន កំណត់​នៅឡើយ​នោះទេ​ក្នុងការ​ការពារ​ពី​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ហើយ លោក បញ្ជាក់ថា មានតែ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក THAAD នោះទេ​ដែល​អាច​ទប់ទល់​បាន​។ ក្នុង​ភាសា​បច្ចេក ទេស​យោធា​ស្ថានភាព​ឧបទ្វីប​កូរ៉េ កំពុងស្ថិត​នៅក្នុង​សង្គ្រាម​នៅឡើយ​នោះទេ​។

​ខណៈពេលដែល​សហគម​ន៍​អន្តរជាតិ បាននិងកំពុង​តែ​អនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំង​កូរ៉េខាងជើង រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ថ្លែង​នាឱកាស​នៃ​សមាជ បក្ស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​៣៦​ឆ្នាំ​ថា នឹង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕