ដោយសារពុករលួយដុះស្លែ ប៉ូលីសចររាចរណ៍ខេត្តបាត់ដំបង ផាកពិន័យមិនចេញវិក្កយបត្រ ទទួលពាក្យនិន្ទាពីមហាជន ថ្នាក់លើមើលមិនឃើញ

​ខេត្តបាត់ដំបង : រឿងរ៉ាវ​ដែល​មន្ត្រី​ចរាចរណ៍​ផាកពិន័យ​មិន​ចេញ​វិក្កយបត្រ បានធ្វើ​ឲ្យ​មតិ​ប្រជាពលរដ្ឋ​និន្ទា​រិះគន់ បើ​គិត​ត្រិ​ម​ថ្ងៃទី​៦ មិថុនា នេះ ជិត​មួយ​សប្ដាហ៍​ហើយ ដែល​ទទួល​បានការ​មាក​ងាយ​ពី​មហាជន​។​

​រម្លឹក​នៃ​ដើមរឿង​មន្ត្រី​ច​ចរាចរណ៍​ប្រចាំ​គោលដៅ​មួយកន្លែង បានធ្វើ​ឲ្យ​នារី​វ័យក្មេង​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ចំនួន​២​ លើក​ផ្ទូ​នៗ ព្រោះតែ​ការផាកពិន័យ​លើក​ទី​១ សមត្ថកិច្ច​មិន​ព្រម​ចេញ​វិក្កយបត្រ​បង់ប្រាក់​ឲ្យ​នាង ទើប​គោលដៅ​ទី​២ ចាប់​ផាកពិន័យ​ពួកនាង​ម្ដងទៀត ក្នុង​បទលហុ​មិន​ពាក់​មួយ​សុវត្ថិភាព​។​

​បើតាម​ប្រជាពលរដ្ឋ​និយាយថា នៅ​ល្ងាច​ថ្ងៃទី​៣១ ឧសភា កន្លងទៅ មាន​នារី​វ័យក្មេង​២​នាក់ ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ទេ ហើយក៏​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ដៃ ប្រាំបី ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ចាប់​ផាកពិន័យ​ក្នុង​ម្នាក់​១​ម៉ឺន​៥​ពាន់​រៀល តែ​មន្ត្រី​នោះ មិន​ព្រម​ចេញ​ប័ណ្ណ​ផាកពិន័យ​តាម​ការទាមទារ​បស់​ពួកនាង​ទេ ដោយ​និយាយថា ដល់​ម៉ោង​សម្រាក​ហើយ ហើយក៏​គ្មាន​សមត្ថកិច្ច​នៅតាម​គោលដៅ​ចាំ​ផាកពិន័យ​ទៀត​ដែរ​។​

​ពួកនាង​មិន​ប្រកែក​ទេ លុះ​ជិះ​ចេញ​ទៅដល់​ខាងមុខ​យោធភូមិភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ចរាចរណ៍​មួយក្រុម​ទៀត ចាប់​ផាកពិន័យ​ទាំង​២​នាក់ អស់​៣​ម៉ឺន​រៀល​មួយតង់​ទៀត ធ្វើឱ្យ​ពួកនាង​ឡាំប៉ា​តែម្ដង ។ នារី​វ័យក្មេង​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ស៊ុត ប្រាថ្នា នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។​

​បើតាម​សម្តី​របស់​នាង​ដែល​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នៅ​គោលដៅ​ទី​២​នេះ បាន​និយាយថា ពួកនាង​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ដៃ​ប្រាំបី (​គោលដៅ​ទី​១) ផាកពិន័យ​៣​ម៉ឺន​រៀល ដោយសារ​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ទាំង​២​នាក់ តែ​មន្ត្រី​នោះ​បង្គាប់​ឲ្យ​បង់​តែ​២​ម៉ឺន​រៀល ដោយ​មិនចាំបាច់​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់ ព្រោះ​ដល់​ម៉ោង​សំរាក​ហើយ​។ ប៉ុន្តែ​នាង​បានទាមទារ ព្រោះ​ខ្លាច​សមត្ថកិច្ច​នៅ​កន្លែង​ផ្សេង​ចាប់​ផាក​ទៀត តែ​មន្ត្រី​រូបនោះ​បញ្ជាក់ថា សមត្ថកិច្ច​ដក​អស់ហើយ​ព្រោះ​ដល់​ម៉ោង​សម្រាក​។ លុះ​ពេល​នាង​ជិះ​ឌុប​គ្នា​ទៅលេង​ព្រលានយន្តហោះ​វាល​បែក​ចាន ទៅដល់​ខាងមុខ​យោធភូមិភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ចរាចរណ៍​មួយក្រុម​ប្រចាំ​នៅ​ទីនោះ ចាប់​ផាកពិន័យ​អស់​៣​ម៉ឺន​រៀល​មួយតង់​ទៀត បើទោះជា​ពួកនាង​បញ្ជាក់​ប្រាប់ថា បាន​បង់​មុននេះ​មួយ​សារ​ហើយ​ក្ដី ប៉ុន្តែ​ការផាកពិន័យ​លើក​ទី​២ សមត្ថកិច្ច​ចេញ​ប័ណ្ណ​បង់ប្រាក់​ស្របច្បាប់​។​

​ពួកនាង​បាន​ហៅ​ទង្វើ​របស់​មន្ត្រី​ចរាចរ​ណ៏​ប្រចាំ​គោលដៅ​ខាងត្បូង រង្វង់​មូល​ដៃ​ប្រាំបី ដែល​ផាកពិន័យ​ពួកនាង​អស់​២​ម៉ឺន​រៀល​ថា ជា​ទង្វើ​បោកប្រាស​ពយ​កនាង​។ នាង​និយាយថា នាង​ទ​ទូល​នូវ​កំហុស​ដែល​នាង​ប្រ​ព្រិ​ត្ត​ខុសច្បាប់ តែ​មន្ត្រី​ច​រារ​ច​ណ៏​ដែល​យកលុយ​ពី​នាង​មិន​ព្រម​ចេញ​វិ​ក័យ​ប​ត្រ បង់ប្រាក់​មក​ឲ្យ​នាង ក៏ត្រូវ​ចេញមុខ​ទ​ទូល​កំហុស​នេះដែរ ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​មួយ​ភ្លែត​សោះ​២​លើក​ផ្ទូ ​នៗ​៕

ដោយសារពុករលួយដុះស្លែ ប៉ូលីសចររាចរណ៍ខេត្តបាត់ដំបង ផាកពិន័យមិនចេញវិក្កយបត្រ ទទួលពាក្យនិន្ទាពីមហាជន ថ្នាក់លើមើលមិនឃើញ