ជំងឺ​រ៉ាំរ៉ៃ​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ផ្ទុះ​ឡើងវិញ​ហើយ

ជំងឺ​រ៉ាំរ៉ៃ​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ផ្ទុះ​ឡើងវិញ​ហើយ



សៀមរាប ៖ ក្រុម​បុគ្គលិក​បម្រើ​ការងារ​នៅ សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ប្រមាណ​ជាង​៥០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សណ្ឋាគារ ​ដោយ​តវ៉ា​ចាក់​មីក្រូ​បំពង​សំឡេង​បទ​ពិណពាទ្យ​ដើម្បី​ឲ្យថៅកែ​ចេញ​មក​ដោះស្រាយ​ តែ​ពុំ​មាន​លទ្ធផល​នោះទេ។

ហេតុការណ៍​តវ៉ា​នោះ ​​​គិត​មកដល់​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា នេះ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ ​ហើយ​​​​សណ្ឋាគារ​ខាងលើ​ ​​មាន​ទីតាំងនៅ​ខាងក្រោយ​ព្រះរាជដំណាក់ ក្រុង​សៀមរាប។ ការ​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​រហូត​ឈាន​ដល់ ចាក់​មីក្រូ​បំពង​សំឡេង​បទ​ហែ​ខ្មោច​នៅ​ក្នុង​សណ្ឋាគារ​មួយ​នេះ ​ក្រុម​សមត្ថកិច្ច​ដែល​នៅ​ការពារ​ក៏ដូចជា​តាមដាន​ឃ្លាំមើល​សកម្មភាព​និយាយ​ថា កូដកម្ម​នេះ​វា​ក្លាយទៅជា​ដំបៅ​មហារីក​ដែល​គ្មាន​ថ្នាំ​ព្យាបាល​ទៅ​ហើយ​។

នៅ​ក្រោម​ហេតុផល​នេះ​គឺ​ដោយសារ​តែ​ទ្វេភាគី​មិន​ព្រម​ងាក​មក​រក​តុ​ចរចា​រហើយ​ព្យាយាម​បន្ត​ធ្វើ​កូដកម្ម​ដដែល​ជា​ដដែល​ច្រើន​ខែ​ថ្ងៃ​មកហើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​នេះ​ទោះបី​ក្រុម​អ្នក​តវ៉ា​ចាក់​មីក្រូ​បទ​ហែ​ខ្មោច​លាន់ឮ​រំពង​យ៉ាងណា​ក៏​គេ​មិន​ឃើញ​មាន​អាជ្ញាធរ​​​​​ចុះ​មក​អន្តរាគមន៍​ ឬ​ ហាមឃាត់​អំពី​ទង្វើ​នោះ​ឡើយ​។ ផ្ទុយទៅវិញ​មានតែ​សមត្ថកិច្ច​ដែល​មាន​ឯកសណ្ឋាន​ស៊ីវិល​តាម​ឃ្លាំ​មើល​តែប៉ុណ្ណោះ​។ សូម​រំលឹក​ថា ថៅកែ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​និង​ស្ប៉ា​គឺ ជា​ជនជាតិ​បារាំង។

លោក​ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​បុគ្គលិក​ក្នុង​សណ្ឋាគារ​ធ្វើ​កូដកម្ម​អត់​ឈប់ឈរ​នេះ​ គឺ​ដោយ​សារ​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ​បន្ថែមចំនួន​៦០​នាក់​ទៀត​ បន្ទាប់ពី​បា​ន​ប​ញ្ឈប់​១៧​នាក់​ពីមុន​រួច​មក​ហើយ​។ អ្វី​ដែល​ពួកគេ​តវ៉ា​នេះ​គឺ​សុំ​ឲ្យ​ថៅកែ​ទទួលយក​ពួកគេ​ចំនួន​៦០​នាក់​ឲ្យ​បម្រើ​ការងារ​ក្នុង​សណ្ឋាគារ​វិញ​ ព្រមទាំង​បើក​ប្រាក់ខែ​ចាប់​តាំង​ពី​ថ្ងៃ​ប​ញ្ឈប់​រហូតដល់​ថ្ងៃ​ចូល​ធ្វើ​ការ​។

លោក​បន្ត​ថា ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​សណ្ឋាគារ​ខាងលើ​គឺ​តាំងពី​អំឡុង​ឆ្នាំ​២០១៥​មក​ម្ល៉េះ​កាលនោះ​ថៅកែ​បា​នប​ញ្ឈ​ប់​បុគ្គលិក​ចំនួន​១៧​នាក់​ ហើយ​អ្នក​ទាំងនោះ​ត្រូវ​តុលា​ការ​ចេញ​សាលក្រម​រក្សា​ការពារ​ប​ញ្ឈ​ប់​ការ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់​។ តែ​មកដល់​ថ្ងៃ​ទី​៧ ​ខែមករា ឆ្នាំ​២០១៦ ថៅកែ​បា​នប​ញ្ឈ​ប់​បុគ្គលិក​ចំនួន​៦០​នាក់​ បន្ថែម​ទៀត​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួកគាត់​ប្រមូល​គ្នា​ធ្វើ​កូដកម្ម​បែបនេះ។

លោក​ម៉ម រិទ្ធី ឲ្យ​ដឹង​ទៀតថា ក្រោយពី​មាន​ហេតុការណ៍​នេះ អាជ្ញាធរ ក្រុង​.​ខេត្ត បាន​កោះហៅ​ទ្វេភាគី ​ទៅ​ដោះស្រាយ​គ្នា​ជាច្រើនលើក​ផង​ដែរ ប៉ុន្តែ​ក្នុង​ជំនួប​នោះ មិន​មាន​ភាគី​ណា​យល់ព្រម​ដើម្បី​បញ្ចប់​បញ្ហា​នោះ​ទេ ​គឺ​សុទ្ធតែ​អះអាង​យក​ត្រូវ​រៀងខ្លួន​។
ចំពោះ​បញ្ហា​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សង្គម ក្នុង​ក្រុង​ទេសចរណ៍ លោក​ម៉ម រិទ្ធី បញ្ជាក់​ថា​ពិតជា​បាន​ដឹង​តែ​មិន​មាន​ជម្រើស ហើយ​ចាំបាច់​ត្រូវតែ​ធ្វើ។

នៅ​ក្នុង​ករណី​នេះ​លោក សូរ ប្លា​តុង អភិ​បាល​ក្រុង​សៀមរាប​បាន​ថ្លែង​ប្រាប់​ថា ​លោក​កំពុង​ជាប់​ប្រជុំ​ដូច្នេះ​ករណី​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ។

យ៉ាង​នេះ​ក្តី​ក្រុម​អ្នកឃ្លាំមើល​ករណី​នេះ​បាន​និយាយ​ថា ​ការ​ធ្វើ​កូដកម្ម​នេះ​វា​ក្លាយទៅជា​ដំបៅ​មហារីក​ដែល​គ្មាន​ថ្នាំ​ព្យាបាល​ ខ​ណៈ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ក៏​មិន​អាច​ដោះស្រាយ​បាន​នៅឡើយ៕

ជំងឺ​រ៉ាំរ៉ៃ​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ផ្ទុះ​ឡើងវិញ​ហើយ ជំងឺ​រ៉ាំរ៉ៃ​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ផ្ទុះ​ឡើងវិញ​ហើយ ជំងឺ​រ៉ាំរ៉ៃ​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​រី​សត​ផ្ទុះ​ឡើងវិញ​ហើយ