ម៉ោង​៣​ទៀប​ភ្លឺ​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន

ម៉ោង​៣​ទៀប​ភ្លឺ​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន



កណ្តាល ៖ ជនសង្ស័យ​ពាក់​ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន​២​នាក់​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៦ ខណៈ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​២១​ក្នុង​ភូមិ​ថ្មី ​សង្កាត់​តាខ្មៅ។

លោក​វរសេនីយ៍ទោ ស៊ឹម ប៊ុត បណ្ឌិត​អធិការ​នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ​ជនល្មើស​០២​នាក់​គឺ​១-​ឈ្មោះ​ណុន ចាន់ណា​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ ​និង​ទី​២-​ឈ្មោះ​ផុន ដេ​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុ​តាង​ដកហូត​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ពណ៌ខ្មៅ ស៊េរី​២០១០ ស្លាក​លេខ ភ្នំពេញ​1AQ-9837 និង​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​តូច និង​ទូរស័ព្ទ​N​ចុច​ពិល​ចំនួន​១គ្រឿង​ពណ៌​ខៀវ។

លោក​អធិការ​បញ្ជាក់​ថា ​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី០៧ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​អន្តរាគមន៍​នគរបាល​ក្រុង​តាខ្មៅ​បាន​ចេញ​ល្បាត​ក៏​បាន​ឃើញ​ជនល្មើស​ទាំង​ពីរ​កំពុង​ជិះ​ម៉ូតូ​ដោយមាន​ការសង្ស័យ​ក៏បាន​សុំ​ធ្វើការ​ត្រួត​ពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​០៣​កញ្ចប់​ខាងលើ​តែម្តង។

តាម​ការសាកសួរ​ជនល្មើស​ទាំងពីរ​នាក់​បាន​សារភាព​ថា ថ្នាំញៀន​០៣​កញ្ចប់​ខាងលើ​ពួក​ខ្លួន​បាន​ទិញ​ពី​ម្តុំ​ឡឥដ្ឋ​ចាក់​អង្រែ​ក្រោម​ តម្លៃ​៤​ម៉ឺន​រៀល​ យក​ទុក​ដើម្បី​នាំគ្នា​ប្រើប្រាស់​តែ​មិនទាន់​ដល់​គោលដៅ​ផង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៕