ចំណុច​វិជ្ជមាន​ដែល​ឳ​ពុក​ម្តាយ​គ្រប់រូប​គួរ​បង្រៀន​ដល់​កូនៗ​របស់ខ្លួន​

ចំណុច​វិជ្ជមាន​ដែល​ឳ​ពុក​ម្តាយ​គ្រប់រូប​គួរ​បង្រៀន​ដល់​កូនៗ​របស់ខ្លួន​

​កម្លាំង​នៃ​ការគិត​របស់​ពួកយើង​ម្នាក់ៗ ត្រូវបានគេទទួលស្គាល់​ជាច្រើន​សតវត្ស​មកហើយ ។ ក្នុងពេល បច្ចុប្បន្ននេះ យើង​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល អះអាងថា ទស្សនះ​នៃ​ការគិតជា​វិជ្ជមាន ត្រូវបាន ផ្សារភ្ជាប់​ទៅ​នឹង​មនុស្សជាតិ ប៉ុន្តែ យើង​នៅ​មិនទាន់ អនុវត្ត​វា​បាន​ទាំងស្រុង និង សម្រេចបាន​នូវ​អ្វី​ដែល​យើង​អាចធ្វើ​បាន នៅឡើយ​ទេ​។ យើង​ក៏​ត្រូវតែ ចាត់វិធានកា​រណ៍ ក្នុងការ​កណត់​អោយបាន​ថា ការសម្តែង​ចេញ​នូវ ភាព​ជា​វិជ្ជមាន គឺ​មិន​ត្រឹមតែ​អាច​ផ្លាស់ប្តូរ ចំពោះតែ ជីវិត​រស់នៅ​ផ្ទាល់ខ្លួន​របស់​ពួក យើង​ម្នាក់ៗ​នោះទេ  ប៉ុន្តែ​វា​ក៏​បាន​ជះឥទ្ធិពល​ផងដែរ ទៅកាន់​ពិភពលោក និង សង្គម​ដែល​យើង​កំពុង តែ​រស់នៅ ។ ហើយ​ជា​ដំណាក់កាល​ដំបូង​បំផុត​នោះ គឺ​យើង​ត្រូវ ធ្វើ​ការចាប់ផ្តើម បង្រៀន​កូនៗ​របស់​ពួក យើង អំពី​អត្ថប្រយោជន៍ របស់​ការ​គិត​ជា​វិជ្ជមាន​។ ទាំងនេះ គឺជា វិធី​ប៉ុន្មាន​យ៉ាង ដែល​អាច​ជួយ​ប្រាប់ អ្នក​បាន​ពី​យុទ្ធសាស្ត្រ ក្នុង​ការបណ្តុះ​នូវ​គំនិត​ជា​វិជ្ជមាន នៅក្នុង​ខ្លួន​របស់​កូនៗ​អ្នក ។​

១. សើច​អោយបាន​ច្រើន​
អ្នក​ត្រូវ​តែ​ប្រាប់ និង បង្ហាញ​កូនៗ​របស់​អ្នក អោយបាន​ដឹង​ថា គ្មាន​ថ្នាំ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង សំណើច នោះទេ​។ ប្រសិនបើ​អ្នក​ជា​មនុស្ស រញុំាំ​រញ៉ូវ​ច្រើន ហើយ​កូនៗ​របស់​អ្នក តែងតែ​ខ្លាច​អ្នក និង តែងតែ មានការ​ប្រុងប្រយ័ត្ន​ជានិច្ច នៅពេល​ដែល​អ្នក​នៅ​ជិត​ពូកគេ នោះ​អ្នកនឹង​ផ្តល់​ផល​អាក្រក់​ច្រើន ចំពោះ ពួកគេ​។  វា​ប្រាកដ​ហើយ​ថា អ្នក​ត្រូវ​តែ​បង្រៀន​ពួកគេ​នូវ ការ​បែងចែក​រវាង​ចំណុច​ល្អ និង អាក្រក់​នៅ ក្នុង​ជីវិត ប៉ុន្តែ​មិនមែន​ដោយ​ការប្រើ​វិធី​គម្រាមកំហែង​ពួកគេ ដូច​ជា​អ្នកទោស​នោះទេ​។ អ្នក​ត្រូវ​តែ​សើច អោយបាន​ច្រើន និង ធ្វើអោយ​ជីវិត​ក្រុម​គ្រូ​សារ​អ្នក ស្រស់បំព្រង​។ ធ្វើ​ដូចនេះ​កូនៗ​របស់​អ្នក នឹង បើក​ចិត្ត ទូលាយ​ចំពោះ​អ្នក និង ចែករំលែក​នូវ​រាល់​បញ្ហា​ផ្សេងៗ​របស់​ពួកគេ មកកាន់​អ្នក​។ ពួកគេ​នឹង មិន​លាក់ អាថ៌កំបាំង ដែល​អាច​នឹង​ធ្វើអោយ​អ្នក​បារម្ភ​ពី​គេ​នោះទេ​។  សំណើច អាច​ដោះស្រាយ​បញ្ហា ដែល​កូន របស់​អ្នក​ចាំបាច់​ត្រូវ រៀន​ពី​វា ។​

២. ត្រូវ​មាន​ភាព​សាទរ​នឹង​អ្វី​ដែល​សម្រេចបាន​
អ្នក​ត្រូវ​តែ​បង្ហាញ​នូវ ភាព​រីករាយ​ទៅនឹង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ បើ​ទោះ​ជា​អ្នក​ត្រូវ ធ្វើ​វា​ក្រោម​សម្ពាធ​អ្វី មួយ​ក៏ដោយ​។ កូន​របស់​អ្នក ត្រូវតែ​រៀន​ចង​ចាំ​ថា ការងារ​ដែល​ធ្វើ​ជាមួយ​នឹង​ភាព​សាទរ គឺ​នឹង​ត្រូវ សម្រេចបាន​ជោគជ័យ​ល្អ ។ ចំណុច​ផ្សេងៗ​ម្យ៉ាងទៀត គឺថា អ្នក​ត្រូវ​បង្រៀន​ពួកគេ ដោយ​មិន​ត្រូវអោយ រអ៊ូរទាំ​នឹង កិច្ចការ​ដែល​ពួកគេ​ត្រូវធ្វើ​ជា​បន្ត ដោយសារ​តែ​វា​នឹង​មិន​បាន ផលចំណេញ​វិញ​អ្វី​នោះ​ទេ ក្រៅតែពី​រំខាន​ពេលវេលា និង បំផ្លាញ​ការ​តាំងចិត្ត និង ភាព​អំណ​ត់របស់​យើង​ម្នាក់ៗ ។ ផ្ទុយ​មកវិញ ពួកគេ​ត្រូវ​ចងចាំ​ថា ការងារ​ត្រូវ​តែ​ធ្វើ ជាមួយនឹង​ការ​តាំងចិត្ត សាទរ ដើម្បី​អោយ​ពួកគេ ទទួលបាន​ជោគ ជ័យ និង ភាព​រីករាយ​មកវិញ ។​

៣. ត្រូវ​ចេះ​មាន​សុជីវធម៌​
កូនៗ​របស់​អ្នក នឹង​ធ្វើ​តាម​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ តាមរយៈ ការអង្កេត​របស់​ពួកគេ មក​លើ​អ្នក​។ ដូច្នេះ ខ្លួន​អ្នក​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​អ​កប្ប​កិរិយា​ផ្ទាល់ខ្លួន​របស់​អ្នក ជាមួយនឹង​មនុស្ស​ដែល​នៅ ជុំវិញខ្លួន​។ ត្រូវ​មាន​សុជីវធម៌ ជាមួយ​នឹង​អ្នក​រាល់គ្នា និង សម្តែង​នូវ​ការគោរព មិន​ថា ក្នុង​ចិត្ត​អ្នក ចូលចិត្ត ឬ មិន ចូលចិត្ត​ពួកគេ​ក៏ដោយ ។ ការគួរសម គឺជា​មេរៀន​ដ៏​សំខាន់ មួយ​ដែល​កូនៗ​របស់​អ្នក ត្រូវតែ​ត្រង ត្រាប់​តាម នៅក្នុង​វ័យក្មេង​ខ្ចី​របស់​ពួកគេ តាម​ដែល​វា​នឹង​ស្តែងចេញ​ជា​រៀងរហូត នូវ​របៀប​នៃ​ការរស់នៅ និង បែបបទ​នៃ​ការរីក​ធំធាត់​របស់​ពួកគេ ។​

៤. ផ្តោត​ទៅ​លើ​លក្ខណៈ​ឬ​ក​ពារ ជា​វិជ្ជមាន​របស់​បុគ្គល​ម្នាក់ៗ​
វា​គ្មាន​អ្វី​ដែល​គួរអោយ សង្ស័យ​នោះទេ​ថា នៅក្នុង​ជីវិត​អ្នក មាន​មនុស្ស​ដែល​អ្នក​ស្អប់ ឬ មិន​ពេញចិត្ត ប៉ុន្តែ​អ្នក​មិនត្រូវ សម្តែង​ចេញ​នូវ ភាព​ស្អប់ខ្ពើម​ទាំងនេះ ចំពោះមុខ​កូនៗ​របស់​អ្នក​នោះ​ទេ ។ អ្នក​ត្រូវ បង្រៀន​ពួកគេ អោយ​ចេះ​នូវ​ការគោរព និង​ផ្តោត​ទៅលើ​បុគ្គលិក​លក្ខណៈ​ជា​វិជ្ជមាន របស់​មនុស្ស​ម្នាក់ៗ មិន​ថា ពួកគេ​មាន​ចំណុច​មិន​សមរម្យ​ផ្សេង​ទៀត​នោះ​ឡើយ​។ វា​នឹង​ជួយ​បង្រៀន​ពួកគេ អោយ​ចេះ ផ្តល់​តម្លៃ​ចំពោះ បុគ្គល​ម្នាក់ៗ និង ទស្សនះ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគេ ។

៥. បង្ហាញ​នូវ​ក្តីស្រលាញ់​ចំពោះ​មនុស្ស​រាល់គ្នា​
ត្រូវ​បង្ហាញ​នូវ សេចក្តី​ស្រលាញ់​រាប់អាន អោយបាន​ច្រើន​។ បញ្ចេញ​នូវ​ទំហំ​នៃ​ការ​ស្រលាញ់​របស់​អ្នក ចំពោះ​ក្រុម​គ្រូ​សារ និង មិត្តភក្តិ ហើយ​ដូចនេះ កូនៗ​របស់​អ្នក នឹង​ចាប់​យក​នូវ បុគ្គលិកលក្ខណៈ​និស្ស័យ នេះ​ពី​អ្នក និង រៀន​ស្រលាញ់​មនុស្ស​ជុំវិញខ្លួន ដោយ​គ្មាន​លក្ខខណ្ឌ​។ កូន​របស់​អ្នក ត្រូវតែ​ដឹង​ថា គ្មាន កម្លាំង​ថាមពល​ណា ដែល​ខ្លាំង​អស្ចារ្យ ដូច​ជា​ក្តីស្រលាញ់​ពិតប្រាកដ​នោះ​ទេ ហើយ​នៅពេល​ដែល​អ្នក ចេះ​ផ្តល់​ក្តីស្រលាញ់ វា​នឹង​ត្រលប់​មក​រក​អ្នក​វិញ កាន់តែច្រើន ។ ចុងក្រោយ​នោះ​គឺថា ក្តីស្រលាញ់ គឺជា វិធី​ដ៏​ប្រសើរ ក្នុង​ការបណ្តុះ​នូវ​ភាព​ជា​វិជ្ជមាន នៅក្នុង​ខ្លួន​របស់​កូនៗ​អ្នក ។​
 
ដោយ​ការអនុវត្ត​តាម​នូវ វិធី​ដ៏​មាន​ប្រសិទ្ធិភាព​ខាងលើនេះ នោះ​អ្នកនឹង​អាច​ជួយ​កូនៗ​របស់​អ្នក អោយ រីក​ធំ​ធាត់ លូតលាស់​បានល្អ  និង ទទួលបាន​នូវ​សុភមង្គល​ពិតប្រាកដ ជាមួយនឹង​ទស្សនះវិជ្ជ​មាន ជា​រៀងរហូត​បាន នៅក្នុង​ជីវិត​របស់​ពួកគេ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។