កម្ពុជា ទម្លាក់ក្រុមឆាយនីតៃប៉ិ ឡើងទៅជួបក្រុមខ្លាំងៗក្នុងវគ្គបន្តពាន AFC Asian Cup

ក្រុមជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុមឆាយនីសតៃប៉ិ តាមរយៈការយកឈ្នះ ២-០ ក្នុងការប្រកួតកាត់សេចក្តីក្នុងទឹកដីខ្លួនឯង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ដើម្បីទទួលបានឱកាសឡើងទៅប្រកួតនៅជុំទី៣ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជាមួយប្រទេសខ្លាំងផ្សេងៗទៀត។
khmer-ft8h00

សម្រាប់ការប្រកួត កាលពីម្សិលមិញ បានអ្នកចូលទស្សនាផ្ទាល់ ពេញពុហកីឡដ្ឋានជាតិ តែម្តង ហើយករណីផ្លោះរបងចូលទីកាន់ទីលានប្រកួត នៅតែកើតមានឡើង បើទោះបីជាមានការរឹតបណ្តឹងក៏ដោយ។ យ៉ាងណាក៏ដោយ ចំពោះការប្រកួតរវាងក្រុមជម្រើសរើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិ បានដំណើរការទៅយ៉ាងរលូន ដោយគ្មានការប៉ះទង្គិចគ្នា ដូចការប្រកួតជើងទី១ នៅលើទឹកដីឆាយនីសតៃប៉ិ នោះឡើយ។

ការទាមទារយកឈ្នះរៀងៗខ្លួន ខណៈការប្រកួតជើងទី១ បានត្រឹមស្មើគ្នា ២-២ នោះបានធ្វើឲ្យក្រុមទាំង២ ធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ ប៉ុន្តែក្រុមឆាយនីសតៃប៉ិ មិនអាចរកបានគ្រាប់បាល់នោះឡើយ។ ផ្ទុយទៅវិញ ការលើកបាល់ហ្រីឃីតយ៉ាងល្អរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានផ្តល់ឱកាសឲ្យ ហុង ផេង លោតតែតបាល់នោះបញ្ចូលទីយ៉ាងល្អបំផុត ដើម្បីជួបឲ្យកម្ពុជា នាំមុខ ១-០ នៅត្រឹមនាទីទី៦។

ចំណែកការរកបានគ្រាប់បាល់ទី២របស់កម្ពុជា ក៏បានផ្តើមចេញពី ចាន់ វឌ្ឍនាកា ដដែល គឺរូបគេបានអូសបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងលឿន តែត្រូវបានអ្នកចាំទីរបស់ក្រុមឆាយនីសតៃប៉ិ ធ្វើឲ្យដួល នាំឲ្យលោកជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យកម្ពុជា ហើយខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដែលទើបដាក់ឲ្យចូលលេងជំនួស ហួយ ផល្លីន ជាអ្នកធ្វើបានសម្រេច នៅនាទីទី៦០ ដោយរូបគេបានស៊ុតចំនួន២ដង ព្រោះការស៊ុតចូលលើកទី១ អាជ្ញាកណ្តាលមិនឲ្យ។

ការឈ្នះ ២-០ ក្នុងការប្រកួតកាត់សេចក្តីនេះ បានធ្វើឲ្យជួយឲ្យក្រុមកម្ពុជា ឡើងទៅប្រកួតជាមួយក្រុមឈរចាំនៅជុំទី៣ រួមមានក្រុមអាហ្វហ្គានីស្ថាន បារ៉ែន ហ្គាម ហុងកុង ស៊ូដង់ កៀហ្ស៊ីគីស្ថាន លីបង់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង អូម៉ង់ ប៉ាឡេស្ទីន ហ្វីលីពីន សិង្ហបុរី តួកម៉េនីស្ថាន និងវៀតណាម ព្រមជាមួយក្រុមចំនួន៧ទៀតដែលឡើងមកពីការប្រកួតវគ្គជម្រុះជាបឋមនេះដែរ សរុប២៤ក្រុម ហើយវគ្គនេះ នឹងត្រូវធ្វើការចាប់ឆ្នោត បន្ទាប់ពីការប្រកួតជម្រុះជាបឋមនេះបានបញ្ចប់៕