ឈរ​ចាំ​ជួប​សម្តេច​តេ​ជោ ប៉ុន្តែ​អត់​សំណាង​សោះ

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ មិថុនា ២០១៦ នៅ​មុខ​បេនឡាន​ផ្សារ​កំពង់ស្ពឺ មនុស្ស​មួយ​ក្រុម​ដែល​គេ​ដឹង​ថា ជា​ក្រុម​គ្រួសារ​បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​កំពង់ស្ពឺ​-​ភ្នំពេញ បាន​នាំ​គ្នា​មក​ឈរ​កាន់​បដា និង​រូបថត​សម្តេច​ក្នុង​គោលបំណង​ស្នើ​សុំ​ឱ្យ​សម្តេច​ជួយ​អន្តរាគមន៍​ផ្តល់​ភាព​យុត្តិធម៌​ដល់​គ្រួសារ​គាត់ និង​សុំ​ឱ្យ​មានការ​ដោះ​លែង​បុរស​ជាប់​សង្ស័យ​ដែល​រង​នូវ​ការ​ចោទ​ថា បាន​ធ្វើ​ឱ្យ​បាត់​លុយ និង​មាស​ច្រើន​សន្ធឹកសន្ធាប់​កាលពី​ពេល​កន្លង​ទៅ​។

ស្ត្រី​ម្នាក់​ឈ្មោះ ហេង សុខ​គៀង បានឱ្យ​ដឹង​ថា គាត់​ជា​ប្រពន្ធ​បុរស​ជាប់​សង្ស័យ​ឈ្មោះ ហួរ សុខ​ឡេ​ង រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន ដោយ​ចោទ​ថា ធ្វើ​ឱ្យ​បាត់​លុយ និង​មាស​ជា​បញ្ញើ​របស់​គេ​។ ស្ត្រី​ខាងលើ​បាន​រៀបរាប់​ថា ប្តី​របស់​គាត់​មិន​មាន​បំណង​ធ្វើ​ឱ្យ​បាត់​លុយ និង​មាស​របស់​គេ​ឡើយ​។ ប្តី​គាត់​គ្រាន់តែ​ជា​អ្នក​រត់​តាក់ស៊ី ហើយ​ទទួលបញ្ញើ​របស់​គេ ដើម្បី​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​(៣.៥០០​រៀល​ក្នុង​មួយ​ជើង​) យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ ជាង​នេះ​ទៅ​ទៀត​ប្តី​គាត់​មិន​បានដឹង​ថា ក្នុង​ឡាំង​បញ្ញើ​នោះ​មាន​លុយ និង​មាស​ច្រើន​សន្ធឹកសន្ធាប់​ឡើយ​។ ស្ត្រី​ខាងលើ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ពេល​នេះ​ប្តី​ត្រូវ​ជាប់គុក ហើយ​នៅ​ជំពាក់​ប្រាក់​ធនាគារ​ដែល​ចងការ​យក​មក​ទិញ​ឡាន​រត់​តាក់ស៊ី​ទៀត តទៅ​តើ​ឱ្យ​គាត់​រំពឹង​លើ​អ្វី បើ​ប្តី​ជាប់គុក​ទាំង​ភាព​អយុត្តិធម៌​បែប​នេះ0x017d7 សព្វថ្ងៃ​រំពឹង​តែ​លើ​ប្តី​រកស៊ី​ចិញ្ចឹម ថ្ងៃក្រោយ​តើ​មាន​អ្វី​ត្រូវ​រំពឹង​ទៀត?

អ្វី​ដែល​ពួក​គាត់ និង​ក្រុម​គ្រួសារ​រំពឹង​ថា នឹង​ទទួល​បាន​ភាព​យុត្តិធម៌​នោះ គឺ​មាន​តែ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៉ុណ្ណោះ ព្រោះថា មាន​តែ​សម្តេច​ទាំង​២​ទេ ទើប​អាច​ផ្តល់​នូវ​ពន្លឺយុត្តិធម៌​ដល់​គាត់ និង​ក្រុម​គ្រួ​សារបាន​។ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្នើ​សុំ​ដល់​សម្តេច​មេត្តា​ជួយ​អន្តរាគមន៍​ក្នុង​រឿង​ប្តី​របស់​គាត់​ផង ប្តី​របស់​គាត់​គ្មាន​បំណង​ធ្វើ​ឱ្យ​បាត់​ឡាំង​បញ្ញើ​នោះ​ដែរ ជា​ពិសេស​ប្តី​គាត់​មិន​បានដឹង​ថា ក្នុង​ឡាំង​នោះ​មាន​មាស និង​លុយ​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ឡើយ ព្រោះ​គិត​ថា ជា​ឥ​វ៉ា​ន់​ធម្មតា​។ បើ​ដឹង​ថា ក្នុង​ឡាំង​នោះ​មាន​លុយ និង​មាស​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ នោះ​ប្តី​គាត់​មិន​ធ្វេសប្រហែស​នោះ​ទេ​។

ស្ត្រី ហេង សុខ​គៀង បន្ត​ថា ប្តី​របស់​គាត់​ត្រូវ​សមត្ថកិច្ច​ផ្សារ​អូរ​ឬ​ស្សី​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ ពី​បទ​ធ្វើ​ឱ្យ​បាត់​ឥ​វ៉ា​ន់​មួយ​ឡាំង​ដែល​ផ្ញើ​ពី​កំពង់ស្ពឺ​ទៅ​ភ្នំពេញ​។ ស្ត្រី​ដដែល​បន្ត​ថា នៅ​ថ្ងៃ​នោះ​ប្តី​របស់​គាត់​បាន​ទទួល​ឥ​វ៉ា​ន់​មួយ​ឡាំង​ពី​ផ្សារ​កំពង់ស្ពឺ​ទៅ​ភ្នំពេញ លុះ​ទៅ​ដល់​បេនឡាន​ផ្សារ​អូរ​ឬ​ស្សី​គាត់​បាន​ទុក​ឡាន​ឱ្យ​ព្រូ​យាម ហើយ​គាត់ (​បុរស​សង្ស័យ​) បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ ដើម្បី​យក​ឥ​វ៉ា​ន់​មួយ​ចំនួន​ទៅ​ឱ្យ​ម៉ូយ ពេល​ត្រឡប់​មក​វិញ​មិន​បានឃើញ​ឥ​វ៉ា​ន់​មួយ​ឡាំង​នោះ​ទេ​។ គាត់​បាន​ទូរស័ព្ទ​ប្រាប់​ម្ចាស់​ឥ​វ៉ា​ន់​វិញ ឯ​ម្ចាស់​ឥ​វ៉ា​ន់​ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។​ឥឡូវ​ម្ចាស់​ឥ​វ៉ា​ន់​បាន​ប្តឹង​ថា ឥ​វ៉ា​ន់​មួយ​ឡាំង​នោះ​មាន​លុយ​២០.០០០​ដុល្លារ និង​មាស​៣៩​ដំឡឹង​។ ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទៀត​ថា តាម​រយៈ​ការ​សាកសួរ​ប្តី​គាត់ គឺ​ប្តី​របស់​គាត់​មិន​បានដឹង​ថា ក្នុង​ឡាំង​នោះ​មាន​អ្វី​នៅ​ក្នុង​នោះ​ទេ​។

ស្ត្រី ហេង សុខ​គៀង បាន​លើកដៃ​សុំ​ការ​សន្តោស​ប្រណី​ពី​សំណាក់​សម្តេច​ទាំង​២ សូម​មេត្តា​ជួយ​អន្តរាគមន៍ និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​គាត់​ផង ព្រោះ​មាន​តែ​សម្តេច​ទេ ដែល​ក្រុម​គ្រួសារ​គាត់​រំពឹង​ថា អាច​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​។

គួរ​បញ្ជាក់​ថា ក្រុម​គ្រួសារ​ខាងលើ​បាន​នាំ​គ្នា​មក​ឈរ​រង់ចាំ​ជួប​សម្តេច​ក្រោយ​ពេល​ដឹង​ថា សម្តេច​វិល​ត្រឡប់​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ហើយ​សម្តេច​ឆ្លៀតពេល​ចូល​ជួប​អាជីវករ​នៅ​ផ្សារ​កំពង់ស្ពឺ តែ​ត្រូវ​ខកខាន បន្ទាប់​ពី​សម្តេច​បន្តដំណើរ​ទៅ​កាន់​ក្រុងភ្នំពេញ មិន​បាន​ជួប​បងប្អូន​អាជីវករ​នៅ​ផ្សារ​កំពង់ស្ពឺ​ឡើយ​ ៕