ឯកឧត្តម កឹម សុខា​៖​បើ​ឧបសគ្គ​កាន់តែ​ធំ ពលរដ្ឋ​រឹតតែ​យល់ច្បាស់​ហើយ​លះបង់​កាន់តែ​ខ្ពស់​ និពន្ធដោយ : រឿន ភារុន       June-07-2016, 9:39 pm         100

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឯកឧត្តម កឹម សុខា​៖​បើ​ឧបសគ្គ​កាន់តែ​ធំ ពលរដ្ឋ​រឹតតែ​យល់ច្បាស់​ហើយ​លះបង់​កាន់តែ​ខ្ពស់​​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ឯកឧត្តម កឹម សុខា ដែល​រុំ​ព័ទ្ធ​ដោយ​រឿង​ក្តីក្តាំ​តុលាការ ជឿជាក់ថា ប្រសិនបើ​ឧបសគ្គ​កាន់តែ​ធំ ប្រជាពលរដ្ឋ​នឹង​យល់​កាន់តែច្បាស់ ហើយនឹង​បង្ហាញ​នូវ​ការលះបង់​កាន់តែ​ខ្ពស់​ថែមទៀត​។ ឯកឧត្តម​បាន​ថ្លែង​សារ​ជា​សាធារណៈ​បែបនេះ ចំពោះមុខ​អ្នកគាំទ្រ​រាប់រយ​នាក់  ក្នុង​ពិធីសូត្រមន្ត និង​រាប់បាត្រ​ព្រះសង្ឃ​ជាង ២០០​អង្គ នៅ​ទីស្នាក់ការ​កណ្តាល​បក្ស នៅ​ថ្ងៃទី​៧ ខែមិថុនា​នេះ​។​

​ឯកឧត្តម កឹម សុខា បាន​ចេញមុខ​ថ្លែង​សារ​នយោបាយ​ជា​លើកដំបូង នៅ​ចំពោះមុខ​អ្នកគាំទ្រ ក្រោយពី​សមត្ថកិច្ច​ស្វែងរក​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែឧសភា កន្លងទៅ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ប្រកាន់​វប្បធម៌​អហិង្សា ដើម្បី​ទាមទារ​យុត្តិធម៌ សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​សម្រាប់​ពលរ​ដ្ឋ​កម្ពុជា​។​

​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​កំពុង​ជួប​បញ្ហា​នៅ​តុលាការ​រូបនេះ បន្ត​លើកទឹកចិត្ត​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ទាំងអស់​ឲ្យ​តស៊ូ​ទាមទារ​រក​យុត្តិធម៌ ហើយ​ការតស៊ូ​នោះ ចាំបាច់​ត្រូវតែមាន​ការលះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ទើប​អាច​ទទួលបាន​ជោគជ័យ ដែល​ឯកឧត្តម ចាត់ទុកថា វា​ជា​រឿង​ធម្មតា​នោះទេ ។ លោក​ថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជួប​បញ្ហា​កាន់តែ​ធំ អ្នកគាំទ្រ​នឹង​លះបង់​កាន់តែ​ខ្ពស់​។​

«​ជាការ​ធម្មតា​ទេ ការតស៊ូ​តែង​ចាំបាច់​ត្រូវការ​នូវ​ការលះបង់ ដូច្នេះ​ប្រសិនបើ​ឧបសគ្គ​កាន់តែ​ធំ ខ្ញុំ​ជឿថា ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​ហើយនឹង​បង្ហាញ​នូវ​ការលះបង់​កាន់តែ​ខ្ពស់​តទៅទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ ឯកឧត្តម កឹម សុខា​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ ក៏​ប្រាប់​សមាជិក សមាជិកា សកម្មជន និង​អ្នកគាំទ្រ CNRP តាមរយៈ​សារ​នយោបាយ​ប្រមាណ​តែ ៦ នាទី​ក្នុង​ពិធី​ដែល​ស្ថិតក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​របស់​បក្ស​ជាង ១០០​នាក់​នោះ​ថា បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ឆន្ទៈ​រឹងមាំ ក្នុង​ការតស៊ូ​ទាមទារ​រក​យុត្តិធម៌​ដោយ​អហិង្សា តាម​មាគ៌ា របស់​ព្រះពុទ្ធ​។​

​ក្រៅពីនេះ ឯកឧត្តម​បានដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំងប្រទេស ដែល​ផ្តួចផ្តើម​រៀបចំ​ពិធីរាបបាត្រ ក្នុង​គោលបំណង​បួងសួង​ឲ្យ​បុព្វបុរស​ខ្មែរ វត្ថុ​សក្តិ​ទាំងឡាយ​ជួយ​មាតុភូមិ​កម្ពុជា ប្រជាជន​ឲ្យ​ទទួលបាន​សុខ​ស​និ្ត​ភាព​។ ក្នុង​សំឡេង​ពោរពេញ​ដោយ​ថាមពល និង​ម៉ឺងម៉ាត់ ឯកឧត្តម កឹម សុខា បានបង្ហាញ​ឆន្ទៈ​យ៉ាង​ប្តូរផ្តាច់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំព្រះករុណាខ្ញុំ​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​ថេ​រា​នុ​ថេរ​គ្រប់​ព្រះអង្គ ក៏ដូចជា បងប្អូន​ជនរួមជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ បានធ្វើការ​សម្តែង​នូវ​ការតស៊ូ យ៉ាង​ប្តូរផ្តាច់ ទាមទារ​នូវ​សិទ្ធិសេរីភាព នូវ​យុត្តិធម៌ និង​ការពារ​ឆន្ទៈ​របស់​ពលរដ្ឋ ជាពិសេស​ទាមទារ​ការ​ពារ នូវ​អភ័យឯកសិទ្ធិ​របស់​ស​ភា​តំណាងរាស្ត្រ​យើងទាំងអស់គ្នា នេះ​»​។​

​បន្ថែម​លើសពីនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ ក៏​ទាមទារ​រក​យុត្តិធម៌​ផងដែរ​។ «​មាន​យុ​តិ្ត​ធម៌​ពិត គឺ​យុត្តិធម៌​សម្រាប់​ទាំងអស់​។ មាន​សេរីភាព​ពិត គឺ​សេរីភាព​សម្រាប់​ទាំងអស់គ្នា​។ ខ្មែរ​សុខ​ទាំងអស់គ្នា ខ្មែរ​ឈ្នះ​ទាំងអស់ គ្នា​»​។ នេះ​ជា​សារ​នយោបាយ​ចុងក្រោយ​របស់​ឯកឧត្តម កឹម សុខា មុន​ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ចន្ទ​នេះ​៕