អតីតប្រធានគុកទួលស្លែង ច្រានចោលការមិនទទួលខុសត្រូវរបស់ នួន ជា នៅមន្ទីរស-២១

ភ្នំពេញៈ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានច្រានចោលចំពោះការមិនទទួលខុសត្រូវនៅមន្ទីរស-២១ ដែលកន្លងមក លោក នួន ជា ធ្លាប់បានអះអាងថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១ គឺខុសទាំងស្រុង និងគ្មានន័យឡើយ។

អតីតប្រធានគុកទួលស្លែង ច្រានចោលការមិនទទួលខុសត្រូវរបស់ នួន ជា នៅមន្ទីរស-២១

ការច្រានចោលរបស់ ឌុច នេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៦ អំឡុងពេលផ្ដល់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២ ដែលគាត់ឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ សាលី សាក់ ដែលស្នើសុំឲ្យគាត់ឆ្លើយតបនឹងការលើកឡើងរបស់ជនជាប់ចោទ នួន ជា កាលពីបួនឆ្នាំមុនថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១ នោះឡើយ អ្វីដែល ឌុច បានចោទប្រកាន់មកលោក គឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់លោក នួន ជា។ នួន ជា អះអាងថា លោកមិនដែលបញ្ជា មិនដែលបានទទួលឯកសារពីឌុចឡើយ ហើយលោកក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។

ឆ្លើយតបចំពោះរឿងនេះ ឌុច បានថ្លែងថា «អ្វីដែលឌុចបានចោទប្រកាន់មកខ្ញុំ គឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលបញ្ជា ខ្ញុំមិនដែលបានទទួលឯកសារពីឌុចឡើយ ហើយខ្ញុំក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។ ការបដិសេធរបស់ពូនួន (នួន ជា) ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថា ដល់អីចឹងសោះ។ មន្ទីរស-២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំ និងការបញ្ជារបស់បក្សកុម្មុយនិស្តកម្ពុជា។ គោលនយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជាថា ខ្មាំងត្រូវតែកម្ទេច វាចេញនៅឆ្នាំ១៩៧១ នៅក្នុងមហាសន្និបាតលើកទី៤ របស់បក្ស។ នៅក្នុងមហាសន្និបាតនោះហើយដែលគេចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានមន្ទីរសន្តិសុខភូមិភាគពិសេស ដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់សាមជិកមជ្ឈិមម្នាក់ គឺ វន វេត ដែលជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស។ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា នរណាមិនគោរពបក្ស នរណាធ្វើការងារដោយគ្មានលេខា និងអនុលេខាបក្សសម្រេច? ដូច្នេះការបដិសេធរបស់ពូ នួន គឺគ្មានន័យឡើយ»

ទាក់ទងនឹងការចូលរួមទូទៅរបស់ នួន ជា ត្រូវបានអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បញ្ជាក់ថា រចនាសម្ព័ន្ធចាត់តាំងរបស់មជ្ឈិមបក្ស គឺ នួន ជា មានតួនាទីជាអនុលេខាធិការមជ្ឈិមបក្សផង ហើយជាសមាជិកការិយាល័យមជ្ឈិមបក្ស ឬការិយាល័យ៨៧០។ ការិយាល័យ ៨៧០ នេះ រួមមាន ប៉ុល ពត នួន ជា អៀង សារី សុន សេន វន វ៉េត និងខៀវ សំផន។ ឌុចបានបន្ថែមថា បើទោះបីជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ លោកមិនបានជួបដោយផ្ទាល់ជាមួយ នួន ជា ក៏ដោយ តែតាមរយៈ សុន សេន មានការលើកឡើងពីតួនាទីរបស់គណៈមជ្ឈិមការិយាល័យ៨៧០ និងបញ្ជាក់ថា មុននឹងធ្វើអ្វីមួយ សុន សេន ត្រូវស្នើសុំយោបល់ពី ប៉ុល ពត និង នួន ជា លេខា និងអនុលេខាបក្សកុម្មុយនិស្តជាមុនសិន។

ឌុច បានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា យោងតាមឯកសារបក្ស គេបាននិយាយពីរបបប្រធានពីរ ដែលត្រូវដឹងទាំងអស់គ្នា ប្រសិនបើមួយមិននៅ មួយទៀតអាចចាត់ការបាន។ សាក្សីបានបញ្ជាក់ថា ក្រោយពីថ្ងៃទី១៥ សីហា ឆ្នាំ១៩៧៧ នៅពេល សុន សេន ទទួលបញ្ជាឲ្យទៅសមរភូមិ លោកបានធ្វើការងារផ្ទាល់ជាមួយ នួន ជា។ ឌុចបានថ្លែងថា លោក នួន ជា បានហៅលោកទៅជួប និងបានប្រាប់លោកថា សុន សេន ត្រូវបានបញ្ជូនទៅកាន់សមរភូមិហើយ គឺឌុច ត្រូវធ្វើការជាមួយគាត់។ តាម ឌុច មន្ទីរស-២១ ត្រូវបានគេស្គាល់ថា ជាមន្ទីរនគរបាលមជ្ឈិម ព្រោះមន្ទីរនេះ ទទួលបានការណែនាំបញ្ជាគណៈអចិន្ត្រៃយ៍មជ្ឈិមបក្ស ឬការិយាល័យនយោបាយមជ្ឈិម/មន្ទីរ៨៧០។

ទាក់ទងនឹងការកោះហៅ ឌុច ឡើងមកផ្តល់សក្ខីកម្មនេះ ត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឲ្យដឹងថា ធ្វើឡើងក្នុងក្របខណ្ឌនៃការជំនុំជម្រះក្តីក្នុងសំណុំ រឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន នៅក្នុងប្រធានបទទី៤ ដែលទាក់ទងនឹងមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ជាពិសេស គឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូង បានត្រៀមរយៈពេល៩ថ្ងៃ ដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សី ក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខអ.វ.ត.ក។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។

ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ២០១៤មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៨៥រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩រូប និងអ្នកជំនាញចំនួន៣រូប សម្រាប់សវនាការចំនួន១៨៩ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទី៥) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។

អង្គជំនុំជម្រះ រំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាង នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧៕
អតីតប្រធានគុកទួលស្លែង ច្រានចោលការមិនទទួលខុសត្រូវរបស់ នួន ជា នៅមន្ទីរស-២១

ប្រភពៈ postnews.media