រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ថា​ជា​ចោរ​ពេល​គេ​មើល​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ឡើង​លើ​ផ្ទះ​គេ​ដើរ​ចុះឡើង​គួរ​ឲ្យ​យ​សង្ស័យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​លេខ​១៤៩G  ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ចាប់​ជនសង្ស័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​បួន​ប្រាំ​នាក់​បាន​កំពុង​តែ​ដេញ​បុរស​ជា​ជនសង្ស័យ តែ​គេ​បាន​ប្រាប់​ថា​បាន​បាត់​ម្ដុំ​ផ្ទះ​ខាងលើ​លុះ​មក​ដល់​ជិត​ម៉ោង​កើតហេតុ​ស្រាប់តែ​ឃើញ​បុរស​ខាងលើ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​ផ្ទះ​កើតហេតុ​ខាងលើ​កំពុង​ដើរ​លឹប​លប​នៅ​លើ​ផ្ទះ​នោះ ។

តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​លួច​អ្វី​នោះ​ទេ​ហើយ​ក្រោយមក​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ​ខាងលើ​ក៏​បាន​ឡើង​ទៅ​ចាប់​បុរស​ដែល​ជា​ជនសង្ស័យ​នោះ​ចុះ​មក​ក្រោម ហើយ​ពេល​នោះ​ក៏​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​កំពុង​តែ​តាម​មក​ពីក្រោយ​នោះ​មក​ឃើញ​ជនសង្ស័យ​ដែល​ត្រូវ​គេ​ចាប់​បាន​នៅផ្ទះ​ខាងលើ ក៏​នាំ​គ្នា​វាយ​ជនសង្ស័យ ហើយ​ចោទ​ថា​ចោរ​ៗ​បម្រុង​លួច​ទ្រព្យសម្បត្តិ​របស់​គេ ពេល​ប្រជាពលរដ្ឋ​ឮ​ដូចនេះ​ក៏​នាំ​គ្នា​ព្រួត​វាយ​ជនសង្ស័យ​រហូត​ទ្រម​ខ្លួន ទើប​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​កាន់​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល ទួល​សង្កែ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុខ សំណាង អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ក្រោយ​ពេល​កើត​ហ​តុ​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​រង​ចាំ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕