នគរបាល​ស្រុក​ស្អាង​បញ្ជូន​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំញៀន​មកកាន់​តុលាការ

នគរបាល​ស្រុក​ស្អាង​បញ្ជូន​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំញៀន​មកកាន់​តុលាការ



កណ្តាល ៖ មុខសញ្ញា​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ជួញដូរ​(​ម៉ា​ទឹកកក​)​ចំនួន​១​នាក់ ​ដែល​នគរបាល​ស្រុក​ស្អាង​បាន​ឃាត់​កាលពី​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​នេះ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស។

លោក​វរសេនីយ៍ទោ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ង៉ែត ទ្រី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ​ក្នុង​ផ្ទះ​ជនសង្ស័យ​ចំណុច​ភូមិគរ​ ឃុំ​ក្រាំង​យ៉ូ​វ​។

ពេល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​រក​ឃើញ វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០៦​កញ្ចប់ (​ធំ​៣ តូច​៣) ទូរស័ព្ទ ០១​គ្រឿង ម៉ាក​ណូគារ​(​ចុច​ពិល​) ជញ្ជីង​ថ្លឹង​ចំនួន​១ និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន។

លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ០៦ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង ១៤និង៣០​នាទី​ក្រោយពេល​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ង៉ែត ទ្រី នៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​ហើយក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ​ឈ្មោះ​ង៉ែត​ ទ្រី ​បាន​សារភាព​ថា ​ខ្លួន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ខាងលើ​ពី​ឈ្មោះ អ៊ិត (​ភេទ​ទី​បី​) នៅ​ចាក់អង្រែលើ (​ភ្នំពេញ​) ចំនួន​៤០០​ដុល្លារ​ដើម្បី​ធ្វើការ​ជួញដូរ​ពិតប្រាកដ​មែន៕