សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​

សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ធ្លាប់​យក​ជីវិត​ធ្វើជា​ដើមទុន​ក្នុង​ការ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ និង​បាន​យក​ជីវិត​ធ្វើ​ដើម​ទុន​ដើម​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​បង្កើត​ឡើង​នូវ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​នោះ​ បាន ធ្វើការ​ប្តេជ្ញា​ចិត្ត​ជាថ្មីទៀត​ក្នុង​ការ​ ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​មានការ​លូតលាស់។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​បែបនេះ ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​អបអរ​ការ​ទទួលបាន​សហគ្រាស​ទី​១០០ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ៧ ខែ​មិថុនា។ សម្តេច បាន​ចាត់ទុក​សមិទ្ធផល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស និង សមិទ្ធផល​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ដែល​បាន​ផ្តល់​ការងារ​ឲ្យ​កម្មករ​កម្ពុ​ជាង ១ លាន​នាក់​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ​៖ “​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកដឹកនាំ​សំ ខាន់​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នា​ពេលនេះ និង នៅពេល​ក្រោយ​ទៀត​ខ្ញុំ​ប្តូរ​ផ្តាច់​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​មានការ​លូតលាស់ ជាង​នេះទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ “​ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ សម្តេច​នឹងមិន​អនុញ្ញាត​ឲ្យ ជន​ណា​ក៏ដោយ ទោះបី​អាសិរពិស​ប៉ុន្មាន​ក៏ដោយ​បំផ្លាញ​នូវ​សន្តិភាព​ដែល​យើង​រក​បាន​ទាំង​លំបាក អត់​អនុញ្ញាត​ទេ តម្លៃ​ណា​ក៏ដោយ​គឺ​បង់ថ្លៃ​ដើម្បី​ការពារ​សន្តិភាព បង់ថ្លៃ​ដើម្បី​ការ​អភិវឌ្ឍ បង់ថ្លៃ​សម្រាប់​ការ​រីកចម្រើន​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូបៗ​” ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ជា​សំណួរ​ទៅកាន់​បងប្អូន កម្មករ កម្មការិនី ប្រមាណ​ជាង ១០.០០០ នាក់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា ៖ “​តើ​ឲ្យ​ពូ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ធ្វើ​កិច្ចការ​នេះ​តទៅទៀត​ឬ​អត់ ? ទី​១-​ការស្វែងរក​សន្តិភាព​ដែល​ពូ​ត្រូវយក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​រំដោះ​ប្រ​ទេស ហើយក៏​យក​ជីវិត​ធ្វើ​ដើម​ទុន​ដើម​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​បង្កើតឡើង​នូវ​សន្តិភាព​សម្រាប់​ប្រទេស។ ប៉ុន្តែ​សន្តិភាព​តែមួយ វា​មិន​គ្រប់គ្រាន់​ទេ​យើង​ចាំបាច់​ត្រូវធ្វើ​ការអភិវឌ្ឍ​ប្រទេស ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ក៏ប៉ុន្តែ​បើ​គ្រាន់តែ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម វា​មិន​គ្រប់គ្រាន់​ទេ​យើង​ត្រូវ​ស្វែង​រក​គ្រប់​មុខព្រួញ​សេដ្ឋកិច្ច​ដែល​អាច​ធ្វើ​ទៅរួច។ មុខព្រួញ​សេដ្ឋកិច្ច​សំខាន់​របស់​ខេត្ត​ព្រះសីហនុ​គឺ​ឧស្សាហកម្ម និង សេវាកម្ម ដែល​ទាមទារ​នូវ​ការ​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​”។

សម្តេច​តេ​ជោ​បាន​បន្តថា​៖ “​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​ពូ​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​សំខាន់​នៅ​ក្នុង​បក្ស​ដែល​មាន សម្តេច ជា ស៊ីម ដែល​បានទទួល​មរណភាព​ទៅហើយ សម្តេច ហេង សំរិន ក៏ដូចជា​មេដឹកនាំ​ដទៃទៀត តើ​ពូ​ធ្វើ​នេះ​គឺ​វា​សមស្រប​ទៅ​បំណង​ប្រាថ្នា​របស់​ប្រជាជាតិ​កម្ពុជា​ឬទេ​? ក្នុង​ការ​បញ្ចប់​របប​ប៉ុលពត​ និង​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ហើយ​តើ​ពូ​ទាក់​ទាញ​យក​រោងចក្រ​ពី​ប្រទេស​ចិន​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅទីនេះ វា​ជាការ​ត្រឹមត្រូវ​ឬ​ជា​ការ​ខុស​” ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា សភាពការណ៍​កម្ពុជា​គឺមាន​បរិយាកាស​សប្បាយ​រីក រាយ កម្ពុជា​បច្ចុប្បន្ន​គ្មាន​វិបត្តិ​អ្វីមួយ​កើតឡើង​នោះ​ទេ អ្នក​ដែល​និយាយ​ពី​វិបត្តិ​គឺជា​រឿង​របស់​គេ​ទេ គេ​បង្កើត​តែ​ខ្លួន​គេ អាហ្នឹង​រឿង​របស់​គេ ខ្ញុំ​មិន​ទទួលខុសត្រូវ​ទេ ខ្ញុំ​ទទួលខុស​ត្រូវតែ​ទៅលើ​បញ្ហា​ទាំងឡាយ​ដែល​វា​ពាក់ព័ន្ធ​ទៅ​ការពារ​សន្តិភាព ការពារ​ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម​សន្តិសុខ ការពារ​នូវ​ការ​រីកចម្រើន និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន និង ដោះស្រាយ​ការ​លំបាក​របស់​ប្រជាជន ដូចជា​ការ​ជួយ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​នា​ពេល​កន្លងមក​ជាដើម។

សម្តេច​តេ​ជោ​បាន​បន្ត​ថា អ្វី​ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​របស់​យើង និង​ត្រូវ​ទទួល​បាន​ការ​អបអរ​សាទរ​និង​គាំទ្រ ហើយ​ខ្ញុំ​សង្ឃឹមថា កម្មករ កម្មការិនី ក៏ដូចជា​ជនរួមជាតិ​របស់​យើង នឹង បន្ត​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​បែបនេះ​តទៅទៀត​ជាជាង​មាន​ភាព​ចលាចល​កើតឡើង៕

សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​

សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​
សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​

សម្ដេច​តេ​ជោ​ ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាថ្មី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោ​បាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​