ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចំអកដោយមិនចេញឈ្មោះ ទៅកាន់អនុប្រធាន (សព្វថ្ងៃ​​ប្រធាន​ស្ដីទី) គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថាឲ្យ«ដេកស្រួល» នៅក្នុងបន្ទប់បួនម៉ែត្របួនជ្រុង តទៅ​ទៀត​ចុះ។ លោក​នាយករដ្ឋ​មន្ត្រី បាន​ថ្លែង​ដោយ​សំដីមាសថា ឲ្យលោក កឹម សុខា នៅដេកទៅ គ្មាននរណា​ទៅ​ថា​អ្វីទេ។
ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣។ (រូបថត Reuters)

«ឌឺដងចងជាជម្លោះ» តែបើតាមមើលទៅ មិនមែន​«ឈ្លោះព្រោះស្រឡាញ់» ដូចនៅក្នុង​ភាពយន្ដ​ខ្មែរ​មួយ​ចំនួន​នោះទេ។ ហើយនេះ គឺជាការឌឺដងផ្លែផ្កា​បញ្ឆិតបញ្ឆៀង​ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅ​អង្គុយ​ក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍មកហើយ ទៅកាន់«អ្នកខ្លះ» ដែលគេដឹងថា អ្នកខ្លះនោះ គឺជាលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​គណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង ជាយថាហេតុណាមួយ ពីសំណាក់អាជ្ញាធររដ្ឋ ដែលដឹកនាំដោយ​គណបក្ស​​ប្រជាជន​​កម្ពុជា។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ការបញ្ឆិតបញ្ឆៀងនោះ បានធានាឲ្យគេឯងដឹងថា លោកនាយករដ្ឋមន្ត្រី នឹងទុកឲ្យ​លោក កឹម សុខា នៅបន្តស្នាក់នៅ ក្នុងទីស្នាក់ការគណបក្ស ជាបន្តទៅទៀត ដោយលោកនឹង​មិនធ្វើអ្វី​ទាំង​អស់។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេក​(តទៅទៀត​ទៅ) មាន​នរណា​ថាអី»។

ថ្លែងនៅក្នុងការកាត់ឫសសីមាព្រះវិហារ នៃវត្តមឿងចារ្យលិខិតារាម ដែលស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន ទំនងជាចង់ចំអក ទៅការលើកឡើង​របស់លោក កឹម សុខា ដែលបានថ្លែងកាលពីមួយថ្ងៃមុន (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦) ថា​សភាពការណ៍បច្ចុប្បន្ន មានសភាពធម្មតា ហើយថាគណបក្សសង្គ្រោះជាតិរបស់លោក នឹងឈ្នះឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «អត់បញ្ហាទេ សភាពការណ៍នៅធម្មតា (ទេតើ)។ បើអញ្ចឹង នៅ​ដេក​ត្រង់ហ្នឹងទៅ បើគង់ថាស្រួលដដែល។ គេថាសភាពការណ៍អត់បញ្ហា អើបើអត់បញ្ហា កុំស្រែក បើគង់​ចាំ​ឈ្នះ​ដដែល ចាំឈ្នះតែម្តងទៅ កុំស្រែកខ្មាសគេ។»

លោក ហ៊ុន សែន បានបន្តចំអក ទៅឲ្យ«អ្នកខ្លះ»នោះទៀតថា៖ «អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជា​អង្គការ​ចាត់តាំង ជាក្រុមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការ​ចាត់តាំង​នោះ ក៏ការពារមនុស្សខូចទៀត ដើម្បីប្រឈមនិងផ្លូវច្បាប់»។

បុរសខ្លាំងកម្ពុជាបាន​ឆ្លៀតក្នុងឱកាសដដែល ដើម្បីព្រមាន​ទៅដល់គណបក្ស​សង្គ្រោះជាតិ​ទាំងមូល និងទៅ​ដល់​អង្គការមនុស្សធម៌មួយចំនួនផង ថាកុំឲ្យយកខ្លួនមកការពារ ទង្វើខុសច្បាប់របស់បុគ្គលម្នាក់ ឬពីរនាក់​នោះ។  លោកនាយករដ្ឋមន្ត្រី​បាន​ថ្លែ​ងថា៖ «អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំង​មនុស្សធម៌​មួយ​ចំនួន ក៏​មិនគួរ​ទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់ បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការ​ចាត់តាំង​នយោបាយ​មួយ តាមរយៈនៃការការពារអំពើខុសច្បាប់ របស់បុគ្គលណានោះទេ»។

លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មកពីប្រទេសកម្ពុជា បានថ្លែងពន្យល់ប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ថា​ការ​ឌឺដងបញ្ឆិតបញ្ឆៀង របស់លោក ហ៊ុន សែន នេះ អាចជាជំហ៊ានក្រោយមួយទៀត ដើម្បីឈានទៅបិត​គណបក្ស​សង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលឯករាជ្យណា ដែលមានជំហររឹងរួស មិនស្របនឹងនយោបាយ ឬ​ដឹង​ពី​ល្បិច​កិច្ចកល របស់រដ្ឋាភិបាលលោក។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជារូបនេះ បាន​អះអាង​ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់រឿងរ៉ាវមួយចំនួន ដែល(ត្រូវ)បានកើតឡើងថ្មីៗនេះ ដើម្បីរាំង​ខ្ទប់​ចរន្ដ​នយោបាយ​ណា ដែលមានសន្ទុះខ្លាំង ហើយអាចប្រលងប្រណាំងស្មើរកម្លាំង ជាមួយ​នឹង​លោក​បាន៕