Man United ត្រៀមចុះហត្ថលេខាជាមួយ Bailly ពី Villarreal ក្នុងតម្លៃ៣០លានផោន

ខ្សែការពារកណ្តាល Eric Bailly របស់ក្លិប Villarreal នឹងត្រូវក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Manchester United។ Bailly នឹងត្រូវទទួលការត្រួតពិនិត្យសុខភាពនៅសប្តាហ៍នេះ ហើយលក្ខខណ្ឌផ្សេងៗ ត្រូវបានគេរំពឹងទុកថា នឹងឈានដល់ការយល់ព្រមជាមួយនឹងកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលនឹងធ្វើឲ្យក្រុមបិសាចក្រហមចំណាយប្រាក់៣០លានផោន (ស្មើនឹង៤៣,៦លានដុល្លារអាមេរិក)។
Man-united-ft16

រូបគេបានលេងការប្រកួត៤០លើកក្នុងក្របខ័ណ្ឌ La Liga ដោយការប្រកួត៥លើកក្នុងចំណោមនោះគឺជាការលេងឲ្យក្លិប Espanyol។ Bailly បានចូលរួមជាមួយនឹងក្លិប Villarreal ក្នុងតម្លៃខ្លួន៤,៤លានផោន កាលពីខែមករា ឆ្នាំ២០១៥ និងបានលេងរាល់ការប្រកួតទាំងអស់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិកូតឌីវ័រ បានឈ្នះពាន Africa Cup of Nations ត្រឹមតែរយៈពេល២ថ្ងៃក្រោយមក។

វាត្រូវបានគេគិតថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងក្លាយជាអ្នកដែលចុះហត្ថលេខាដំបូងគេជាមួយនឹងលោក Mourinho បើគិតចាប់តាំងពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលជំនួសតំណែងរបស់លោក Louis van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅ។

ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតវ័យ៣៤ឆ្នាំរូបនេះ គឺជាកីឡាករមិនជាប់កិច្ចសន្យាឡើយ (គ្មានតម្លៃខ្លួន) ក្រោយពីចាកចេញពីក្លិប Paris St-Germain និងបានបង្ហើបកាលពីចុងសប្តាហ៍មុនថា រូបគេនឹងប្រកាសពីអនាគតរបស់គេនៅថ្ងៃអង្គារ។

ប៉ុន្តែ រូបគេបានបដិសេធក្នុងការបញ្ជាក់ពីការពិតតាមរយៈការនិយាយថា៖ «វាមិនមានការប្រកាសអ្វីឡើយ។សូមរក្សាការឆ្ងល់។ ខ្ញុំកំពុងតែរីករាយជាមួយនឹងរឿងរ៉ាវរបស់ខ្ញុំ»៕

ប្រភពព័ត៌មាន៖ BBC